ភ្នំពេញ៖ ថ្ងៃទី ១៦ មករា ២០១៩ ក្រុមហ៊ុន ZhongAn Online P&C Insurance (“ZA Insurance) ដែលជាក្រុមហ៊ុនធានារ៉ាប់រងផ្ដល់សេវាតាមអ៊ិនធឺណិតដំបូងគេនៅក្នុងប្រទេសចិនបានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ZhongAn Technologies International Group Limited (“ZA International”) និងក្រុមហ៊ុន Grab Holdings Inc (“Grab”) ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ នឹងបង្កើតក្រុមហ៊ុនវិនិយោគរួមមួយ ដើម្បីធ្វើអាជីវកម្មចែកចាយផលិតផលធានារ៉ាប់រងបែបឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការវិនិយោគរួមនេះនឹងបង្កើតជាផ្សារធានារ៉ាប់រងបែបឌីជីថល ដែលមានលក់ផលិតផលធានារ៉ាប់រងដោយផ្ទាល់ក្នុងប្រភេទផ្សេងៗជាច្រើនតាមរយៈកម្មវិធីចល័តរបស់ Grab។ ក្រុមហ៊ុនវិនិយោគរួមនេះ នឹងសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងក្នុងពិភពលោក ដើម្បីអភិវឌ្ឍផលិតផលដែលត្រូវបានបង្កើតឡើង ជាពិសេសឲ្យស្របតាបតម្រូវការនៃការរស់នៅរបស់ប្រជាជនអាស៊ីអាគ្នេយ៍។

នៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងក្រុមហ៊ុន ZA International ដែលជាក្រុមហ៊ុនបង្កើត ឡើងដោយ ZA Insurance សម្រាប់ការអភិវឌ្ឍន៍អាជីវកម្មក្រៅប្រទេស នឹងនាំយកធនធានបច្ចេកទេស ដើម្បីបង្កើតកម្មវិធីចែកចាយផលិតផលធានារ៉ាប់រង និងចំណេះដឹងផ្នែកប្រព័ន្ធអ៊ិនធឺណិតយកមកដំណើរការក្រុមហ៊ុនវិនិយោគរួមនេះ។ Grab នឹងដាក់ឲ្យដំណើរការកម្មវិធីធានារ៉ាប់រងបែបឌីជីថលនេះ នៅក្នុងកម្មវិធីចល័តរបស់ខ្លួន ហើយនឹងប្រើប្រាស់មូលដ្ឋានអ្នកប្រើប្រាស់ដ៏ច្រើនរបស់ខ្លួន ក៏ដូចជាការយល់ដឹងរបស់ខ្លួនផ្នែកអតិថិជន ដើម្បីផ្ដល់នូវផលិតផលធានារ៉ាប់រង តាមតម្រូវការសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់។

កម្មវិធីឌីជីថលនេះនឹងដាក់ឲ្យដំណើរការក្នុងប្រទេសសិង្ហបុរីនៅឆមាសទីមួយនៃឆ្នាំ ២០១៩ មុនពេលត្រូវដាក់ឲ្យដំណើរការនៅតាមប្រទេសផ្សេងទៀត។ កម្មវិធីនេះនឹងផ្ដល់លទ្ធភាពដល់ប្រជាជនដែលមិនប្រើសេវាធានារ៉ាប់រង ឬប្រជាជនដែលទទួលបានសេវាធានារ៉ាប់រងមិនគ្រប់គ្រាន់ ដើម្បីឲ្យពួកគាត់អាចទទួលបាននូវផលិតផលធានារ៉ាប់រងដោយប្រើប្រាស់ទូរស័ព្ទចល័តរបស់ខ្លួន ដែលធ្វើដូច្នេះអនុញ្ញាតឲ្យពួកគាត់អាចស្វែងរក និងទូទាត់ដោយផ្ទាល់លើផលិតផលធានារ៉ាប់រងក្នុងតម្លៃសមរម្យតាមរយៈកម្មវិធី Grab ដោយពុំចាំបាច់ត្រូវឆ្លងកាត់ភ្នាក់ងារ ឬឈ្មួញកណ្ដាលឡើយ។

ការវិនិយោគរួមគ្នារបស់ក្រុមហ៊ុនទាំងពីរនេះ នឹងជួយដោះស្រាយបញ្ហាប្រឈមនានា ដូចជា ការស្វែងរកសេវាធានារ៉ាប់រង បុព្វលាភរ៉ាប់រងដែលថ្លៃ និងជម្រើសក្នុងការទូទាត់ ពីព្រោះវាអនុញ្ញាតឲ្យការទូទាត់ប្រាក់បុព្វលាភរ៉ាប់រងអាចកំណត់ និងកាត់ចេញដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី GrabPay ឬដៃគូផ្សេងទៀតរបស់ខ្លួនដែលផ្ដល់សេវាទូទាត់បែបនេះ។ ជាដំបូង Grab ព្រមជាមួយនឹងក្រុមហ៊ុន Chubb នឹងផ្ដល់ជូននូវផលិតផលធានារ៉ាប់រងសម្រាប់អ្នកបើកបរ ដល់អ្នកបើកបរដៃគូរបស់ខ្លួនក្នុងប្រទេសសិង្ហបុរី ដើម្បីជួយការពារពួកគេពីការខាតបង់ប្រាក់ចំណូលដោយសារតែជំងឺ ឬ គ្រោះថ្នាក់។

កាលពីឆ្នាំមុន Grab បានពង្រីកវិសាលភាពរបស់ខ្លួនលើសពីអាជីវកម្មស្នូលផ្នែកដឹកជញ្ជូន ដើម្បីក្លាយជាកំពូលកម្មវិធីនៅក្នុងតំបន់ ហើយផ្ដល់ដល់អ្នកប្រើប្រាស់នូវសេវានានា ដូចជា សេវាដឹកជញ្ជូនម្ហូបអាហារ ដឹកជញ្ជូនកញ្ចប់ទំនិញ ដឹកជញ្ជូនគ្រឿងទេស សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មច្រើនទៀត។ នៅឆ្នាំនេះ Grab នឹងពង្រីកទៅរកសេវាផ្ញើប្រាក់អន្តរជាតិ និងសេវាថែទាំ សុខភាពតាមអនឡាញ។

លោក Ming Maa ប្រធានក្រុមហ៊ុន Grab មានប្រសាសន៍ថា៖ 

«ការដាក់ឲ្យដំណើរការនូវកម្មវិធីផ្ដល់សេវាធានារ៉ាប់រង គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើងក្នុងការក្លាយជាកំពូលកម្មវិធីឈានមុខគេសម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃនៅក្នុងតំបន់។ ជាមួយនឹងការទាញយកទៅប្រើប្រាស់ជាង ១៣០ លានដង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានវត្តមាននៅក្នុងទីក្រុងចំនួន ៣៣៦ ទីក្រុង ដូច្នេះការយល់ដឹងដ៏ស៊ីជម្រៅរបស់យើងទាក់ទិននឹងឥរិយាបថរបស់អ្នកប្រើប្រាស់ និងតម្រូវការរបស់ពួកគេផ្ដល់ លទ្ធភាពឲ្យយើងអាចផ្ដល់នូវផលិតផលធានារ៉ាប់រង ដែលជួយបង្កើតគុណតម្លៃសម្រាប់អតិថិជនរបស់យើង»។

លោក Wayne Xu អនុប្រធានក្រុមហ៊ុន ZhongAn ទទួលបន្ទុកអាជីវកម្មអន្តរជាតិ បានថ្លែងថា៖ 

«យើងមានសេចក្តីរីករាយក្នុងការប្រកាសពីភាពជាដៃគូស៊ីជម្រៅនេះ ជាមួយក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនយក្សផ្នែកអ៊ិនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរយៈកាលប្រាំឆ្នាំមកនេះ ក្រុមហ៊ុន ZA Insurance បានទទួលបទពិសោធន៍យ៉ាងច្រើនក្នុងការផ្ដល់សេវាការពារហានិភ័យក្នុងជីវិតប្រចាំថ្ងៃដល់អតិថិជនជាមនុស្សជំនាន់ថ្មី។ យើងបានចាប់ដៃជាមួយនឹងដៃគូផ្នែកអ៊ិនធឹណិតបែបនេះជាង ៣០០ ក្រុមហ៊ុន ហើយបាននាំចេញនូវសេវាកម្មបច្ចេកវិទ្យារបស់យើងជាមួយនឹងគោលបំណងរួមមានគឺដើម្បីកសាងប្រព័ន្ធសេវាធានារ៉ាប់រងដែលមានក្រុមហ៊ុន ZhongAn ជាស្នូល។ យើងមានជំនឿចិត្តថា យើងអាចបំពេញតម្រូវការផ្នែកធានារ៉ាប់រងដល់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យកាន់តែប្រសើរជាងមុនតាមរយៈក្រុមហ៊ុន Grab នឹងក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេផ្សេងទៀត»។

លោក Reuben Lai នាយកផ្នែកហិរញ្ញវត្ថុរបស់ Grab Financial បានថ្លែងថា៖ 

«បេសកកម្មរបស់យើង គឺនាំយកនូវសេវាកម្មហិរញ្ញវត្ថុដែលសំខាន់ និងមានតម្លៃសមរម្យមកទីផ្សារអាស៊ីអាគ្នេយ៍។ តាមរយៈភាពជាដៃគូនេះ យើងសង្ឃឹមថានឹងផ្ដល់ដល់អ្នកប្រើប្រាស់ដៃគូអ្នកបើកបរ និងពាណិជ្ជកររបស់យើងនូវសេវាធានារ៉ាប់រង ដែលមានតម្លៃសមរម្យសម្រាប់ការពារពួកគេពីភាពមិនប្រាកដប្រជាក្នុងជីវិតរស់នៅ។ ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាទូទាត់ឌីជីថលតែមួយគត់ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការនៅក្នុងបណ្ដាប្រទេសធំៗទាំងប្រាំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងនឹងប្រើប្រាស់វិសាលភាពគ្របដណ្ដប់ថ្នាក់តំបន់របស់យើង និងធ្វើការជាមួយនឹងក្រុមហ៊ុនដៃគូផ្នែកសេវាធានារ៉ាប់រងលំដាប់ពិភពលោក ដើម្បីពង្រីកវិសាលភាពរបស់យើងនៅក្នុងទីផ្សារឲ្យបានលឿន»។

ការវិនិយោគរួមគ្នាជាមួយនឹង Grab គឺជាការបោះជំហានទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ZA International ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អាជីវកម្មក្រៅប្រទេសសម្រាប់ក្រុមហ៊ុន ZA Online ដែលត្រូវបានបង្កើតឡើងនៅក្នុងខែ ធ្នូ ឆ្នាំ ២០១៧។ ទាក់ទងនឹងឆ្នាំដំបូងរបស់ក្រុមហ៊ុន ZA International លោក Bill Song ប្រធានប្រតិបត្តិការរបស់ ZA International បានថ្លែងថា៖ 

«ចាប់តាំងពីការបង្កើតក្រុមហ៊ុននេះឡើង ZA International បានផ្ដោតលើការកសាងសមត្ថភាពផ្នែកបច្ចេកវិទ្យា និងជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្មក្រៅប្រទេស។ ទៅថ្ងៃខាងមុខយើងសង្ឃឹមថាទីផ្សារអាស៊ីនឹងដើរតួជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកអាជីវកម្មរបស់យើងទូទាំងសកលលោក ជាមួយនឹងបេសកកម្មក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងតាមរបត់ថ្មី ក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាយ៉ាងចាក់ស្រេះនេះ»។

​​​​​​​​សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់វែបសាយ៖ www.grab.com ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]