ខ្ញុំដឹងថាអ្នកកំពុងតែមានក្ដីសុខណាស់ពេលនេះ ព្រោះអ្នកបានបែកពីខ្ញុំទៅ បែកពីមនុស្សដែលអ្នកមិនបានតាំងចិត្តថាស្រឡាញ់ តែអ្នកភ្លេចគិតថា អ្នកបានបាត់បង់ មនុស្សដែលស្រឡាញ់អ្នកខ្លាំង មនុស្សបែបនេះ អ្នកមិនអាចរកបានងាយៗឡើយ។

ពេលនេះ ខ្ញុំកំពុងតែខូចចិត្តខ្លាំង ព្រោះតែខ្ញុំបាត់បង់អ្នក តែខ្ញុំជឿថាថ្ងៃណាមួយ ខ្ញុំប្រាកដជាសប្បាយចិត្តខ្លាំង ដែលខ្ញុំបានរួចផុតជីវិត ពីមនុស្សដែលមិនបានឱ្យតម្លៃខ្ញុំ ហើយខ្ញុំប្រាកដជាបានជួបមនុស្សម្នាក់ដែលល្អជាងអ្នករាប់រយដង បន្ទាប់ពីខ្ញុំ បានហែលឆ្លងនូវទុក្ខលំបាក និងការឈឺចាប់មួយនេះរួច។

អ្នកប្រហែលជាកំពុងតែ សប្បាយជាមួយនឹងអ្នកថ្មី ឬកំពុងតែស្វែងរកដៃគូថ្មីហើយ តែអ្នកប្រាកដចិត្តទេថា គេនឹងស្រឡាញ់ ហើយលះបង់ឱ្យអ្នកដូចខ្ញុំ។ សម្រាប់ទំនាក់ទំនងមួយនេះ ខ្ញុំជឿថា ខ្ញុំបានធ្វើជាដៃគូមួយដែលល្អបំផុតហើយ អ្វីដែលខ្ញុំចង់ធ្វើ់ដើម្បីទំនាក់ទំនងនេះ ខ្ញុំក៏ធ្វើរួចហើយ វាក៏អស់តួនាទីខ្ញុំដែរ នៅឡើយតែអ្នក សង្ឃឹមថា ការបោះបង់ខ្ញុំ និងអ្វីដែលអ្នកបានធ្វើឱ្យខ្ញុំឈឺចាប់ វានឹងមិនតាមចងកម្មពៀរជាមួយអ្នកទៅចុះ ព្រោះខ្ញុំយល់អារម្មណ៍នៃការឈឺចាប់មួយនេះ មិនចង់ឱ្យអ្នកជួបដូចខ្ញុំទេ។

ហើយនៅក្នុងពេលនេះ ជាមួយនឹងមេរៀនដែលអ្នកបានផ្ដល់ឱ្យខ្ញុំ ​​​​​​គឺពិតជាល្អណាស់ អរគុណ ដែលបានបង្រៀនឱ្យខ្ញុំស្គាល់ពីអ្វីទៅដែលហៅថា មារយាទសន្តានរបស់មនុស្ស អរគុណដែលធ្វើឱ្យខ្ញុំ យល់ដឹង និងឆ្លាតជាងមុន ហើយខ្ញុំក៏រឹងមាំជាងមុនដែរ មិនមែនមនុស្សដែលអ្នកធ្លាប់ធ្វើបាបចិត្តពីមុននោះឡើយ។

ខ្ញុំដឹងថា ជីវិតមនុស្ស តែងជួបព្យុះភ្លៀងបែបហ្នឹងហើយ ដូចនេះ ថ្ងៃក្រោយ មេឃនឹងស្រឡះ ជីវិតខ្ញុំនឹងបានភ្លឺថ្លា គឺភ្លឺថ្លា ដែលមិនមានពពកស្រអាប់ ខ្មៅខ្មួលដូចជាអ្នក៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]