ចិន៖ ជាការពិតណាស់ វាមិនមែនជារឿងងាយស្រួលឡើយ ដែលក្រុមគ្រូពេទ្យ ឬដុកទ័រគ្រប់រូប តែងតែចំណាយពេលអស់ជាច្រើនម៉ោងជាប់ៗគ្នា មិនថាយប់មិនថាថ្ងៃ ដើម្បីជួយព្យាបាល ឬវះកាត់ជូនអ្នកជំងឺ ទាំងខ្លួនឯងវិញមិនបានសម្រាក ភ្នែកខ្មៅអែ ខណៈក៏មានដុកទ័រមួយចំនួនតូចខ្លះ អស់កម្លាំងរហូតដល់ថ្នាក់ដួលសន្លប់ខ្លួនឯង ក្នុងបន្ទប់វះកាត់ក៏មាន។

ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពមួយសន្លឹករបស់លោកដុកទ័រវះកាត់ជនជាតិចិនម្នាក់ បានលង់លក់ក្រាបក្បាលលើគ្រែគេងអ្នកជំងឺ ទាំងដៃខ្លួនឯងកាន់ដៃអ្នកជំងឺជាប់ទៀតក្នុងមន្ទីរពេទ្យ ត្រូវបានបង្ហោះចែកចាយ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំង នៅលើបណ្តាញសង្គមចិន WeChat ក្រោយគេដឹងថា លោកវេជ្ជបណ្ឌិតរូបនេះ បានចំណាយពេលឥតសម្រាក ជាង ២០ម៉ោង ក្នុងការវះកាត់ជូនអ្នកជំងឺ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកវេជ្ជបណ្ឌិតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Luo Shanpeng បម្រើការនៅមន្ទីរពេទ្យ No.6 People’s Hospital of Guiyang ក្នុងខេត្ត Guizhou ប្រទេសចិន។

លោកវេជ្ជបណ្ឌិត Luo Shanpeng

ក្រោយមានការបែកធ្លាយរូបភាព ល្បីសុះសាយនេះ លោកវេជ្ជបណ្ឌិត Luo Shanpeng ក៏បានចេញមុខនិយាយថា កាលថ្ងៃនោះ ពោលគឺនៅថ្ងៃទី៣ មករា ឆ្នាំ២០១៩ កន្លងទៅ លោកបានធ្វើការវះកាត់ជូនអ្នកជំងឺ បាន៥ដងរួចមកហើយ។

ក្រោយមក នៅចន្លោះខ្ទង់ម៉ោងប្រមាណជា ៦ល្ងាច ក៏ស្រាប់តែមានអ្នកជំងឺម្នាក់ទៀត ត្រូវបានគេរុញចូលមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ដើម្បីវះកាត់ជាបន្ទាន់ ដែលតម្រូវឲ្យរូបលោក សម្រេចចិត្តបន្តការងារជាមួយនឹងអ្នកជំងឺទៀត ទាំងធ្វើការងារលើសម៉ោង។ ហើយនេះក៏ជាប្រតិបត្តិការវះកាត់ទី៦ របស់លោក ឲ្យអ្នកជំងឺផងដែរ។

អ្នកជំងឺនោះ គឺដៃខាងស្តាំរបស់គាត់ បានរងការខូចខាតសុះសាច់ដាច់រហែករឡិករឡាក់ ដោយសារតែ ដៃជ្រុលចូលក្នុងម៉ាស៊ីនកិនសាច់ ដែលមើលទៅគួរឲ្យញញើតខ្លាំងណាស់។

លោកវេជ្ជបណ្ឌិត Luo បាននិយាយទៀតថា ក្រោយជួយវះកាត់ជូនអ្នកជំងឺរួចរាល់ហើយនោះ លោកបានអង្គុយចោងហោង ក្រាបលើគ្រែគេងអ្នកជំងឺ ដោយគ្រាន់តែសំងំបិទភ្នែកលេងៗ ព្រោះតែចង់សម្រាកភ្នែកបន្តិចប៉ុណ្ណោះ តែលោកក៏មិននឹកស្មានថា រហូតទាល់តែជ្រុលគេងលក់នោះឡើយ។ ម្យ៉ាងលោកក៏ហត់នឿយខ្លាំង ព្រោះធ្វើការលើសម៉ោង ២០ម៉ោងហើយ មិនទាន់បានសម្រាកនោះទេ។

លោកក៏មិនបានដឹងទេថា មានគេលួចថតរូបលោកនោះដែរ ដោយលោកគ្រាន់តែដឹងថា រូបថតនោះថតនៅម៉ោងប្រហែលជា ៤ទៀបភ្លឺថ្ងៃបន្ទាប់តែប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត Luo Shanpeng

លោកដុកទ័ររូបនេះ បានបញ្ជាក់ទៀតថា ចំពោះមូលហេតុដែលរូបលោក កាន់លើកដៃអ្នកជំងឺនោះ ក៏ដោយសារតែ ជួយរក្សាចរន្តឈាមរត់ឆ្លងកាត់របស់អ្នកជំងឺ (កុំឲ្យច្រាល់ ឬហូរឈាម) ព្រោះថាអ្នកជំងឺទើបតែបញ្ចប់ការវះកាត់លើមុខរបួសថ្មីៗ និងរុំបង់។

លោកថា នៅគ្រានោះលោកពិតជាអស់កម្លាំងយ៉ាងខ្លាំង ប៉ុន្តែទោះយ៉ាងណា ក្នុងនាមជាគ្រូពេទ្យម្នាក់ លោកក៏នៅតែព្យាយាមដើម្បីអ្នកជំងឺរបស់លោកជានិច្ច មិនថាធ្លាក់ក្នុងស្ថានភាពបែបណានោះទេ។

លោកបន្ថែមចុងក្រោយថា វាគឺជាកិត្តិយសខ្លាំងណាស់ ដែលលោកបានក្លាយខ្លួនជាគ្រូពេទ្យវះកាត់ ហើយលោកក៏រឹតតែរីករាយ និងសប្បាយចិត្តបំផុត គឺនៅពេលដែលឃើញអ្នកជំងឺរបស់លោក បានជានិងធូរស្បើយមកវិញ។

អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បាននាំគ្នាកោតសរសើរយ៉ាងខ្លាំង ពីទឹកចិត្តខិតខំប្រឹងប្រែងរបស់លោកវេជ្ជបណ្ឌិតរូបនេះដើម្បីអ្នកជំងឺ ដោយមិនខ្លាចនឿយហត់ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]