ម៉ាឡេស៊ី៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជាមិនទាន់ភ្លេចនៅឡើយទេ ពីហេតុការណ៍ដ៏កក្រើកបាត់ខ្លួនយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ប៊ូអ៊ីង (Boeing) 777 នៃជើងហោះហើរ MH370 ដ៏សែនអាថ៌កំបាំង ខណៈបើគិតមកទល់ពេលនេះជិត ៥ឆ្នាំហើយ។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines

យ៉ាងណាមិញ កាលពីថ្មីៗនេះ បើយោងតាមការចុះផ្សាយពីសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល បានរាយការណ៍ឲ្យដឹងថា របស់របរ រួមនឹងបំណែកយន្តហោះចំនួន ៥ ត្រូវបានគេប្រទះ និងរកឃើញរសាត់អណ្ដែតមកទើរលើឆ្នេរសមុទ្រ ក្នុងកូនក្រុង Sandravinany ភាគខាងត្បូង នៃប្រទេសម៉ាដាកាស្កា (Madagascar) ដោយត្រូវបានគេសង្ស័យថា វាគឺជាកំទេចបំណែកនៃយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួននោះ។

របស់របរនិងបន្ទះបំណែកមួយចំនួនដែលបានរកឃើញ

របស់របរ និងបំណែកទាំងអស់នោះ ត្រូវបានគេរកឃើញតាំងតែពីក្នុងកំឡុង ខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ ដែលក្នុងនោះរួមមានសំខាន់បំផុត គឺកំទេចបំណែកចំនួន ៥ នៃបន្ទះបំណែកកម្រាលដើរលើយន្តហោះ (Floor Panel) និងក្រោយមកត្រូវបានគេបញ្ជូនទៅកាន់មន្រ្តីរដ្ឋាភិបាល នៅឯទីស្នាក់ការកណ្តាល នៃក្រសួងដឹកជញ្ជូនម៉ាឡេស៊ី ក្នុងទីក្រុង Putrajaya ដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវ និងវិភាគឲ្យបានដិតដល់ ដោយសារតែ នៅលើបំណែកដែលបានរកឃើញនោះ មានបិទតួអក្សរនិងលេខ WPPS61 ដែលគួរឲ្យសង្ស័យ។

របាយការណ៍មួយពីក្រុមអ្នកស៊ើបអង្កេតសុវត្ថិភាព (Safety Investigation Team) លើករណីយន្តហោះបាត់ខ្លួន MH370 នេះ បាននិយាយថា ភាគច្រើនកំទេចនិងបំណែក ដែលត្រូវបានរកឃើញចុងក្រោយនេះ គឺមានភាគរយខ្ពស់ ឬអាចនិយាយបានថា វាទំនងជាបន្ទះបំណែករបស់យន្តហោះប៊ូអ៊ីង 777 MH370 មែន។ នេះបើយោងតាមការរាយការណ៍ពីកាសែត The West Australian ។

បន្ទះបំណែកដែលបានរកឃើញ
បន្ទះបំណែកដែលបានរកឃើញ

ជាការពិតណាស់ អស់រយៈពេលជិត៣ខែមកនេះ ក្រោយធ្វើការពិនិត្យ ស្រាវជ្រាវ និងវិភាគទៅលើបំណែករកឃើញទាំងនោះ លោក Don Thompson ម្នាក់ក្នុងចំណោមក្រុមស៊ើបអង្កេតឯករាជ្យ (Independent Group Investigating) ឯណោះវិញ ដែលធ្វើការស្រាវជ្រាវទៅលើយន្តហោះបាត់ខ្លួននេះដូចគ្នា ក៏បាននិយាយដែរថា ការរកឃើញនូវវត្ថុតាង ឬអត្តសញ្ញាណនៃបំណែកនោះ គឺវាពិតជារបស់យន្តហោះប៊ូអ៊ីង 777 ដែលបានបាត់ខ្លួននោះមែន។

នៅក្នុងនោះលោក Thompson ក៏បានធ្វើការបង្ហាញនូវតួអក្សរពេញ និងលេខ ដែលមាននៅលើបន្ទះបំណែករកឃើញនោះគឺ BAC27WPPS61 ហើយវាក៏ស្រដៀងគ្នាទៅនឹង Floorboard ឬបន្ទះកម្រាលយន្តហោះ ដែលធ្លាប់ត្រូវបានគេរកឃើញ កាលពីឧបទ្ទវហេតុបាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៃជើងហោះហើរ MH17 (១៧ កក្កដា ២០១៤) នេះដូចគ្នាផងដែរ។

បន្ទះបំណែកដែលបានរកឃើញ

អាជ្ញាធរម៉ាឡេស៊ី ក៏បានទទួលស្គាល់ជុំវិញនឹងការវិភាគនេះ ដោយជឿជាក់ថា របស់របរក៏ដូចជាបន្ទះបំណែកមួយចំនួន ដែលបានរកឃើញរសាត់អណ្ដែតមកលើឆ្នេរសមុទ្រខាងលើនេះ គឺទំនងពិតជាបំណែក ឬផ្នែកខ្លះៗនៃយន្តហោះម៉ាឡេស៊ីដែលបានបាត់ខ្លួននោះផងដែរ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ដំណើរការនៃការរុករក ស្រាវជ្រាវ និងការវិភាគ ក៏នៅតែបន្តធ្វើដើម្បីបញ្ជាក់ការពិតបន្ថែមទៀត។

អ្នកមួយចំនួនគិតថា យន្តហោះបាត់ខ្លួននោះ អាចនឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង។

បន្ទះបំណែកដែលបានរកឃើញ

គួររម្លឹកផងដែរថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ម៉ាក Boeing 777 នៃជើងហោះហើរ MH370 ខាងលើនេះ នៅក្នុងថ្ងៃបាត់ខ្លួនដ៏អាថ៌កំបាំងនោះ គឺមានផ្ទុកអ្នកដំណើរចំនួន ២៣៩នាក់ បានធ្វើដំណើរចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ខណៈការហោះហើរបានត្រឹមពាក់កណ្តាល ក៏ស្រាប់តែបាត់ដាន ឬបាត់ការទំនាក់ទំនង នៅចន្លោះម៉ោងប្រមាណ ២ និង ៤១នាទី ព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ ២០១៤ ៕

បន្ទះបំណែកដែលបានរកឃើញ
របស់របរនិងបន្ទះបំណែកមួយចំនួនដែលបានរកឃើញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]