ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋចំនួន៧គ្រួសារនៅក្រុងព្រៃវែងបានអះអាងថា «ពួកគាត់បានចាញ់បោកអ្នកគ្រូបង្រៀនម្នាក់ អស់ប្រាក់ម្នាក់ៗរាប់ពាន់ដុល្លារ ដោយអ្នកគ្រូម្នាក់នោះថា អាចរត់ការជួយឱ្យចូលធ្វើជាប៉ូលិសបាន តែការពិតជាការបោកប្រាស់សោះ» ។ ពលរដ្ឋបន្តថា អ្នកគ្រូឆបោកម្នាក់នោះ បោកពួកគាត់យកប្រាក់ម្នាក់ៗអស់រាប់ពាន់ដុល្លារ ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីជាប់ចោទរូបនោះ ឈ្មោះធឿន ចន្នី ជាគ្រូបង្រៀននៅក្នុងសាលាបឋមសិក្សាបុញ្ញខេត្ថារាម ហៅសាលាវត្តថ្មី ដែលស្ថិតនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ។ គួររំលឹកថា កាលពីឆ្នាំ២០១៤ អ្នកគ្រូធឿន ចន្នី បានមកអួតប្រាប់ពួកគាត់ នៅតូបលក់នំបញ្ចុកថា គាត់មានខ្សែធំស្គាល់មន្ត្រីធំៗច្រើន បើអ្នកណាចង់អោយកូនចូលធ្វើប៉ូលីស មកតាមរយៈគាត់(អ្នកគ្រូ) អស់លុយតែ៤ទៅ៥ពាន់ដុល្លារ គឺនិងបានចូលធ្វើប៉ូលីសដោយស្វ័យប្រវត្ត ហើយគាត់ធានាអោយ១០០លើ១ពាន់ ដឹងតែបានធ្វើ ។ ដោយសារតែឃើញគេហ៊ានអួតក្តែងៗបែបនេះ ថែមទាំងដឹងថា គាត់ជាអ្នកគ្រួមានប្តីធ្វើការនៅសាលាខេត្ត និងមានខ្សែស្រឡាយអ្នកធំផង ទើបពួកគាត់បាក់ជឿ ។
គាត់ថា ពួកគាត់ម្នាក់បានយកលុយឱ្យអ្នកគ្រូ អ្នកខ្លះអស់៤ពាន់ដុល្លារ ខ្លះ៥ពាន់ ខ្លះ៦ពាន់ សរុបគ្នា១០នាក់អោយអ្នកគ្រូជិត៣ម៉ឺនដុល្លារ ស្រាប់តែមកដល់ឆ្នាំ២០១៦ ពេលដែលចេញលទ្ធផលឈ្មោះបេក្ខជនជាប់ បែរជាគ្មានឈ្មោះកូនៗពួកគាត់សោះ សូម្បីតែម្នាក់ ។ ដោយដឹងច្បាស់ថា មិនបានជាប់ធ្វើប៉ូលិសហើយ ពួកគាត់ក៏នាំគ្នាទៅទារលុយពីអ្នកគ្រូវិញ តែអ្នកគ្រូប្រាប់ថា «អត់មានលុយ ហើយសងម្តងបន្តិចៗ អ្នកខ្លះ៥ពាន់ សងបាន៥០០ ខ្លះ៤ពាន់សងបាន១ពាន់ ខ្លះ៦ពាន់សងបាន២ពាន់ ចុងក្រោយស្រាប់តែគេចវេសលែងសង ទើបនៅដើមឆ្នាំ២០១៨ ពួកគាត់សំរេចចិត្តនាំគ្នាដាក់ពាក្យប្តឹងនៅស្នងការខេត្ត ហើយសំណុំរឿងក៏ត្រូវបានបញ្ជូនទៅដល់តុលាការខេត្ត នៅថ្ងៃទី១៤មិថុនា២០១៨ ។
បន្ទាប់ពីនោះ ខាងតុលាការធ្លាប់បានកោះហៅពួកគាត់ ជាជនរងគ្រោះបានចំនួន២ដង រួចក៏បាត់ស្ងាត់ឈឹងរហូតដល់បច្ចុប្បន្ននេះ ដោយមិនដឹងថាលោកតុលាការដោះស្រាយយ៉ាងម៉េចហើយទេ ដឹងត្រឹមតែថា ខាងអ្នកគ្រូមិនព្រមសងលុយពួកគាត់វិញសោះ ទើបពួកគាត់អំពាវនាវតាមរយៈកោះសន្តិភាព សូមអោយស្ថាប័នពាក់ពន្ធ័គ្រប់ជាន់ថ្នាក់ ជាពិសេសខាងតុលាការ សូមជួយរកយុត្តិធម៌អោយពួកគាត់ផង ពួកគាត់មិនចង់បានអ្វីទេ គ្រាន់តែចង់បានលុយរបស់ពួកគាត់នោះមកវិញតែប៉ុណ្ណោះ។
ចំពោះរឿងរ៉ាវខាងលើនេះ លោក ញ៉ឹក រ៉ានី អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែងឱ្យអោយដឹងតាមទូរ
ស័ព្ទ កាលពីរសៀលថ្ងៃទី៤ មីនា ថា លោកនិងទាក់ទងសួរទៅខាងក្រឡាបញ្ជី និងចៅក្រម តើសំណុំរឿងនេះដំណើរការដល់ណាហើយ ហើយលោកនិងជំរុញចាត់ការរឿងនេះអោយឆាប់បំផុត ប៉ុន្តែបើយល់ល្អ បងប្អូនជនរងគ្រោះទាំងអស់ គួរតែមកជួបលោកនៅសាលាដំបូងខេត្តសិន ងាយស្រួលលោកជួយដោះស្រាយ។
ចំណែកអ្នកគ្រូ ធឿន ចន្នី ដែលរងនូវការចោទប្រកាន់នេះបានប្រាប់កោះសន្តិភាពតាមទូរសព្ទ័ កាលពីរសៀលថ្ងៃទី៤ មីនា ដែរថា «អ្នកគ្រូពិតជាបានធានា និងយកលុយពីពលរដ្ឋទាំង៧គ្រួសារនោះមែន សំរាប់ការរត់ការចូលធ្វើប៉ូលិស ហើយមិនមែនមានតែពួកគាត់ប៉ុណ្ណឹងនាក់នោះទេ ក៏មានអ្នកផ្សេងៗទៀតជាច្រើននាក់ផងដែរ ប៉ុន្តែក្នុងចំណោមនោះអ្នកខ្លះក៏បានជាប់ អ្នកខ្លះក៏មិនជាប់ មិនបានសំរេចដូចតែគ្នា ។
អ្នកគ្រូបញ្ជាក់ថា អ្នកមិនជាប់ទាំងអស់ គឺគាត់ប្រគល់លុយឱ្យវិញទាំងអស់ គ្រាន់តែមិនបានលុយដុំ គឺឱ្យតាមដំណាក់កាល ។ ចំណែកអ្នកទាំង៧គ្រួសារនេះក៏ដូចគ្នាដែរ គឺគាត់មិនបានបដិសេធមិនសងនោះទេ គឺគាត់នៅតែអះអាងថានឹងសងលុយឱ្យវិញ ប៉ុន្តែអ្នកទាំងនោះ មិនព្រមទទួលយកសំណងតាមដំណាក់កាលម្តងបន្តិចៗទេ គឺគេចង់បានលុយដុំ ។ ដូច្នេះហើយ ទើបអ្នកគ្រូប្រាប់ថា ចាំគាត់លក់ដីដាច់បានលុយ គាត់សងទាំងអស់គ្ឱ្យរួចតែម្តង សូមកុំបារម្ភ» ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]