ខេត្តកណ្តាល ៖ ដោយសារតែជនរងគ្រោះជាកូនជេរប្រមាថ និងវាយដំជាញឹកញាប់មកលើជនសង្ស័យជាឪពុក និងក្រុមគ្រួសារ ទើបធ្វើឱ្យជនសង្ស័យជាឪពុកទ្រាំលែងបានក៏លើកដៃវាយកូនបង្កើតទាំងបង្ខំចិត្ត ដើម្បីជាការព្រមាន តែមិននឹកស្មានថា បណ្តាលឱ្យស្លាប់ ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនមកសាលាដំបូងបានមួយថ្ងៃ ក៏ត្រូវបានតំណាងអយ្យការសម្រេចឱ្យជនសង្ស័យជាឪពុកនៅក្រៅឃុំជាបណ្តោះអាសន្ន ។
ជនរងគ្រោះត្រូវជាកូនដែលស្លាប់ឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យត្រូវជាឪពុកឈ្មោះ ផង់ ជាង អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចឱ្យជនសង្ស័យជាឪពុកដែលបានជ្រុលដៃវាយកូនប្រុសបង្កើត បណ្តាលឱ្យស្លាប់ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីនគរបាលបញ្ជូនមកកាន់សាលាដំបូង កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកព្រះរាជអាជ្ញារងបានប្រាប់ឱ្យដឹងថា ដោយយល់ឃើញថា ជនសង្ស័យជាឪពុកមានវ័យចាស់ ហើយចម្លើយរបស់ជនសង្ស័យដែលវាយកូនប្រុសបង្កើតខ្លួនឯង ពុំមានចេតនាសម្លាប់ ដោយគ្រាន់តែព្រមាន ហើយជនរងគ្រោះជាអ្នកបង្ករឿងជេរប្រមាថ និងវាយឪពុក ម្តាយ បងប្អូនជាញឹកញាប់ និងជាយូរណាស់មកហើយ និងយោងតាមសាក្សីដែលជាបងប្អូនបង្កើត បងប្អូនសាច់ថ្លៃ និងម្តាយរបស់ជនរងគ្រោះ បានអះអាងថា ជនរងគ្រោះជាកូន ជាមនុស្សប្រមឹកស្រា តែងតែជេរមើលងាយ និងវាយឪពុកជារឿយៗ ទើបបានជាសម្រេចដោះលែងឱ្យជនសង្ស័យជាឪពុកនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។
តាមប្រភពពីអ្នកស្រី ផង់ ស្រីនាង ដែលត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានអះអាងថា បងប្រុសរបស់គាត់ជាមនុស្សផឹកស្រាស្រវឹង និងរករឿងក្រុមគ្រួសារ ព្រមទាំងឪពុកម្តាយជារៀងរាល់ថ្ងៃ និងច្រើនឆ្នាំមកហើយ។ សូម្បីតែប្រពន្ធក៏មិនអាចរស់នៅជាមួយបានដែរ និងបានលែងលះគ្នាជាង២ឆ្នាំមកហើយ ហើយម្តាយក៏មិនហ៊ាននៅផ្ទះជាមួយដែរ គឺទៅនៅជាមួយកូនដទៃទៀត ។
នៅក្នុងផ្ទះកើតហេតុមានតែឪពុករបស់គាត់ និងបងប្រុសប្រមឹក(ជនរងគ្រោះ) ព្រមទាំងក្មួយស្រីប៉ុណ្ណោះ ហើយឱ្យតែស្រវឹងស្រាម្តងៗ បងប្រុសរបស់គាត់បានរករឿងជេរប្រមាថ ប្រើអំពើហិង្សាទៅលើឪពុកជារឿយៗផងដែរ ហើយឪពុកតែងតែរត់គេចជានិច្ច និងពេលខ្លះបងប្រុសរបស់គាត់យកចានវាយក្បាលឪពុកថែមទៀតផង។
អ្នកស្រី ផង់ ស្រីនាង បានបញ្ជាក់បន្តថា ឪពុករបស់គាត់ជាមនុស្សស្លូតណាស់ ហើយឪពុកវាយបងប្រុសរបស់គាត់នេះ ក៏មិនមានបំណងសម្លាប់ដែរ គ្រាន់តែព្រមានតែប៉ុណ្ណោះ ទើបបានជាពួកគាត់ជាកូនទាំង៤នាក់ និងកូនប្រសារ ព្រមទាំងម្តាយ នាំគ្នាមកអង្វរសុំឱ្យតុលាការសម្រាលទោស និងធ្វើការដោះលែងទោស ហើយនៅពេលដែលតុលាការសម្រេចឱ្យឪពុកនៅក្រៅឃុំដូច្នេះ ពួកគាត់ពិតជាត្រេកអររកអ្វីមកប្រៀបប្រដូចពុំបាននោះទេ ព្រោះឪពុករបស់គាត់កាន់តែចាស់ និងមានជំងឺថែមទៀតផង ។ ពួកគាត់ទាំងអស់គ្នាលើកម្រាមដៃដប់ទាំងទឹកភ្នែករលីងរលោងនិយាយថា «ពិតជាយុត្តិធម៌ចំពោះចំណាត់ការរបស់ស្ថាប័នតុលាការ» ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]