អាមេរិក៖ សហស្ថាបនិក Apple លោក Steve Wozniak ពិតជាចង់បានទូរស័ព្ទបត់អេក្រង់បានជាខ្លាំង ។

លោកបាននិយាយថា ក្រុមហ៊ុន Apple បានធ្វើជាអ្នកនាំមុខលើផែ្នកបច្ចេកវិទ្យាជាច្រើន ប៉ុន្តែចំពោះទីផ្សារទូរស័ព្ទបត់អេក្រង់វិញគឺមិនទាន់នោះទេ។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្មីៗនេះ។

លោក Steve Wozniak

តើ Apple គួរតែបង្កើតទូរស័ព្ទដែលអាចបត់អេក្រង់បានទេ? ប្រាកដណាស់ លោក Wozniak ច្បាស់ជាអតិថិជនដំបូងគេបង្អស់។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg លោក Wozniak បានថ្លែងថា៖

«Apple បាននិងកំពុងក្លាយជាមេដឹកនាំអស់រយៈពេលជាយូរមកហើយចំពោះបច្ចេកវិទ្យាមួយចំនួន រួមមាន touch ID (ការដោះសោរដោយស្កេនក្រយៅដៃ), facial ID (ការដោះសោរដោយស្កេនផ្ទៃមុខ) និងកម្មវិធីទូទាត់នានាក្នុងទូរស័ព្ទ iPhone។»

«ប៉ុន្តែចំពោះទូរស័ព្ទបត់អេក្រង់បានវិញ យើងមិនមែននោះទេ។ ហើយនេះគឺជាអ្វីដែលខ្ញុំមានការព្រួយបារម្ភជាខ្លាំង ព្រោះខ្ញុំពិតជាចង់បានទូរស័ព្ទប្រភេទនេះ។»

លោក Wozniak បានបន្ថែមទៀតថា ទូរស័ព្ទបត់អេក្រង់គឺជាបច្ចេកវិទ្យាថ្មីមួយដែលខ្ញុំចាប់អារម្មណ៍ជាទីបំផុត។

Apple មិនបានប្រកាសជាសារធារណៈថាមានគម្រោងនឹងបង្កើតទូរស័ព្ទបត់អេក្រង់បាននោះទេ។ ប៉ុន្តែក្រុមហ៊ុនយក្សមួយនេះ បានសុំសិទ្ធិប៉ាតង់ក្នុងការបង្កើតទូរស័ព្ទបត់អេក្រង់។ ជាក់ស្តែងកាលពីដើមខែនេះ ក្រុមហ៊ុន Apple បានបង្ហាញគំរូប៉ាតង់នៃទូរស័ព្ទដែលអាចបង់អេក្រង់ជាពីរបាន។ ប៉ាតង់នេះបានបង្ហាញថា ទូរស័ព្ទនេះនឹងប្រើប្រាស់អេក្រង់ LED display ដែលអាចបត់បែនបានដូចជាទូរស័ព្ទ Samsung Galaxy Fold និង Huawei Mate X អីចឹង។

គួរឱ្យដឹងផងដែរ ប៉ាតង់នេះមានឈ្មោះថា «Flexible Display Devices ឬឧបករណ៍បង្ហាញរូបភាពដែលអាចបត់បែនបាន» ដែល Apple បានសុំសិទ្ធិតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែទើបតែប្រកាសជាសារធារណៈកាលពីសប្តាហ៍មុន។ ដូចដែលប៉ាតង់ទូទៅអីចឹង យើងមិនទាន់ច្បាស់ថា Apple ពិតជាគ្រោងបង្កើតទូរស័ព្ទបត់អេក្រង់បានទេ ហើយការរចនានានាអាចនឹងមានការផ្លាស់ប្តូរគ្រប់ពេល។ 

គំរូប៉ាតង់ទូរស័ព្ទបត់អេក្រង់របស់ Apple
គំរូប៉ាតង់ទូរស័ព្ទបត់អេក្រង់របស់ Apple
គំរូប៉ាតង់ទូរស័ព្ទបត់អេក្រង់របស់ Apple

យ៉ាងណាមិញ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនឹងបង្ហាញទូរស័ព្ទបត់អេក្រង់ជាសាធារណៈនៅក្នុងឆ្នាំ ២០២០ខាងមុខនេះ។ បើទោះបីជាទូរស័ព្ទប្រភេទនេះចេញនៅឆ្នាំក្រោយក៏ពិតមែន ប៉ុន្តែ Apple ហាក់ដូចជាដើរយឺតជាងគូប្រជែងបាត់ទៅហើយ។

គួរឱ្យដឹងផងដែរ កាលពីថ្មីៗនេះ Samsung បានបង្ហាញអាវុធចុងក្រោយរបស់ខ្លួនគឺទូរស័ព្ទ Samsung Galaxy Fold ដែលជាទូរស័ព្ទបត់អេក្រង់បាន ហើយចំណែកក្រុមហ៊ុន Huawei វិញក៏បានបង្ហាញអាវុធចុងក្រោយរបស់ខ្លួនគឺទូរស័ព្ទ Huawei Mate X ផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងពីរនេះកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំងចំពោះបច្ចេកវិទ្យាបត់អេក្រង់បាននេះ។

ដូច្នេះ យើងជឿជាក់ថា នៅថ្ងៃអនាគតទូរស័ព្ទភាគច្រើនប្រាកដជាទូរស័ព្ទដែលអាចបង់អេក្រង់បានជាក់ជាពុំខាន៕ 

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ខាងឆ្វេងគឺ Samsung Galaxy Fold និងខាងស្តាំ Huawei Mate X
លោក Steve Wozniak
លោក Steve Wozniak

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]