រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ប្រភេទ​មួយ​បាំង​កន្លះ បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល ចំណែកឯ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដូច​គ្នា។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤ ផ្លូវ R8 (​តំបន់​បឹង​កក់​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​មួយ​បាំង​កន្លះ​ជិះ​គ្នា​៣​នាក់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ គ ៦១៦០ ភព បើកបរ​ដោយ​ឈ្មោះ អាន វី​រៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវជា​ប្តី បាន​រង​របួស​បែក​មុខ​បែក​មាត់​ហូរ​ឈាម រីឯ​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ កា​កា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ត្រូវជា​ប្រពន្ធ បាន​រង​របួស​ត្រង់​ត្រគាក និង​ជើង​យ៉ាងធ្ងន់ធ្ងរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ត្រូវជា​ម្តាយក្មេក ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​រកា​ទ្វារ ឃុំ ព្រែក​ពោធិ ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម ។

ចំណែក​ភាគី​ខាង​រថយន្តក្រុង​មួយ​គ្រឿង​ជា​របស់​ក្រុមហ៊ុន បូ​ពា អាស៊ី ពាក់​ស្លាក​លេខ ស្វាយ​រៀង ៣A-១៥៥៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​បុរស​ជា​ព្រូ​រថយន្ត​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ពី​បុរស​ជា​អ្នកបើកបរ​រថយន្ត​ប្រភេទ​មួយ​បាំង​កន្លះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់ និង​ប្រពន្ធ រួម​ទាំង​ម្តាយក្មេក​បាន​នាំ​គ្នា​ក្រោក​តាំងពី​យប់​ចេញពីផ្ទះ​ទៅ​ផ្សារ​នាគ​មាស ដើម្បី​រក​ទិញ​ផ្លែ​ឈើ​យក​ទៅ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​បងថ្លៃ​ស្រី​របស់​គាត់ ។

ពេល​ទិញ​បាន​រួចរាល់​ហើយ ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​បើកបរ​រថយន្ត​​​មួយ​គ្រឿង​ប្រភេទ​មួយ​បាំង​កន្លះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្តក្រុង​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​បុក​រថយន្ត​របស់​គាត់​ចំ​កាប៊ី​ន​ផ្នែក​ខាងឆ្វេង ជា​កន្លែង​ដែល​ប្រពន្ធ​របស់​គាត់​អង្គុយ បណ្តាល​អោយរ​ងរ​បួស​ត្រង់​ត្រគាក និង​ជើង​យ៉ាងធ្ងន់ធ្ងរ រីឯ​គាត់​បាន​រង​របួស​បែក​មុខ​បែក​មាត់​ហូរ​ឈាម ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្តក្រុង និង​ព្រូ​រថយន្ត​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់​ព​ន្ធ័​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ គឺ​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្តក្រុង​របស់​ក្រុមហ៊ុន បូ​ពា អាស៊ី បើកបរ​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ប្រភេទ​មួយ​បាំង​កន្លះ​ជិះ​គ្នា​៣​នាក់​ខាងលើ​ពេញទំហឹង បណ្តាល​អោយ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់ និង​អ្នក​បើក​របរ​រថយន្ត​ជា​ប្តីរ​ងរ​បួស​បែក​មុខ​បែក​មាត់​បែប​នេះ​។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ បណ្តាល​ឱ្យ​រថយន្ត​មួយ​គ្រឿង​ប្រភេទ​មួយ​បាំង​កន្លះ​បាន​ក្រពឹត​ការ​ប៊ី​នខា​ង​មុខ​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែកឯ​រថយន្តក្រុង​របស់​ក្រុមហ៊ុន បូ​ពា អាស៊ី ក៏​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ រីឯ​អ្នកបើកបរ​រថយន្តក្រុង និង​ព្រូ​រថយន្ត​ក្រុង បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​នៅ​ធ្វើការ​ដោះស្រាយ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​អ្នកបើកបរ​រថយន្ត​ប្រភេទ​មួយ​បាំង​កន្លះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​មក​ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ ចំណែក​រថយន្តក្រុង និង​រថយន្ត​ប្រភេទ​មួយ​បាំង​កន្លះ ត្រូវ​បាន​កម្លាំង​មាន​សមត្ថ​កិច្ច​ធ្វើការ​វាសវែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]