ឥណ្ឌា៖ ក្មេងស្រីវ័យជំទង់ពីរនាក់បងប្អូនជនជាតិឥណ្ឌា ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ចំពោះភាពក្លាហាន និងការប្ដេជ្ញាចិត្ត បន្ទាប់ពីត្រូវបានរកឃើញថា ពួកគេទាំងពីរបានក្លែងខ្លួនធ្វើជាមនុស្សប្រុស អស់រយៈពេលជាង ៤ឆ្នាំ ក៏ព្រោះតែដើម្បីជួយគ្រួសារ។

Jyoti Kumari អាយុ ១៨ឆ្នាំ និងប្អូនស្រីរបស់នាង Neha អាយុ ១៦ឆ្នាំ មកពី Banwari Tola រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បានក្លែងខ្លួនធ្វើជាមនុស្សប្រុស ដោយកាត់សក់ខ្លី និងស្លៀកសម្លៀកបំពាក់បុរស អស់ពេលជាង ៤ឆ្នាំ ពោលគឺ តាំងពីឆ្នាំ២០១៤ ដើម្បីជួយស្រោចស្រង់កន្លែងរកស៊ី និងធ្វើជាជាងកាត់សក់ជំនួសឪពុក បន្ទាប់ពីឪពុករបស់នាងបានធ្លាក់ខ្លួនឈឺ ធ្វើអ្វីក៏លែងកើតបានត្រឹមតែដេកសម្រាកលើគ្រែ។

កាលណោះបងប្អូនស្រីទាំងពីរនាក់នេះ មានអាយុទើបតែ ១៣ និង ១១ឆ្នាំប៉ុណ្ណោះ។

បងប្អូនស្រីទាំងពីរ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ដំបូងឡើយចាប់តាំងពីឪពុករបស់ពួកគេបានធ្លាក់ខ្លួនឈឺ ហាងកាត់សក់ក៏ត្រូវបានបិទទ្វារដូចគ្នា។ ប៉ុន្តែដោយសារតែ បាត់បង់ប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ ម្យ៉ាងប្រាក់សន្សំក៏អស់ផងនោះ នៅទីបំផុត Jyoti និង Neha ក៏បានចាប់ផ្តើមបើកហាងកាត់សក់នោះជាថ្មី ជំនួសឪពុករបស់ពួកនាងតែម្តង។

ផ្ទុយទៅវិញ ដំបូងឡើយវាមិនបានដំណើរការទៅរលូននោះទេ ព្រោះថាភ្ញៀវប្រុសៗជាច្រើន តែងមានអារម្មណ៍ថា មិនមានទំនុកចិត្តនឹងពួកនាង ព្រោះតែពួកនាងគឺជាមនុស្សស្រី ទើបក្រោយមកបងប្អូនទាំងពីរនាក់នេះ ក៏បានសម្រេចចិត្តកាត់សក់ខ្លី និងក្លែងខ្លួនស្លៀកពាក់ប្រុសតែម្តងទៅ។

បងប្អូនស្រីទាំងពីរបាននិយាយថា ថ្វីត្បិតតែនេះគឺជាការងារដ៏លំបាក ប៉ុន្តែពួកនាងមិនមានជម្រើសនោះទេ។ ដូច្នេះមានតែផ្លាស់ប្តូរខ្លួនឯងឲ្យដូចជាក្មេងប្រុស រួមទាំងអាកប្បកិរិយាជាដើម ធ្វើជាមាំមួនដើម្បីកុំឲ្យភ្ញៀវមួយចំនួនមានមន្ទិលសង្ស័យ។

លើសពីនេះ ពួកនាងថែមទាំងក្លែងប្តូរឈ្មោះទៅជា Deepak និង Raju ថែមទៀតផង។ វាមិនមែនជាចេតនាអាក្រក់នោះឡើយ ប៉ុន្តែនេះគឺដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។

បងប្អូនស្រីទាំងពីរ

ជាការពិតណាស់ ការក្លែងខ្លួននេះដែរ បើសម្រាប់អ្នករស់នៅក្នុងភូមិ គឺដឹងពីអត្តសញ្ញាណពិតរបស់ពួកនាង ប៉ុន្តែសម្រាប់អ្នកមកពីចម្ងាយវិញ គឺពួកគេមិនអាចដឹងបានទេថា តាមពិតទៅពួកនាងគឺជាមនុស្សស្រី។

ប្រភពដដែលបន្តថា រាល់ថ្ងៃពួកនាងអាចរកចំណូល ពីការកាត់សក់នេះបាន ៤០០រ៉ូពី ឬប្រហែល ៦ដុល្លារ ក្នុងមួយថ្ងៃៗ ដែលអាចជួយផ្គត់ផ្គង់ក្នុងគ្រួសារ (អាហារ) បង់ថ្លៃព្យាបាលឪពុក និងការរៀនសូត្ររបស់ពួកនាងផងដែរ (ឆ្លៀតកាត់សក់ពេលសម្រាក)។

បងប្អូនស្រីទាំងពីរបានឲ្យដឹងទៀតថា អ្នករស់នៅក្នុងភូមិជាច្រើនបានសើចចំអកមើលងាយពួកនាង ចំពោះការក្លែងខ្លួនជាមនុស្សប្រុសនេះ។ ប៉ុន្តែទោះយ៉ាងណា ពួកនាងក៏ពុំដែលអើពើនឹងពាក្យសម្ដីទាំងអស់នោះឡើយ និងគិតតែពីខំប្រឹងធ្វើការងារតាមតែពួកនាងអាចធ្វើទៅបានដើម្បីជួយគ្រួសារ ម្យ៉ាងវាក៏គ្មានជម្រើសក្រៅពីនេះនោះឡើយ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីរឿងរ៉ាវរបស់ក្មេងស្រីទាំងពីរនាក់នេះ ត្រូវបានសាយភាយច្រើនលើអ៊ីនធើណែត រហូតមានកាសែតក្នុងស្រុកបានចុះធ្វើបទសម្ភាសន៍ពីពួកនាងផងនោះ បច្ចុប្បន្ន Jyoti និង Neha បាននិយាយថា ពេលនេះពួកនាងរឹតតែមានទំនុកចិត្តគ្រប់គ្រាន់ និងលាតត្រដាងពីភេទពិតប្រាកដ ហើយក៏លែងខ្មាសអៀនច្រើនដូចកាលពីមុននោះឡើយ។

ព្រោះថាឥឡូវនេះ មនុស្សជាច្រើនបានស្គាល់ពួកនាងច្បាស់ហើយ ថាជាមនុស្សស្រី ហើយពួកគេមួយចំនួនធំក៏បានលើកទឹកចិត្ត និងកោតសរសើរពីភាពក្លាហានរបស់ពួកនាងយ៉ាងខ្លាំង ក្នុងការស៊ូទ្រាំនឹងការងារ ក៏ដូចជាការជួយសម្រួលបន្ទុកក្នុងគ្រួសារ។

ជាពិសេស ពួកនាងថែមទាំងត្រូវបានអាជ្ញាធរក្នុងតំបន់ចុះទៅជួបផ្ទាល់ ក្នុងការជួយលើកកម្លាំងចិត្តដល់ពួកនាងទៀតផង។

មន្រ្តីក្នុងតំបន់លោក Abhishek Pandey បាននិយាយថា ទង្វើបែបនេះមិនត្រូវបានរំខានក្នុងសង្គមនោះទេ ប៉ុន្តែផ្ទុយទៅវិញពួកនាងធ្វើរឿងដ៏ត្រឹមត្រូវ ដោយឈរលើស្មារតីតស៊ូដើម្បីគ្រួសារទាំងមូល ពិសេស ជួយដល់ឪពុកម្តាយ ដោយមិនព្រងើយកន្តោយ។ នេះគឺជារឿងដ៏អស្ចារ្យមួយ ដែលបានសបង្ហាញពីតថភាពក្នុងសង្គម ហើយពួកនាងពិតជាស័ក្តិសមនឹងទទួលបានការសរសើរ និងកិត្តិយសខ្លាំងណាស់។ ពួកនាងគឺជាគំរូដ៏អស្ចារ្យនៃការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ក្នុងការតស៊ូជម្នះនឹងឧបសគ្គ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

បងប្អូនស្រីទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]