ខេត្តស្ទឹងត្រែង ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​មាន​ចង​ភ្ជាប់​ជាមួយ​ដុំ​ថ្ម​បាន​អណ្តែត​ក្នុង​ទន្លេសេកុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ ៦​នឹង​២៤​នាទី​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៩ នៅ​ចំណុច​ខាង​មុខ​សាលាឆទាន (​ត្រើយម្ខាង​) ស្ថិត​ក្នុងភូមិ​បាន​បុ​ង ឃុំ​ភ្លុក ស្រុក​សេ​សាន។

សព​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស មាន​អាយុ​ប្រហែល​ជាង​២០​ទៅ​៣០​ឆ្នាំ មាន​កម្ពស់​១,៦៥​ម៉ែត្រ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​សាំ សឿ​ន ភេទ​ប្រុស រស់នៅ​ភូមិ​ភ្លុក បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ទៅ​ដាក់​មង​ក្នុង​ដង​ទន្លេ​ក៏​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​មាន​សភាព​ហើម​អណ្ដែត​ក្នុង​ទន្លេសេកុង​មក​ទើ​នៅ​ចំណុច​ខាង​មុខ​សាលាឆទាន​(​ត្រើយម្ខាង​) ហើយ​សព​ជន​រង​គ្រោះ​នោះ​មាន​ចង​ភ្ជាប់​ជាមួយ​ដុំ​ថ្ម​ថែម​ទៀត ។ បន្ទាប់​ពី​ហេតុការណ៍​ដូច្នេះ គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ ។

បន្ទាប់​ពី​ទទួល​បាន​សេចក្តី​រាយ​កាណ៍​ភ្លាម កម្លាំង​ជំនាញ​សហការ​ជាមួយ​អធិការ​នគរបាល​ស្រុក​សេ​សាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​សព រក​ឃើញ​ថា ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ប្រាកដ​មែន ព្រោះ​សព​ជន​រង​គ្រោះ​ត្រូវ​គេ​វាយ​ពីក្រោយបណ្តាល​ឱ្យ​​បាក់​ក ហើយត្រូវ​គេ​យក​​ចងខ្សែ​ពី​.​កមក​ដើមដៃ​ស្តាំ រួច​ព័ទ្ធ​មក​ចង​គល់ភ្លៅ​ជាមួយ​ដុំ​ថ្ម​ចំនួន​៤​ដុំ​ដែល​មាន​ទម្ងន់​ប្រហែល​៣០​គីឡូក្រាម រីឯ​ខ្សែ​ចង​ដុំ​ថ្ម​មាន​៤​ប្រភេទ​ផ្សេង​គ្នា​)​។

បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ជូនដំណឹង​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ជ្រាប​ជា​របាយការណ៍​តាម​នីតិវិធី ហើយ​លោក​ព្រះរាជអាជ្ញា​បាន​អនុញ្ញាត​ឱ្យ​មេ​ភូមិ​-​មេឃុំ​បញ្ចុះសព​ជន​រង​គ្រោះ​នៅ​ទល់មុខ​ភូមិ​បាន​បុ​ង ត្រង់​ចំណុច​មាត់​អូរ​ស៊ីម៉ង​ឃុន ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]