ភ្នំពេញ៖ កាលពីថ្ងៃទី ២០ មករា កន្លងទៅក្រុមហ៊ុន Grab បានអបអរសមិទ្ធផលនៃការផ្ដល់សេវាដឹកអ្នកដំណើរបាន ៣ ពាន់លានជើង ចាប់តាំងពីក្រុមហ៊ុនចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១២ មក ដោយក្នុងនោះការធ្វើដំណើរមានរយៈចម្ងាយសរុបជាង ២១ ពាន់លានគីឡូម៉ែត្រ។

ដើម្បីអបអរសមិទ្ធផលដ៏ធំធេងនេះ Grab បានបញ្ចេញនូវស្ថិតិសំខាន់ៗមួយចំនួន ដែលបានកត់ត្រាទុកដូចជា ទារកចំនួន ២១ នាក់បានកើតអំឡុងពេលធ្វើដំណើរដោយប្រើសេវា Grab (អនុស្សាវរីយ៍គួរឲ្យចងចាំណាស់មែនទេ) ហើយក្នុងរយៈកាលជាង ៦ ឆ្នាំមកនេះ Grab បានពង្រីកខ្លួនរហូតមានវត្តមាននៅក្នុងទីក្រុងចំនួន ៣៣៦ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

នៅខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុនផ្ដល់សេវាហៅយានជំនិះនេះ សម្រេចបាននូវជោគជ័យក្នុងការផ្ដល់សេវាធ្វើដំណើរបាន ១ ពាន់លានដង។ ត្រឹមតែប្រាំបួនខែក្រោយមកក្រុមហ៊ុនសម្រេចបានការផ្ដល់សេវាធ្វើដំណើរចំនួន ២ ពាន់លានដង ហើយការប្រកាសពីសមិទ្ធផលលើកនេះ គឺអាចសម្រេចបានត្រឹមតែ ៦ ខែ ប៉ុណ្ណោះ បន្ទាប់ពីការប្រកាសនូវសមិទ្ធផលចាស់។

នៅវេលាម៉ោង ៩:៣២ នាទីយប់ថ្ងៃទី ២០ មករា ការធ្វើដំណើរចំនួន ៦១ ជើង បានចាប់ផ្ដើមក្នុងពេលតែមួយ ដែលការធ្វើដំណើរនោះបានធ្វើឲ្យការតួលេខសរុបឡើងដល់ ៣ ពាន់លានជើង។ ក្នុងនោះការធ្វើដំណើរមួយមានរយៈចម្ងាយ ៣៦៨ ម៉ែត្រ អំឡុងពេលភ្លៀងខ្លាំងក្នុងទីក្រុង Cirebon ប្រទេសឥណ្ឌូនេស៊ី ហើយអ្នកជិះម្នាក់ទៀតធ្វើដំណើររហូតដល់ទៅ ២៦.៥ គីឡូម៉ែត្រក្នុងទីក្រុងហ្សាកាតា។

សម្រាប់អ្នកបើកបរដៃគូ Grab ដែលបានដឹកជញ្ជូនទាំង ៦១ លើកនោះ មានម្នាក់ស្ថិតនៅក្នុងទីក្រុងកូឡាឡំពួរ ដែលបានបើកបរជាមួយនឹងក្រុមហ៊ុន Grab ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ហើយម្នាក់ទៀតនៅកោះបាលី ដែលទើបនឹងចូលរួមជាមួយ Grab បានបួនថ្ងៃប៉ុណ្ណោះ។ គ្រប់ពេលដែលការធ្វើដំណើរណាមួយ ត្រូវបានកក់ទុក សុវត្ថិភាព សន្តិសុខ និងភាពងាយស្រួល គឺជាកត្តាធំកំពូល។

ជាមួយនឹងសេវាបម្រើនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបក្រុមហ៊ុន Grab កម្ពុជា បានជួយអភិវឌ្ឍវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៧។ ការដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនូវសេវា Grab for Business ការពង្រីកបន្ថែមនូវកម្មវិធី GrabRewards ការសហការជាដៃគូជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន និងការផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរ បានជួយឲ្យ Grab ក្លាយជាសេវាហៅយានជំនិះ ដែលទំនើបបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]