ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Basel នៃប្រទេសស្វីស បានរកឃើញវិធីសាស្ត្របញ្ឈប់ការលូតលាស់នៃកោសិកាមហារីក និងបង្ការការផ្លាស់ទីនៃកោសិកាទៅផ្នែកផ្សេងៗនៃរាងកាយ ហើយជាពិសេសគេរកឃើញថា កោសិកាមហារីកត្រូវបានបំលែងទៅជាកោសិកាខ្លាញ់ទៀតផង លើសត្វកណ្តុរដែលគេបានសិក្សាក្នុងមន្ទីរពិសោធន៍។

តាមរយៈការបោះពុម្ពផ្សាយរបស់ Journal Cancer Cell បានឲ្យដឹងថា ការស្រាវជ្រាវនេះត្រូវបានប្រើប្រាស់សម្មតិកម្មមួយទាក់ទងនឹងមេកានិចជីវសាស្ត្រនៃការវិវឌ្ឍន៍កោសិកាពីរប្រភេទនៃកោសិកាមួយទៅប្រភេទមួយផ្សេងទៀត (Epithelial -Mesenchymal transition) ដែលក្នុងអំឡុងពេលនេះហើយ កោសិកាមហារីកបានផ្លាស់ប្តូរមេកានិចទៅជា Mesenchymal - Epithelial transition ទៅវិញ។

ជាលទ្ធផល វាអាចធ្វើការផ្លាស់ទីពីផ្នែកមួយនៃសរីរាង្គទៅផ្នែកផ្សេងទៀតនៃរាងកាយ និងអាចធ្វើការលូតលាស់ទៅជាមហារីកកាច។  ហេតុនេះហើយក្រុមអ្នកស្រាវជ្រាវបានយល់ឃើញថា  បើយើងអាចកាត់ផ្តាច់ឱកាសរបស់កោសិកាមហារីកក្នុងការប្រើប្រាស់មេកានិចជីវសាស្ត្រ (Mesenchymal-epithelial transition)   យើងក៏នឹងអាចធ្វើឲ្យកោសិកាមហារីកចុះខ្សោយ បញ្ឈប់ការលូតលាស់ និងការផ្លាស់ទីនៃកោសិកាមហារីកទៀតផង។

មេកានិចជីវសាស្ត្រនៃការបំលែងរបស់កោសិកា

ដើម្បីបញ្ជាក់សម្មតិកម្មមួយនេះ គេបានសិក្សាទៅលើសត្វកណ្តុរដោយការចាក់បញ្ចូលកោសិកាមហារីកនៃសុដន់។  បន្ទាប់មកគេបានផ្តល់ឲ្យកណ្តុរនូវថ្នាំ២ប្រភេទ ដែលត្រូវបានអនុញ្ញាតរួចមកហើយ ដោយក្រសួងចំណីនិងថ្នាំរបស់សហរដ្ឋអាមេរិក។ ថ្នាំមួយប្រភេទជាប្រភេទថ្នាំប្រឆាំងនឹងកោសិកាមហារីក (Cancer inhibitor) និងមួយប្រភេទទៀតជាថ្នាំជំងឺទឹកនោមផ្អែម

ជាលទ្ធផលគេរកឃើញថា វាដូចទៅនឹងអ្វីដែលគេបានគិតទុកពិតមែន។ លោក Gerhard Christofori, សាស្ត្រាចារ្យផ្នែកគីមីជីវនៃសាកលវិទ្យាល័យ Basel  បានឲ្យដឹងថា “ឥទ្ធិពលរបស់ថ្នាំបានកាត់ផ្តាច់មេកានិចពិសេសរបស់កោសិកាមហារីក (Mesenchymal-epithelial transition) ដែលជាលទ្ធផល កោសិកាមហារីកមិនត្រឹមបញ្ឈប់ការរីកលូតលាស់ប៉ុណ្ណោះទេ  ថែមទាំងបំលែងទៅជាកោសិកាខ្លាញ់ទៀតផង”។

បើទោះបីជាយ៉ាងណាក៏ដោយ វាទើបតែជាដំណាក់កាលដំបូងនៃការស្រាវជ្រាវប៉ុណ្ណោះ ហើយយើងទើបបានសិក្សាលើសត្វកណ្តុរប៉ុណ្ណោះ ដូច្នេះប្រសិទ្ធភាពរបស់វាចំពោះមនុស្ស  យើងពុំទាន់ដឹងនៅឡើយ។  ជាហេតុទាមទារឲ្យមានការសិក្សាបន្ថែមទៀត ហើយដំណាក់កាលបន្ទាប់ ក្រុមអ្នកស្រាវជ្រាវនឹងបន្តមើលលទ្ធភាពនៃការរួមបញ្ចូលរបកគំហើញនេះជាមួយនឹងវិធីសាស្ត្រព្យាបាលប្រើប្រាស់ថ្នាំគីមី (Chemotherapy) ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្យាបាល៕

សត្វកណ្តុរក្នុងមន្ទីរពិសោធន៍ ដែលត្រូវបានប្រើប្រាស់ក្នុងការស្រាវជ្រាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]