ថៃ៖ កាលពីពេលថ្មីៗនេះបុរសជាប្តីម្នាក់ត្រូវស្ត្រីជាប្រពន្ធបាញ់គ្មានត្រាប្រណី ព្រោះមិនព្រមប្រាប់នាងថា «តើអ្នកណាតេមកទាំងយប់ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់?»។ ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងខេត្ត Kalasin នៃប្រទេសថៃ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ Ratthasat អាយុ ៤៥ឆ្នាំ មុខរបរគ្រូពេទ្យ និងភរិយាឈ្មោះ Mayura អាយុ ៤៤ឆ្នាំ ជាជនដៃដល់។ នៅថ្ងៃកើតហេតុពេលកំពុងហូបអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្រាប់តែប្រពន្ធសួរប្តីថា «តើអ្នកណាតេមកទាំងយប់ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់?» ប្តីមិនឆ្លើយសំណួររបស់ប្រពន្ធទេ ផ្ទុយទៅវិញបែរជាអូសក្រឡាធ្វើពុតជានិយាយរឿងផ្សេង។ ប្រពន្ធនៅតែសួរដដែលៗរហូតដល់មានជម្លោះឈ្លោះគ្នាតាំងពីនៅក្នុងហាង រហូតមកដល់ផ្ទះនៅតែមិនចេះចប់ទៀត។

ពេលមកដល់ផ្ទះពួកគេឈ្លោះគ្នាកាន់តែខ្លាំងឡើងៗ មិនដឹងជាមូលហេតុអ្វី ស្រាប់តែនាងជាប្រពន្ធទាញកាំភ្លើងខ្លីបាញ់ប្តីតែម្តង។ ជនរងគ្រោះត្រូវគ្រាប់ចំថ្ពាល់ របួសហូរឈាមយ៉ាងច្រើន ឃើញដូចនេះប្រពន្ធមានការស្លន់ស្លោជាខ្លាំង រួចក៏តេទៅប៉ូលិសភ្លាមៗ។

នៅពេលប៉ូលិសមកដល់កន្លែងកើតហេតុ ស្ត្រីជាប្រពន្ធកំពុងអង្គុយនៅជិតប្តី ហើយកាំភ្លើងខ្លីនោះគឺនៅលើដី ហើយមានសំលៀកបំពាក់រាយប៉ាយពេញទីនោះ។

យោងតាមចម្លើយពីស្ត្រីជាប្រពន្ធប្រាប់ដល់សមត្ថកិច្ចបានឱ្យដឹងថា បុរសជាប្តីបានទទួលទូរស័ព្ទមួយពីមនុស្សម្នាក់ ហើយគាត់ព្យាយាមលាក់បាំង មិនព្រមនិយាយអំពីរឿងនេះនៅពេលនាងសួរ។ ដូច្នេះទើបនាងខឹងជាខ្លាំង ហើយមានការឈ្លោះប្រកែកគ្នា រហូតដល់ទាញយកកាំភ្លើងខ្លីបាញ់ប្រហារប្តីបែបនេះ។ 

ពេលនេះស្ត្រីជាប្រពន្ធត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ហើយនាងអាចប្រឈមមុខនឹងការដាក់ទោសកាន់តែធ្ងន់បើប្តីនាងស្លាប់។

ប្រភពបន្តថា ជនរងគ្រោះមានរបួសធ្ងន់ណាស់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងប្រទេសថៃ៕

ប្តីប្រពន្ធ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]