តៃវ៉ាន់៖ នារីវ័យក្មេងជនជាតិតៃវ៉ាន់ម្នាក់ បានចែករំលែករឿងរ៉ាវដ៏ឈឺចាប់ ជុំវិញនឹងការចូលចិត្តប្រើទូរស័ព្ទដាក់កម្រិតពន្លឺខ្លាំង រហូតធ្វើឲ្យភ្នែករបស់នាងស្រវាំង ឡើងជាំក្រហម និងស្ទើរតែពិការ ប៉ុន្តែសំណាងល្អទទួលបានការព្យាបាលទាន់ពេល។

នាង Chen

នារីរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Chen មានអាយុ ២៥ឆ្នាំ បានរងការឈឺភ្នែកបន្តិចម្តងៗអស់រយៈពេលចង់ ២ឆ្នាំមកហើយ ដោយសារតែផលប៉ះពាល់ពីពន្លឺអេក្រង់ទូរស័ព្ទ (Screen Brightness) ធ្ងន់ធ្ងរ ដែលនាងប្រឹងចុចប្រឹងសម្លឹងមើលរាល់ថ្ងៃរាល់យប់។

បើយោងតាមប្រភពសារព័ត៌មានចិន Chen នាងគឺជាលេខាម្នាក់ ដូច្នេះការងាររបស់នាងគឺតែងតែមមាញឹកខ្លាំង ទាំងការសរសេរកត់ត្រា មុខកញ្ចក់កុំព្យូទ័រ ពិសេសគឺការប្រើប្រាស់ទូរស័ព្ទដៃតែម្តង ក្នុងការទំនាក់ទំនង និងសរសេរផ្ញើសារឆ្លើយតបទៅកាន់និយោជិកភ្លាមៗជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យភ្នែករបស់នាងរងការប៉ះពាល់ខ្លាំងពីពន្លឺ។

នាង Chen

បន្ថែមលើពីនេះ Chen នាងក៏ត្រូវបានគេដឹងទៀតថា ចូលចិត្តប្រើទូរស័ព្ទច្រើន (ឬយូរម៉ោង) ពិសេសបើកដាក់កម្រិតពន្លឺខ្លាំងៗ មិនថាស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ ឬស្ថិតនៅក្នុងទីងងឹតនោះទេ។ ជាក់ស្តែង នៅពេលយប់ក្នុងបន្ទប់ Chen នាងបានបិទភ្លើងបន្ទប់ងងឹតសូន្យសុង និងទាញទូរស័ព្ទដាក់ពន្លឺខ្លាំងៗនោះ មកចុចលេងនិងមើលរឿងភាគផ្សេងៗជាច្រើន។ នេះក៏ព្រោះតែ Chen បានអះអាងថា នាងពិតជាមិនដឹងទេថា កម្រិតពន្លឺខ្លាំងចេញពីអេក្រង់ទូរស័ព្ទនោះ វាមកបំផ្លាញកែវភ្នែករបស់នាងបន្តិចម្តងៗនោះឡើយ។

សកម្មភាពដដែលៗនេះ បានបន្តអស់រយៈពេលប្រហែល ២ឆ្នាំ ទើបរហូតមកដល់ត្រឹមកំឡុងខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ Chen នាងបានដឹងថា ភ្នែករបស់នាងហាក់កាន់តែមិនស្រួល ពោលគឺកាន់តែចុះអន់ខ្សោយ និងមានចេញរោគសញ្ញាដ៏គួរឲ្យព្រួយបារម្ភ។

ការពិនិត្យភ្នែក

ប្រភពដដែលបន្តថា ដំបូងឡើយ Chen នាងក៏បានប្រើប្រាស់ទឹកថ្នាំបន្តក់ភ្នែកដើម្បីជួយព្យាបាលលើភ្នែកផងដែរ ប៉ុន្តែផ្ទុយទៅវិញវានៅតែមិនធូរស្រាលឡើយ។ ស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឡើងៗ លុះរយៈពេលប្រមាណជា ៤ខែក្រោយមក ភ្នែករបស់នាងក៏កាន់តែយ៉ាប់យ៉ឺន ឡើងជាំក្រហម រឹតតែស្រវាំង និងឈឺចុកចាប់។

នៅទីបំផុត Chen នាងក៏បានសម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យ។ ក្រោយការពិនិត្យគ្រូពេទ្យបានប្រាប់នាងថា សរសៃឈាមក្រហមដែលឡើងជាំលើកែវភ្នែកខាងឆ្វេង ធ្វើឲ្យនាងបាត់បង់ការមើលឃើញកម្រិត ០,៦ ឯភ្នែកខាងស្ដាំកម្រិត ០,៣ ។ ក្រោយមកគ្រូពេទ្យក៏បានធ្វើការព្យាបាលដោយប្រើប្រាស់ថ្នាំម្យ៉ាង Steroids (វេជ្ជសាស្ត្រ៖ សារធាតុម្យ៉ាងសម្រាប់បង្កើតអរម៉ូនក្នុងខ្លួនមនុស្ស) ខណៈរយៈពេល៣ថ្ងៃបន្ទាប់ ស្ថានភាពភ្នែករបស់ Chen ក៏បានធូរស្រាលជាងមុន។

ជុំវិញនឹងករណីនេះ គ្រូពេទ្យក៏បានលើកឡើងដែរថា ភ្នែករបស់ Chen គឺបានរងការប៉ះពាល់ពីពន្លឺចេញពីអេក្រង់ទូរស័ព្ទលើសកម្រិត។ ការប្រើប្រាស់ទូរស័ព្ទ ក្នុងកម្រិតពន្លឺខ្លាំងលើសពី ២ម៉ោងឡើងទៅ នោះមានន័យថាភ្នែករបស់អ្នកនឹងទទួលរងឥទ្ធិពលអាក្រក់ មិនខុសអីពីការដុតនំប៉័ងក្នុងម៉ាស៊ីនម៉ាយក្រូវ៉េវនោះទេ (Microwave) ។

ដូច្នេះជាដំបូន្មានល្អ និងចៀសវាងការប៉ះពាល់ដល់ភ្នែកធ្ងន់ធ្ងរ ចូរប្រើទូរស័ព្ទក្នុងកម្រិតពន្លឺទាបល្មម មិនថាយប់ឬថ្ងៃ និងកុំយូរម៉ោងពេក៕ 

នាង Chen
នាង Chen
នាង Chen
ការពិនិត្យភ្នែករបស់ Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]