-សមត្ថកិច្ច ឡោមព័ទ្ធ មួយយប់ទល់ភ្លឺ មួយព្រឹកទល់ល្ងាច តែគ្មានលទ្ធផល

កំពង់ចាម ៖ ឧក្រិដ្ឋជនចំនួន ២នាក់ ដែលគេសង្ស័យថា ជាមនុស្សញៀនថ្នាំ បានសម្រុកចូលទៅក្នុង ទីស្នាក់ការ ធនាគារអេស៊ីលីដា មួយកន្លែង នៅក្នុងស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម រួចហើយចាប់បុគ្គលិក នៅទីនោះចំនួន ៣នាក់ ធ្វើជាចំណាប់ខ្មាំង ដើម្បីទាមទាររកថ្នាំញៀន ខណៈដែលបុគ្គលិក បានផ្ដល់ លុយជាច្រើន ឱ្យទៅពួកគេ ដើម្បីយករួចខ្លួន តែក្រុមឧក្រិដ្ឋជនខាងលើនេះ មិនព្រមទទួលយក ដោយ សកម្មភាពរបស់ពួកគេ ប្រព្រឹត្ដឡើង តាំង ពីល្ងាចថ្ងៃទី២២ ខែមករា រហូតមកដល់ល្ងាចថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៣ ម្សិលមិញនេះ សមត្ថកិច្ចនៅ មិនទាន់មានលទ្ធភាព ចូលរំដោះយកចំណាប់ខ្មាំង និង ចាប់ខ្លួនក្រុមឧក្រិដ្ឋជនបាននៅឡើយនោះទេ។

ហេតុការណ៍ខាងលើនេះ ត្រូវបានគេអះអាងថា បានកើតឡើងតាំងពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១៣មកម្ល៉េះ នៅក្នុងទីស្នាក់ការធនាគារអេស៊ីលីដាមួយកន្លែង ដែលមានទីតាំង ស្ថិតនៅ ទីប្រជុំជន ខាងត្បូង ផ្សារបែកអន្លូង ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅជំហានដំបូង គេមិនបានដឹងថា មានរឿងអ្វីកើត ឡើងនៅ ក្នុងអគារទីស្នាក់ការធនាគារ អេស៊ីលីដា ខាងលើនេះឡើយ ។ ប៉ុន្ដែប្រភពព័ត៌មាន បានឱ្យដឹង ថា នៅយប់ថ្ងៃទី២២ ខែមករា គេបានឮស្នូរសំឡេងក្ដុងក្ឌាំង ស្នូរដូចជាសំឡេងគ្រាប់កាំភ្លើង ផ្ទុះនៅក្នុង អគារទីស្នាក់ ការធនាគារ តែគ្មានអ្នកណាដឹងថា មានរឿងហេតុអ្វីកើតឡើង នៅខាងក្នុងនោះទេ ព្រោះ តែទីស្នាក់ការ ត្រូវបាន គេចាក់សោបិទទ្វារជិត ចំណែកសមត្ថកិច្ច ពេលឮស្នូរសំឡេងក្ដុងក្ឌាំង ដូចផ្ទុះ អាវុធ នៅខាងក្នុង គឺមិនហ៊ានចូល ឆែកឆេរអ្វីនោះឡើយ បានត្រឹមតែដាក់កម្លាំងឡោមព័ទ្ធ ដេកយាម រង់ចាំពេលព្រឹកឡើង ចូលធ្វើការត្រួតពិនិត្យ តែប៉ុណ្ណោះ។ ប៉ុន្ដែនៅវេលាម៉ោង៥ ទៀបភ្លឺ ឈានចូល ថ្ងៃទី២៣ ខែមករា ស្រាប់តែគេឃើញបុរសម្នាក់ អាយុជាង២០ឆ្នាំ បានលោតចុះពីជាន់ទី១ នៃទីស្នាក់ការ ធនាគារខាងលើនេះ មកលើផ្ទះអ្នកជិតខាង ដែលនៅជាប់គ្នា រួចហើយស្រែកឱ្យគេឯងជួយ ថាមាន ករណីចោរចូលប្លន់ និងចាប់បង្ខាំងបុគ្គលិកនៅខាងក្នុង ទើបធ្វើឱ្យមានការ ផ្អើលឆោឡោឡើង ។

ក្នុងនោះយុវជនរត់រួច ដែលត្រូវបានគេស្គាល់ឈ្មោះ អាង ម៉ាត់លី អាយុជាង ២០ឆ្នាំ ជា បុគ្គលិកធនាគារខាងលើនេះ បានរៀបរាប់ឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង ៥ល្ងាច ថ្ងៃទី២២ ខែមករា ខណៈបុគ្គលិកម្នាក់ ចេញពីធ្វើការបានបន្ដិច ស្រាប់តែមានជនពីរនាក់ មកធ្វើការស្ទាក់ចាប់ រួចហើយនាំចូលទៅក្នុង អគារធនាគារវិញ ដែលមានបុគ្គលិកប្រចាំការនៅទីនោះ ចំនួន ២នាក់ទៀត ហើយពួកវាក៏ធ្វើសកម្មភាពបិទទ្វារ និងប្រើប្រាស់កាំភ្លើងខ្លីមួយដើមភ្ជង់ ចាប់បង្ខាំងបុគ្គលិកទាំងបីនាក់ ឱ្យនៅខាងក្នុង ដោយពួកវាទាមទាររកថ្នាំ ញៀន ហើយគំរាមថា បើហ៊ានរត់ វានឹងចុចគ្រាប់បែក ដែលដាក់បង្កៃនៅតាមមាត់ទ្វារឱ្យផ្ទុះ។ ពេលនោះបុគ្គលិក ធនាគារមិនសួរនាំពីគោលបំណង នៃសកម្មភាពខាងលើ ដោយសង្ស័យថា ពួកវាធ្វើសកម្មភាពប្លន់នោះ បុគ្គលិក ដែលជាប់ជាចំណាប់ខ្មាំង ក៏បានចាក់សោរប្រមូលលុយដាក់ស្បោង មួយស្បោងធំ ប្រគល់ទៅឱ្យវា ដើម្បីចាកចេញ ហើយដោះលែងបុគ្គលិកវិញ តែពួកវាមិនព្រមយកនោះឡើយ ហើយចេះតែទាមទាររកថ្នាំញៀន ហើយនិងវាយ ធ្វើទារុណកម្មមកលើចំណាប់ខ្មាំងជាបន្ដបន្ទាប់។ បុគ្គលិករូបនេះបានបន្ដឱ្យដឹងទៀតថា លុះនៅវេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ខណៈជនសង្ស័យ ហាក់ដូចជាងោក ខ្លួនក៏គិតឃើញថា បើនៅក៏ស្លាប់ បើ រត់ចេញអាចមានសង្ឃឹមរស់ ទើបខ្លួនសម្រុករត់ឡើងទៅលើជាន់ទី១ ហើយផ្លោះលោតចេញ រួចផុតពីការចាប់ធ្វើ ចំណាប់ខ្មាំងតែម្ដងទៅ ដោយមិនបានឃើញជនសង្ស័យ ដេញតាមនោះឡើយ ។

ដោយឡែកបុគ្គលិកចំនួន ២នាក់ ដែលកំពុងស្ថិតនៅជាចំណាប់ខ្មាំង ត្រូវបានគេស្គាល់ឈ្មោះ ទី១ ទីន គុយហេង ភេទប្រុស អាយុជាង២០ឆ្នាំ និងទី២ ឈ្មោះ ស៊ីម គឹមផាត ភេទប្រុស អាយុជាង២០ឆ្នាំដូចគ្នា។

នៅព្រឹកថ្ងៃទី២៣ ខែមករា ក្រោយពីសមត្ថកិច្ចដឹងថា ករណីខាងលើនេះ គឺមានឧក្រិដ្ឋជនចាប់បុគ្គលិកធនាគារ ធ្វើជាចំណាប់ខ្មាំង បង្ខាំងទុកនៅខាងក្នុងរួចមក កម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធ ត្រូវបានគេបញ្ជូនមកធ្វើការ ឡោមព័ទ្ធរាប់សិបនាក់ ហើយបន្ដបន្ទាប់មក គេក៏បានឃើញវត្ដមាន លោកព្រះរាជអាជ្ញាអមតុលាការខេត្ដកំពង់ ចាម ហួត វុទ្ធី , លោកឧត្ដមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្ដ , លោកឧត្ដមសេនីយ៍ វ៉ា សារិទ្ធ មេ បញ្ជាការកងរាជអាវុហត្ថខេត្ដ រួមទាំងមន្ដ្រីយោធា អាជ្ញាធរ សមត្ថកិច្ចជាច្រើនរូបទៀត បានចុះទៅដឹកនាំបញ្ជា ត្រួតពិនិត្យសភាពការណ៍ នៅកន្លែងកើត ហេតុ ដោយផ្ទាល់ តែសមត្ថកិច្ចនៅមិនទាន់ហ៊ានចូល ទៅក្នុងអគារនោះ ឡើយ។ លុះនៅវេលាម៉ោង១០ព្រឹក គេក៏ឃើញមានវត្ដមាន ប្រធានធនាគារអេស៊ីលីដាប្រចាំស្រុក ចុះទៅដល់ចំណុច កើតហេតុ ហើយ និយាយទូរស័ព្ទចរចាជាមួយក្រុមឧក្រិដ្ឋជន ដើម្បីដោះលែងបុគ្គលិករបស់ខ្លួន ជាថ្នូរនឹងការប្រគល់ ប្រាក់ជាច្រើនឱ្យ តែពួកវានៅមិនព្រម ហើយទាមទារឱ្យសមត្ថកិច្ច រកថ្នាំញៀនក្រាម ពណ៌ស ឱ្យទៅ ពួកវា ទើបសមត្ថកិច្ចសុខចិត្ដរកបានថ្នាំញៀនក្រាម ពណ៌ស រួមទាំងប្រដាប់ជក់ផង ដាក់ឱ្យពួកវា ស្រាប់តែពួកវាយកចូល ទៅខាងក្នុងបាត់ ហើយបន្ទាប់មក ពួកវានៅតែធ្វើការទាមទារ ឱ្យរកថ្នាំញៀន ប្រភេទគ្រាប់ ២០ គ្រាប់ ឱ្យទៅពួកវាម្ដង តែ សមត្ថកិច្ចមិនធ្វើតាមនោះឡើយ ហើយរកលេស រកមិន បាន ដើម្បីពន្យារពេលពួកវា។ បន្ទាប់មក ខណៈអស់លទ្ធភាព នៅម៉ោងប្រមាណជាង ១១ សមត្ថកិច្ចក៏ សម្រេចគាស់ទ្វារទីស្នាក់ការធនាគារ សម្រុកចូលទៅខាងក្នុង ដើម្បីរំដោះចំណាប់ខ្មាំង និង បង្ក្រាប ឧក្រិដ្ឋជន តែពេលទ្វាររបើកឡើង នាំគ្នាសម្រុកចូលទៅខាងក្នុង មិនឃើញចំណាប់ខ្មាំង និងឧក្រិដ្ឋជន នោះ ឡើយ ដែលក្រោយមកទើបដឹងថា ឧក្រិដ្ឋជនទាំងពីរនាក់ បាននាំចំណាប់ខ្មាំងទាំងពីរ ចូលទៅ ក្នុងបន្ទប់ដាក់ទូដែក តម្កល់ប្រាក់ ដែលស្ថិតនៅក្នុងបន្ទប់បុគ្គលិកធ្វើការជាន់ក្រោម រួចហើយចាក់សោរ ពីក្នុងជាប់ ដែលបន្ទប់ដាក់ទូដែក ខាងលើនេះ មិនមានម៉ាស៊ីនត្រជាក់ ឬកង្ហាអ្វីនោះទេ មានត្រឹមតែកង្ហាបឺតខ្យល់មួយតែប៉ុណ្ណោះ ហើយប្រើប្រាស់ សោសុវត្ថិភាព មិនងាយនឹងបើកបានងាយស្រួលទៀតផង។ ពេលឧក្រិដ្ឋជននិងចំណាប់ខ្មាំង ស្ថិតនៅក្នុងបន្ទប់ សុវត្ថិភាពយ៉ាងដូច្នេះ សមត្ថកិច្ចមិនហ៊ានសម្រុកចូលនោះឡើយ ព្រោះខ្លាចប៉ះពាល់ដល់អាយុជីវិតចំណាប់ខ្មាំង ហើយបានត្រឹមតែនិយាយចរចាគ្នា តាមទូរស័ព្ទតែប៉ុណ្ណោះ តែការព្យាយាមចរចានេះ គឺមិនមានលទ្ធផលអ្វីនោះ ទេ ដោយគេសន្និដ្ឋានថា ក្រុមឧក្រិដ្ឋជនជាមនុស្សញៀនថ្នាំលែងដឹងខុសត្រូវ ហើយវាក៏មិនមែនជាករណីចោរចូល ប្លន់ធនាគារនោះដែរ ព្រោះប្រសិនបើចោរមានបំណងចូលប្លន់យកប្រាក់ គឺពួកវាយកតែប្រាក់រត់គេចខ្លួនបាត់តាំងពី យប់មកម្ល៉េះ មិនមែនចំណាប់ខ្មាំងប្រគល់់លុយឱ្យ វាមិនយកនោះទេ។ ដោយឡែកលោក អ៊ិន ចាន់នី ប្រធាន នាយកប្រតិបត្ដិ ធនាគារអេស៊ីលីដា បានឆ្លើយប្រាប់ដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៣ ខែមករា ពាក់ព័ន្ធ ទៅនឹងករណីខាងលើនេះឱ្យដឹងថា ធនាគាររបស់លោកមានកម្លាំងការពារសន្ដិសុខប៉ុណ្ណឹងហើយ នៅជនល្មើសចូល ធ្វើសកម្មភាពបានទៀត តែលោកអះអាងថា ជនល្មើសដែលធ្វើសកម្មភាព មិនត្រូវការលុយនោះទេ គឺត្រូវការតែថ្នាំ ញៀនប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ថាទីស្នាក់ការធនាគារអេស៊ីលីដា មិនមានសុវត្ថិភាពឱ្យសោះ ។

បន្ទាប់ពីការឡោមព័ទ្ធ និងចរចាមិនទទួលបានជោគជ័យ នៅវេលាម៉ោងជាង៣រសៀល គេឃើញកម្លាំងសមត្ថកិច្ច ពិសេស ស្លៀកពាក់ឈុតខ្មៅ មានគ្នាជាង ២០នាក់ ជិះរថយន្ដ ៣គ្រឿង ធ្វើដំណើរពីភ្នំពេញទៅដល់ ក្នុងគោល បំណងសម្រុកចូល ដើម្បីរំដោះយកចំណាប់ខ្មាំង។ ក្នុងនោះជំហានដំបូង កម្លាំងពិសេសចង់ប្រើប្រាស់វិធី បាញ់គ្រាប់បែកផ្សែងចូលទៅក្នុងបន្ទប់នោះ រួចហើយសម្រុកចូលទៅចាប់តែម្ដង តែក្រោយពីពិភាក្សាគ្នាដឹងថា ការបាញ់គ្រាប់បែកផ្សែងចូល គឺត្រូវការរយៈពេល ៥នាទី ទើបអ្នកនៅខាងក្នុងសន្លប់ ដូច្នេះចន្លោះពេលនេះ ជន សង្ស័យអាចធ្វើបាប ឬក៏សម្លាប់ចំណាប់ខ្មាំងនោះ ទើបសមត្ថកិច្ចប្ដូរយុទ្ធវិធី ហើយដកថយវិញ ដោយទុកពេល វេលា ឱ្យតំណាងធនាគារធ្វើការចរចាជាមួយឧក្រិដ្ឋជនជាបន្ដទៀត ដោយសមត្ថកិច្ចសុខចិត្ដបើកផ្លូវ ឱ្យឧក្រិដ្ឋជន រត់ចេញ ធ្វើយ៉ាងណាឱ្យតែដោះលែងចំណាប់ខ្មាំង តែគិតរហូតមកដល់ម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃដដែល គេនៅមិនទាន់បានទទួលលទ្ធផល អ្វីនោះទេ ដោយសមត្ថកិច្ចដាក់កម្លាំងឃ្លាំមើលដដែល ដែលគេដឹងថា យ៉ាងហោចណាស់ក៏មានកម្លាំងជាង ១០០នាក់ ដែរ ត្រូវបានគេបញ្ជូនមកធ្វើការឡោមព័ទ្ធ ក្នុងវិបត្ដិចំណាប់ខ្មាំងខាងលើនេះ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]