អាមេរិក៖ និស្សិតចិនអាយុ ២០ឆ្នាំម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំនៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ដែលជាប់ពាក់ព័ន្ធទៅនឹងករណីលួចថតរូបមូលដ្ឋានកងទ័ពជើងទឹក ក្នុងរដ្ឋផ្លរីដា។

យោងតាមសារព័ត៌មាន Shanghaiist បានរាយការណ៍ថា លោក Zhao Qianli ត្រូវបានចោទប្រកាន់ពីបទលួចថតរូបកន្លែងហាមឃាត់ ប៉ុន្តែលោកបាននិយាយថា នេះគ្រាន់តែជាការភ័ណ្ឌច្រឡំប៉ុណ្ណោះ ដោយអះអាងថាលោកជាអ្នកទេសចរវង្វេងផ្លូវ រួចក៏ទៅដល់មូលដ្ឋានកងទ័ពជើងទឹកអាមេរិក Naval Air Station Key West ។

ទោះជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាបានច្រានចោលនូវហេតុផលមួយនេះ ដោយអះអាងថា លោកអាចចូលមកកន្លែងហាមឃាត់នេះបាន មិនមែនជារឿងងាយស្រួលនោះទេ ពោលគឺត្រូវដើរលុយទឹក ដើរជុំវិញរបង ហើយមានស្លាកសញ្ញា «ហាមចូល ឬតំបន់ហាមឃាត់» នៅជិតរបងនោះទៀត។

បន្ថែមពីនេះទៀត សមត្ថកិច្ចបានដកហូតកាមេរ៉ា និងទូរស័ព្ទរបស់ជនជាប់ចោទ ហើយបានរកឃើញថាមិនមែនរូបភាពណាមួយដែលឆ្លុះបញ្ចាំងឱ្យឃើញថារូបគេគឺជាភ្ញៀវទេសចរនោះទេ តែផ្ទុយទៅវិញនៅក្នុងកាមេរ៉ា និងទូរស័ព្ទរបស់ជនជាប់ចោទ រកឃើញសុទ្ធតែរូបភាពចានផ្កាយរណប និងអង់តែននៅក្នុងមូលដ្ឋានកងទ័ពទៅវិញ។

ដូច្នេះតុលាការបានសម្រេចចិត្តដាក់ទោសលោក Zhao Qianli ឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំពីបទលួចថតរូបកន្លែងហាមឃាត់៕ 

មូលដ្ឋានកងទ័ពជើងទឹកអាមេរិក Naval Air Station Key West
លោក Zhao Qianli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]