ប្រេស៊ីល៖ យោងតាមសារព័ត៌មាន Guardian Sport ចេញផ្សាយក្នុងថ្ងៃទី៧ ខែ មករា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា កីឡាការិនីប្រដាល់សេរីសញ្ជាតិប្រេស៊ីលម្នាក់ឈ្មោះ Polyana Viana ដែលតែងតែកសាងកេរ្តិ៍ឈ្មោះនៅក្នុងទីលានប្រកួតដោយផ្តួលដៃគូប្រកួតឲ្យសន្លប់ជាញឹកញាប់នោះ ត្រូវបានចោរដាច់យៃម្នាក់ឆ្លៀតឱកាសធ្វើសកម្មភាពប្លន់យកទូរស័ព្ទដៃ ដោយយកកាំភ្លើងជ័រមួយទៅភ្ជង់នាង។

តែចោរខាងលើបែរជាត្រូវបែកឈាមខ្ទេចមុខខ្លួនឯងទៅវិញ បន្ទាប់ពីកីឡាការិនី Viana  បញ្ចេញក្បាច់គុន វាយតបលើជនល្មើសដោយមិនរអា។

រូបជនល្មើស

យោងតាមសម្តីរបស់កីឡាការិនី Viana ផ្ទាល់បាននិយាយថា “មុនពេលកើតហេតុ ខ្ញុំឈរចាំឡានតាក់ស៊ី (Uber) ស្រាប់តែពេលនោះខ្ញុំឃើញបុរសម្នាក់ដើរពីក្រោយខ្ញុំមានកាន់កាំភ្លើងទៀតផង។” នាងបន្តថា បុរសម្នាក់នោះបានមកអង្គុយនៅជិតកន្លែងដែលខ្ញុំកំពុងរង់ចាំតាក់ស៊ីដែរ។ ក្នុងពេលជាមួយគ្នានោះ ខ្ញុំបានសម្រេចចិត្តយកទូរស័ព្ទដៃខ្ញុំទៅសៀតនៅឯចង្កេះខោ។ ស្រាប់តែគេចាប់ផ្តើមបញ្ចេញសកម្មភាព ដោយដកកាំភ្លើងភ្ជង់ប្លន់ទូរស័ព្ទ ហើយនិយាយទៅកាន់ខ្ញុំថា “ឲ្យទូរស័ព្ទនោះមកយើង រួចនៅឲ្យស្ងៀម”

កីឡាការិនី Viana គិតថាវាជាកាំភ្លើងក្លែងក្លាយ។ ពេលនោះនាងមិនត្រឹមតែមិនឲ្យទេ ថែមទាំងក្រោកឈរតដៃជាមួយចោរទៀត ដោយវាយ២ដៃពេញទំហឹងចូលផ្ទៃមុខចោរ រួចទាត់មួយជើងទៀតចុងក្រោយ ធ្វើឲ្យជនល្មើសងងឹតមុខដួលក្រោកមិនរួចនៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ  Viana  បានខលហៅប៉ូលិសឲ្យមកចាប់ជនល្មើសយកទៅចាត់ការបន្តទៅតាមផ្លូវច្បាប់។ 

គួរបញ្ជាក់ថា កីឡាការិនីប្រដាល់សេរី Polyana Viana រូបនេះធ្លាប់ឡើងសង្វៀនប្រកួតសរុប១២ដង ឈ្នះ១០ដង ផ្តួលដៃគូឲ្យសន្លប់៤ដង និងចាញ់២ដង៕

កាំភ្លើងដែលយកទៅផ្ជង់
កីឡាការិនីPolyana Viana
រូបជនល្មើសនិងកីឡាការិនីPolyana Viana
កីឡាការិនីPolyana Viana
កីឡាការិនីPolyana Viana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]