រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​តារា​សម្តែង ហើយ​ត្រូវជា​មិត្ត​ប្រុស​របស់​តារាចម្រៀង​អ្នក​នាង ពេជ្រ សោភា ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​យក​ទៅ​បាត់​បាន​សម្រេច ខណៈ​ពេល​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​មក​ពី​ហូប​ពោត​ស្ងោរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងកើត​ស្តុ​ប​ពេ​ទ​ផ​ន តាម​បណ្ដោយ​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។

តារា​សម្តែង​រង​គ្រោះ​ដោយសារ​ជនសង្ស័យ​ឆក់​មានឈ្មោះ ឆឹម សក្កដា អាយុ​28​ឆ្នាំ ជា​តារា​សម្ដែង និង​តារា​ម៉ូ​ដែល ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

តាម​សម្តី​តារា​សម្ដែង​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ជិះ​ចេញពីផ្ទះ​នៅ​ម្តុំ​បឹង​សាឡា​ង​តែ​ម្នាក់ឯង គោលបំណង​ទៅ​ហូប​ពោត​ស្ងោ​នៅ​ម្តុំ​វិមាន​ឯករាជ្យ​។

ពេល​ហូប​រួច​ហើយ គាត់​ក៏​បាន​ជិះ​ត្រលប់​មក​ផ្ទះ​វិញ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៨៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​កើតហេតុ គាត់​ក៏​បាន​ដក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Oppo R17 Pro របស់​គាត់​យក​មក​លេង​ហ្វេ​ស​ប៊ុ​ក ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ស្លាក​លេខ មក​ពីក្រោយ រួច​ក៏​ឆក់​ទូរស័ព្ទ​ដៃ​ពី​រូប​គាត់ បណ្ដោយ​ឱ្យ​ទូរស័ព្ទ​ជ្រុះ​ទៅ​លើ​ដី ភ្លាម​ៗ​នោះ​ក៏​មាន​បក្សពួក​របស់​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត មក​រើស​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

លោក ឆឹម សក្កដា បាន​បញ្ជាក់​ទៀត​ថា គាត់​មិនសូវ​ស្តាយ​ទូរស័ព្ទ​ដៃ​ដែល​ត្រូវ​ក្រុម​ចោរឆក់​យក​ទៅ​នោះ​ទេ គឺ​គាត់​ស្តាយ​ឯកសារ​សំខាន់​ៗ​ដែល​គាត់​បាន​រក្សា​ទុក​ក្នុង​ទូរស័ព្ទ​ដៃ​នោះ គឺ​មាន​ដូច​ជា ម៉ែ​រូ​ឡូ​ឌី​ចម្រៀង និង​បា​រ៉ូ​រឿង​ខ្លី​ៗ​ដែល​គាត់​បាន​និពន្ធ​ជា​ច្រើន ជា​ឯកសារ​ដែល​គាត់​គ្រោង​ចូល​ទៅ​ក្នុង​ផលិតកម្ម​មួយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​តារា​សម្ដែង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ទៅ​សួរនាំ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​១ ដើម្បី​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនសង្ស័យ​យក​មក ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា