កាណាដា៖  ចោរដាច់យ៉ៃម្នាក់បានធ្វើសកម្មភាពចូលប្លន់លុយក្នុងហាងទំនិញមួយកន្លែងនៅក្នុងរដ្ឋ Ontario តែត្រូវបានស្ត្រីជាម្ចាស់ហាងយកផ្លែចេកវាយចំផ្ទៃមុខពេញមួយទំហឹងជាច្រើនលើករហូតដល់រត់ចេញក្រៅហាងបាត់។

អ្នកស្រី Seungae Kim មានអាយុ៦៩ឆ្នាំ ជាម្ចាស់ហាងលក់ទំនិញ A&J ក្នុងទីក្រុង Cooksville នៃរដ្ឋ Ontario។  អ្នកស្រីត្រូវបានមហាជនកោតសរសើរពីភាពក្លាហានរបស់គាត់យ៉ាងខ្លាំងដោយការប្រថុយអាយុជីវិតខ្លួនឯងប្រយុទ្ធជាមួយចោរដោយប្រើត្រឹមផ្លែចេកវាយចំផ្ទៃមុខយ៉ាងដំណំ។

អ្នកស្រី Seungae Kim

អ្នកស្រី Kim បាននិយាយថា៖ “ក្នុងថ្ងៃកើតហេតុ ខ្ញុំបានកាច់ផ្លែចេកមួយយកមកហូប ហើយអង្គុយធ្វើការជាមួយប្តីខ្ញុំដូចសព្វដង។ មួយសន្ទុះក្រោយស្រាប់តែមានបុរសម្នាក់ពាក់ម៉ាស់ខ្មៅបិទមុខយ៉ាងជិតរត់ចូលក្នុងហាងទំនិញខ្ញុំ។ ពេលនោះវាបានទាមទារឲ្យខ្ញុំបើកហិបលុយឲ្យវា។ ខ្ញុំគ្មានរបស់អ្វីការពារខ្លួនទេ មានតែចេកមួយស្និតនៅជិតដៃនេះឯង។ មិនគិតច្រើនខ្ញុំក៏ទាញចេកយកទៅវាយជាមួយចោរ ហើយថែមទាំងនិយាយថា ឯងមិនអាចយកលុយយើងទៅបានទេ”។

អ្នកស្រីបន្តថា "ខ្ញុំបានបន្តវាយចោរខ្លាំងឡើងៗពេលឃើញវាហ៊ានឈោងដៃមកយកលុយខ្ញុំ។  ខ្ញុំគ្រាន់តែចង់ការពារសុវត្ថិភាពប្តីខ្ញុំប៉ុណ្ណោះ មិនមែនចង់ប្រយុទ្ធជាមួយចោរនេះទេ"។

ក្រោយកើតហេតុប៉ូលិសបានធ្វើការសន្និដ្ឋានថា  ជនសង្ស័យបានចូលទៅប្លន់ទំនិញប្រហែលមិនរងរបួសអ្វីធ្ងន់ធ្ងរឡើយ។ ប៉ូលិសបន្តថា "ពិតជាកោតសរសើរអ្នកស្រី Kim មែនទែន ដែលគាត់អាចបញ្ឈប់សកម្មភាពចោរ ត្រឹមប្រើចេកវាយជាមួយចោររយៈពេលត្រឹមប៉ុន្មានវិនាទី"។

ទោះយ៉ាងណានេះជាសំណាងរបស់គាត់ ដែលចោរមិនបានតបតនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕

មានវីដេអូនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]