បរទេស៖ បើអ្នកកំពុងមានជំងឺមហារីកសុដន់ ឬអ្នកមានសាច់ញាតិកើតជំងឺនេះ អ្នកប្រាកដជាដឹងថាជំងឺនេះវាកាចសាហាវប៉ុណ្ណា។ ជាក់ស្តែងតួលេខបានបង្ហាញថា ជារៀងរាល់ឆ្នាំមានមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក បានស្លាប់ដោយសារ ជំងឺមហារីកសុដន់។  បច្ចុប្បន្ន អ្នកវិទ្យាសាស្រ្តពុំទាន់អាចរកឃើញថ្នាំដែលអាចព្យាបាលជំងឺមហារីកសុដន់បានទាំងស្រុងនៅឡើយទេ តែយើងក៏គួរមានវិធានការថ្មីម្យ៉ាងដើម្បីបង្ការ ឬដឹងវាមុនទើបជាការល្អ។  យ៉ាងណាមិញ យើងសូមចែករំលែករឿងរ៉ាវថ្មីមួយរបស់យុវជនម្នាក់ ដែលបានបង្កើតអាវទ្រនាប់ម្យ៉ាងអាចជួយជីវិតមនុស្សស្រីលើលោកបានរាប់សិបលាននាក់ ដែលកំពុងជួបបញ្ហានេះ។

លោក Julian Rios Cantu  អាយុ ១៣ឆ្នាំ មានម្តាយកើតជំងឺមហារីកសុដន់។ លោកពិតជាភ័យខ្លាចខ្លាំងណាស់ នៅពេលគ្រូពេទ្យបានបញ្ជាក់ថាស្ថានភាពរបស់ម្តាយលោកកាន់តែអាក្រក់  ហើយតម្រូវកាត់សុដន់ទាំងគូទើបអាចបន្តជីវិតរស់បាន។ ដូច្នេះម្តាយរបស់លោកក៏សម្រេចចិត្តទទួលយកសំណើពីគ្រូពេទ្យ ដើម្បីអាចបន្តជីវិតមកទល់សព្វថ្ងៃដោយត្រូវបាត់បង់សុដន់ទាំងគូ។

ចាប់តាំងពីពេលនោះមក លោកក៏សម្រេចចិត្តថានឹងរកវិធីអ្វីម្យ៉ាងដើម្បីដោះស្រាយបញ្ហាមួយនេះ។ ក្រោយមកលោកក៏បែកគំនិតបង្កើតឧបករណ៍ម្យ៉ាងដែលអាចជួយដល់ក្រុមគ្រួសារ ឬមនុស្សទូទៅកុំឱ្យជួបរឿងអកុសលដូចម្តាយលោក។

Julian និងអាវទ្រនាប់ Auto Exploration

បច្ចុប្បន្នលោក Julian មានវ័យ ១៨ឆ្នាំ បានបង្កើតបច្ចេកវិទ្យាអាវទ្រនាប់ម្យ៉ាងជាមួយមិត្ត៣នាក់ផ្សេងទៀត។ វាមានប្រសិទ្ធភាពយ៉ាងខ្លាំងចំពោះបញ្ហាជំងឺមហារីកសុដន់។ អាវទ្រនាប់ពិសេសនេះឈ្មោះថា «Auto Exploration»  មានសេនសឺរជាង ២០០ គ្រាប់សម្រាប់ចាប់យកចលនាផ្លាស់ប្តូរនៃសុដន់មនុស្សស្រី។ អ្នកប្រើប្រាស់គ្រាន់តែពាក់អាវទ្រនាប់នេះរយៈពេល ៦០ ទៅ ៩០នាទីជារៀងរាល់សប្តាហ៍  វានឹងចាប់យកការផ្លាស់ប្តូរនៃសុដន់ដូចជា សីតុណ្ហភាព, ពណ៌នៃសុដន់ និងបញ្ចូលព័ត៌មាននានាទៅកាន់ App (តាមរយៈប៊្លូធូស) នៅលើទូរស័ព្ទដៃអ្នកប្រើ។ ដូច្នេះអ្នកអាចតាមដានដឹងពីស្ថានភាពសុដន់  មុនពេលដល់ដំណាក់កាលគ្រោះថ្នាក់។

បើយើងដឹងមុនពេលកើតជំងឺមហារីកសុដន់ ឬដឹងវានៅដំណាក់កាលដំបូង  គ្រូពេទ្យអាចមានវិធានការជួយស្រោចស្រង់អាយុជីវិតអ្នកជំងឺបាន។ ដូច្នេះការបង្កើតរបស់ Julian និងមិត្តរបស់លោក  ជាស្នាដៃដ៏អស្ចារ្យមួយសម្រាប់មនុស្សជាតិនៅលើពិភពលោក៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]