អេស្ប៉ាញ៖  កីឡាករឆ្នើម Cristiano Ronaldo ទើបបានបើកមុខរបរថ្មីផ្ទាល់ខ្លួនមួយបន្ថែមទៀតគឺគ្លីនិកថែរក្សា និងបណ្តុះសក់នៅឯទីក្រុងម៉ាទ្រីឌ  និងបានផ្ទេរសិទ្ធិទៅឱ្យមិត្តស្រីរបស់លោក គឺនាង Georgina Rodriguez ជាអ្នកគ្រប់គ្រង។ គ្លីនិកដែលទើបបើកសម្ពោធនេះជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Insparya Group ដែលកីឡាករ Ronaldo ផ្ទាល់គឺជាសហស្ថាបនិក។

ការបើកសាខាដំបូងនៃគ្លីនិកបណ្តុះសក់នេះ គឺត្រូវចំណាយដើមទុនប្រមាណជា ១,១លានដុល្លារ ប៉ុន្តែ Ronaldo មានបំណងចង់បោះទុនបន្ថែមទៀតសម្រាប់មុខរបរនេះ ដោយត្រៀមចាយ ២៨,៥លានដុល្លារបន្ថែមសម្រាប់រយៈពេល ៣ទៅ៤ឆ្នាំខាងមុខ។ 

Cristiano Ronaldo សហស្ថាបនិក Insparya Group
Cristiano Ronaldo និងមិត្តស្រី

កីឡាករ Cristiano Ronaldo បានប្រាប់ឱ្យដឹងថា៖ “ក្រៅពីកីឡាបាល់ទាត់ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងពីបញ្ហាសុខភាព, បច្ចេកវិទ្យា និងការស្រាវជ្រាវ ដែលទាំងអស់នេះគឺជាអ្វីដែលខ្ញុំតែងតែចាប់អារម្មណ៍ចង់វិនិយោគ។ ខ្ញុំចង់ឱ្យគ្លីនិកដំបូងរបស់ខ្ញុំនៅទីក្រុង Madrid ពង្រឹងខ្លួនក្លាយជាគ្លីនិកលក្ខណៈអន្តរជាតិមួយ”។ 

សូមជម្រាបថា តម្លៃនៃការពិសោធន៍ និងបណ្តុះសក់នៅឯគ្លីនិករបស់ Ronaldo គឺចាប់ផ្តើមពីតម្លៃ ៤,៥០០ដុល្លារឡើងទៅ។ សេវាកម្មរបស់គ្លីនិកសម្រាប់ជនបរទេស រួមមានការស្នាក់នៅសណ្ឋាគារ, ការផ្ទេរជើងហោះហើរ, សេវាកម្មទទួល និងជូនដំណើរទៅមកព្រលានយន្តហោះ ជារួមទៅគឺអតិថិជនអាចទទួលបានភាពងាយស្រួល សម្រាប់ការព្យាបាលនៅគ្លីនិកថែរក្សាសក់របស់កីឡាករលំដាប់កំពូលរូបនេះ៕

ចុះចំណែកប្រិយមិត្តវិញ! យល់យ៉ាងណាដែរ? 

គ្លីនិករបស់​ Ronaldo
គ្លីនិករបស់​ Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]