ហ្វីលីពីន៖ អ្នកភូមិជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយកូនជ្រូកចម្លែកមួយក្បាលកើតមក ខុសពីជ្រូកដទៃ មានក្បាល២ ភ្នែក៣ ដ៏កម្រនឹងមាន។

ករណីកូនជ្រូកចម្លែកនេះ កើតនៅក្នុងភូមិ Calian ខេត្ត Sultan Kudarat ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលមានម្ចាស់ឈ្មោះ អ្នកស្រី Dalipe ជាអ្នកចិញ្ចឹម (ចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ)។

អ្នកស្រី Dalipe និងកូនជ្រូក Mara Clara

អ្វីដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនាំគ្នាមកមើលកូនជ្រូកនេះ ក៏ព្រោះតែវាកើតមកមានក្បាល២ ច្រមុះ២ និងភ្នែក៣។ កូនជ្រូក(ញី)នេះត្រូវបានអ្នកស្រី Dalipe ដាក់ឈ្មោះឲ្យថា Mara Clara ប៉ុន្តែជួនកាលអ្នកស្រីហៅវាថា ជាជ្រូកសំណាងផងដែរ។

បើតាមការឲ្យដឹងពីអ្នកស្រី Dalipe និយាយថា អ្នកស្រីក៏ភ្ញាក់ផ្អើលនូវអ្វីដែលបានកើតឡើងនេះផងដែរ។ ដោយសារតែសភាពរបស់ Mara Clara បែបនេះ ក្រោយពេលកើត អ្នកស្រីក៏បានយកវាទៅដាក់នៅរោង (ឬទ្រុង) ដាច់ដោយឡែកពីគេ ដើម្បីធានាសុវត្ថិភាព និងផ្តល់ការថែទាំដ៏ល្អដល់វា លើកលែងតែពេលវាបៅដោះមេវា ទើបអ្នកស្រីយកវាទៅដាក់ក្នុងទ្រុងជាមួយនឹងគេ និងលើកវាចេញវិញនៅពេលក្រោយ។

អ្នកស្រី Dalipe និងកូនជ្រូក Mara Clara

ថ្លែងប្រាប់សារព័ត៌មាន Newsflare អ្នកស្រី Dalipe និយាយថា អ្នកស្រីគិតថាកូនជ្រូកនេះ គឺជាកូនជ្រូកសំណាង ព្រោះថាវាពិតជាកម្រមានណាស់។ ហើយវាក៏ពិតជាភ្ញាក់ផ្អើលដែរ ដែលវាអាចនៅមានជីវិតរស់បាន និងថែមទាំងមានសុខភាពល្អទៀត។ វាជាជ្រូកដែលមានកម្លាំងកំហែងល្អ ដូចបងប្អូនជ្រូកវាដទៃទៀតដែរ។

អ្នកស្រីបន្តថា មានមនុស្សជាច្រើនគិតថា កូនជ្រូកនេះប្រហែលជាមិនរស់ទេ ប៉ុន្តែផ្ទុយទៅវិញ វាពិតជាមាំមួន ហើយអ្នកស្រីក៏តែងតែមើលថែទាំវាយ៉ាងយកចិត្តទុកដាក់ជាងគេផងដែរ។

កូនជ្រូក Mara Clara

អ្នកជំនាញខាងពេទ្យសត្វក្នុងស្រុកម្នាក់ ឈ្មោះ Allan Alimajen Jr បានលើកឡើងថា កូនជ្រូកនេះកើតនូវលក្ខខណ្ឌជំងឺដ៏កម្រម្យ៉ាង «Polycephaly» ដែលធ្វើឲ្យកើតមានក្បាលលើសពី១។ វាក៏ជាបញ្ហានៃហ្សែនមិនប្រក្រតីផងដែរ។ លក្ខខណ្ឌនៃជំងឺនេះ ក៏អាចកើតមានឡើងបានទាំងទៅលើមនុស្ស និងសត្វ ប៉ុន្តែគ្រាន់តែថា ស្ថិតក្នុងអត្រាមួយដ៏ទាបបំផុតតែប៉ុណ្ណោះ។

អ្នកស្រី Dalipe និងកូនជ្រូក Mara Clara

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលកើតមានករណីកូនជ្រូកក្បាល២បែបនេះ ព្រោះជាក់ស្តែងកន្លងមក នៅបណ្តាប្រទេសមួយចំនួនដូចជា ចិន ក៏ធ្លាប់មានករណីស្រដៀងគ្នានេះដូចគ្នា ប៉ុន្តែកូនជ្រូកត្រូវបានងាប់ទៅវិញក្រោយពេលកើត បានត្រឹមរយៈពេលខ្លី ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]