ចិន៖ ត្រីសមុទ្រមួយក្បាលដែលត្រូវបានគេចាប់យកទៅលក់ និងគិតថាជាត្រីដូហ្វីន ត្រូវបានអ្នកចិត្តបុណ្យវ័យក្មេង២នាក់ ចំណាយលុយអស់ជាង ២០០ដុល្លារ ទិញយកទៅព្រលែងចូលទឹកវិញ ក្រោយប្រទះឃើញវាហូរទឹកភ្នែកយ៉ាងគួរឲ្យអាណិត។

ត្រី Finless Porpoise ដែលត្រូវបានគេចាប់យកទៅលក់

បើយោងតាមប្រភពចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ បានរាយការណ៍ឲ្យដឹងថា អ្នកដែលបានប្រទះឃើញត្រីខាងលើនេះ ស្ថិតក្នុងសភាពដ៏គួរឲ្យអាណិត មានហូរទឹកភ្នែក នៅពេលដែលត្រូវបានគេចាប់យកទៅលក់ នៅក្នុងផ្សារមួយកន្លែង ក្នុងខេត្ត Guangdong ប្រទេសចិននោះ មានឈ្មោះ លោក Cheng Mingyue និងលោក Cheng Jianzhuang 

អ្នកទាំងពីរបាននិយាយថា ត្រីរស់មួយក្បាលនេះ មានប្រវែង ១,៧ម៉ែត្រ និងមានទម្ងន់រហូតដល់ទៅជាង ៥០គីឡូក្រាមឯណោះ។

ក្នុងចំណោមអ្នកទាំងពីរ លោក Mingyue បាននិយាយថា ពួកគេបានឃើញគេដឹកត្រីនេះយកទៅលក់នៅផ្សារ ខណៈដែលមានមនុស្សជាច្រើន បាននាំគ្នាមកចោមរោមមើលវា។ វាពិតជាភ្ញាក់ផ្អើល ក៏ព្រោះតែគេសង្កេតឃើញថា ត្រីមួយក្បាលនេះមានហូរទឹកភ្នែក ហាក់បង្ហាញពីទុក្ខសោក និងភាពឈឺចាប់របស់វាជាខ្លាំង។

លោក Mingyue និងលោក Jianzhuang បានគិតថាត្រីនេះ គឺជាត្រីដូហ្វីន ហើយពេលឃើញបែបនេះ ពួកគេពិតជាអាណិត និងចង់ជួយសង្គ្រោះជីវិតរបស់វាណាស់។ ទើបនៅទីបំផុត អ្នកទាំងពីរក៏បានសម្រេចចិត្តទិញវាពីឈ្មួញក្នុងតម្លៃ ១ ៥០០យ័ន (ឬប្រហែល ២២៣ដុល្លារអាមេរិក) ដោយក្នុងគោលបំណង យកវាទៅព្រលែងចូលសមុទ្រវិញ ដើម្បីឲ្យវាបានមានសេរីភាពជាថ្មី។

ត្រី Finless Porpoise ដែលត្រូវបានគេចាប់យកទៅលក់

លោក Mingyue បានបន្តថា នៅក្នុងថ្ងៃដដែលនោះ នៅចន្លោះម៉ោងប្រហែលជា ៤ល្ងាច លោកក៏បាននាំយកត្រីដូហ្វីននោះទៅព្រលែងចូលសមុទ្រវិញ។ ដំបូងឡើយ ត្រីដូហ្វីននេះ ពុំបានហែលទៅទឹកជ្រៅនោះទេ នេះក៏ប្រហែលដោយសារតែ កន្ទុយរបស់វាបានរងរបួស។ លោកថា នៅរង់ចាំមើលត្រីនេះអស់រយៈពេលជាង ២ម៉ោង ទើបលែងឃើញវា ដែលប្រហែលជាវាបានហែលទៅកាន់ទឹកជ្រៅបាត់ហើយ។

យ៉ាងណាមិញ ក្រោយកើតហេតុ និងបន្ទាប់ពីអ្នកជំនាញខាងសត្វត្រីបានទស្សនាវីដេអូឃ្លីប ដែលលោក Mingyue និងលោក Jianzhuang បានផ្តល់ឲ្យ គេបានកំណត់អត្តសញ្ញាណត្រីនោះថា ជាប្រភេទត្រី Finless Porpoise (ឬ ម៉ារស្វ័ង ជាត្រីសមុទ្រម្យ៉ាង) ដែលពុំមែនជាត្រីដូហ្វីននោះទេ ប៉ុន្តែវាក៏ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងអម្បូរពូជត្រីដូហ្វីនផងដែរ។ Finless Porpoise មានប្រមោយមាត់វាខ្លីជាងត្រីដូហ្វីន មាត់តូច ព្រុយខ្នងតូចនិងខ្លី ហើយមានវាសាច់ជាងត្រីដូហ្វីន។

អ្នកជំនាងញបានអះអាងថា Finless Porpoise គឺជាត្រីដ៏កម្របំផុត និងត្រូវបានចុះបញ្ជីដោយ IUCN Red List ជាអម្បូរត្រីជិតផុតពូជ។ ភាគច្រើនត្រីប្រភេទនេះ ត្រូវបានគេរកឃើញនៅតំបន់អាស៊ីបូព៌ា ហើយវាក៏ត្រូវបានគេហាមឃាត់ នៅក្នុងបណ្តាប្រទេសមួយចំនួន (ចិន) ជុំវិញនឹងការនេសាទ និងការជួញដូរផងដែរ។

ត្រី Finless Porpoise ត្រូវបានយកទៅព្រលែងវិញ

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ក្រោយធ្វើការស៊ើបអង្កេត អាជ្ញាធរជលផលក្នុងស្រុកក៏បានអះអាងដែរថា នឹងមានវិធានការជាមួយនឹងអ្នកពាក់ព័ន្ធ ជុំវិញនឹងការជួញដូរត្រី Finless Porpoise ខាងលើនេះផងដែរ។

អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានសម្ដែងក្តីរំភើបរីករាយ ដែលលោក Mingyue និងលោក Jianzhuang មានចិត្តសប្បុរបានទិញយកត្រីនេះទៅព្រលែងចូលទឹកវិញ ដើម្បីឲ្យវាបានមានសេរីភាពវិញផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពតំណាង៖ ត្រី Finless Porpoise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]