ខេត្តកំពង់ឆ្នាំង ៖ មុខសញ្ញា​ចាប់​ក្មេង​បង្ខាំង​ទុក​ជំរិត​ទារប្រាក់​ពី​អាណាព្យាបាល​ ត្រូវ​នគរបាល​ក្រុង​កំពង់​ឆ្នាំង សហការ​ជាមួយនគរបាល​រាជធានី​ភ្នំពេញចាប់ខ្លួន​បាន ​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅ​ផ្ទះ​សំណាក់​«​តារា​វង្ស​»​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ជនសង្ស័យ​ត្រូវ​នគរបាល​ក្រុង​កំពង់ឆ្នាំង ប្រគល់​ឲ្យ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះស្រេង បុរី អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កូន​ក្អែក​១ ឃុំ​របោះ​មង្គល ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង តែ​រស់នៅ​មិន​ពិតប្រាកដ ។ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ពី​ករណី​ចាប់​ក្មេង​បង្ខាំង​ទុក ​ដើម្បី​ជម្រិត​ទារប្រាក់​រួច​មក សមត្ថកិច្ច​ក៏​តាម​ស្រាវជ្រាវ ខណៈ​ជនសង្ស័យ​ចល័ត​ខ្លួន​ទៅ​ច្រើន​កន្លែង ។ ចុង​ក្រោយ​នគរបាល​ក៏​សហការ​គ្នា​តាម​រក និង​ចាប់ខ្លួន​បាន ខណៈ​គេ​កំពុង​ស្នាក់​នៅ​ផ្ទះ​​សំណាក់​មួយ​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ។

​នគរបាល​ខណ្ឌឫស្សីកែវ​ឱ្យ​ដឹង​ថា ស្រេង បុរី នេះ គឺជា​អ្នកទោស​ដែល​រត់​ចេញពី​ពន្ធនាគារ ហើយ​បាន​លួង​លោម​ក្មេង​ជា​សិស្សសាលា​ យក​ទៅ​បង្ខាំង​ទុក​ក្នុងផ្ទះ​សំណាក់​ជំរិត​ទារប្រាក់​ចំនួន​២​ពាន់​ដុល្លារ​កាលពី​២​ខែ​មុន ។ គេ​បាន​រត់គេច​ខ្លួន​ពី​ពន្ធនាគារ​ព្រៃ.​ស នៅ​អំឡុង​ឆ្នាំ​២០១៧ ពី​បទ​វាយ​ប្លន់ ។ ចំណែក​ដើមបណ្តឹង​ឈ្មោះ​​ឱ​ក សុ​ភី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជា​អ្នក​លក់ដូរ រស់នៅ​ផ្ទះ​លេខ​១៧M ផ្លូវលំ​ក្រុម​១៤ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ឈុ​ន សុ​វ​ណ្ណា​រ័​ត្ន អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៨​នៃ​វិទ្យាល័យ​ឫស្សី​កែវ ។

នគរបាល​ខណ្ឌឫស្សីកែវឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​២០​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណតរថយន្ត​ក្រុង មុខ​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​៥​តាម​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ សិស្ស​រង​គ្រោះ​បាន​ឈប់​ចាំ​ជិះ​រថយន្ត​ទៅ​ផ្ទះ ។ ស្រប​ពេល​នោះ​ស្រាប់តែ​គេ​ត្រូវ​ស្រេង បុរី លួងលោម​នាំ​ទៅ​ទទួល​ទាន​អាហារ ហើយ​ក៏​យក​ទៅ​បង្ខាំង​ទុក​នៅផ្ទះ​សំណាក់​មួយ​ម្តុំ​គល់​ស្ពាន​ព្រែក​ព្នៅ ។

នគរបាល​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​១២ និង​៤៧​នាទី​ថ្ងៃត្រង់ ថ្ងៃ​ដដែល ស្រេង បុរី បាន​ប្រើ​លេខ​ទូរស័ព្ទ ០៩៦ ៨៧២ ៨២៥៥ ខ​ល​ទៅ​ម្តាយ​ក្មេង​រង​គ្រោះ​ជំរិត​ទារប្រាក់​ចំនួន​២​ពាន់​ដុល្លារ បើ​ចង់បាន​កូន​ត្រឡប់​ទៅ​វិញ ។ ក្រុម​គ្រួ​សារបាន​តថ្លៃ​នៅ​សល់​តែ​៥០០​ដុល្លារ និង​បាន​វេរ​ប្រាក់​ឲ្យ​តាម​វី​ង​នៅ​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ។ បន្ទាប់​ពី​បាន​ប្រាក់​ហើយ គេ​នៅ​តែ​ពុំ​ទាន់​ដោះ​លែង​ក្មេង​ប្រុស​រង​គ្រោះ​ទេ ។ មួយសន្ទុះ​ក្រោយ​ស្រេង បុរី បាន​ទូរស័ព្ទ​ទារប្រាក់​ចំនួន​២០០​ដុល្លារ​បន្ថែម​ទៀត តែ​ម្តាយ​ក្មេង​រង​គ្រោះ​អត់​មាន ក៏​សុំ​ឱ្យ​ត្រឹម​៥០​ដុល្លារ ។ ក្រោយមក​ប្រមាណ​កន្លះ​ម៉ោង​ទើប​គេ​ដោះ​លែង​ក្មេង​រង​គ្រោះ​ឲ្យ​ទៅ​ផ្ទះ​វិញ ។

ប្រភព​ព័ត៌មាន​ថា អ្នកស្រី​ឱ​ក សុ​ភី បាន​ដាក់​ពាក្យបណ្តឹង ហើយ​នគរបាល​ខណ្ឌឫស្សីកែវ បាន​ស្រាវជ្រាវ សុំ​បើក​ការ​ស៊ើបអង្កេត​បឋម​ចុះ​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨​ដោយ​លោក​កែវ សុធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឈាន​ទៅ​សហការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅផ្ទះ​សំណាក់​ក្នុង​ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​គេ​គេច​ទៅ​សម្ងំ​លាក់ខ្លួន​អស់​ប្រមាណ​២​ខែ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]