ផ្លែល្មុត ជាផ្លែឈើដ៏ពេញនិយមដែលអាចបរិភោគជាអាហារសម្រន់  ជាបង្អែមក្រោយអាហាររួច  ហើយអាចធ្វើជាបង្អែមទឹកក្រឡុកក៏បាន។  រសជាតិផ្អែមធម្មជាតិរបស់វា មិនត្រឹមហូបទៅជក់មាត់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ថាមពលដល់រាងកាយភ្លាមៗទៀត។

អ្នកដឹងទេ ផ្លែល្មុតជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនប្រភេទដូចជា វីតាមីន C, E, A សារធាតុអង់ទីអុកស៊ីដង់  សារធាតុសរសៃ និងសារធាតុរ៉ែសំខាន់ៗ ( កាល់ស្យូម, ម៉ាញេស្យូម, ដែក, ប៉ូតាស្យូម ជាដើម)។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទទួលបានពីការហូបផ្លែល្មុត៖ 

១. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ

សារធាតុសរសៃទទួលបានពីផ្លែល្មុត ជាតម្រូវការប្រព័ន្ធរំលាយអាហារ ដើម្បីសម្រួលដល់ការដឹកនាំចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗពីចំណីអាហារដែលត្រូវបានបំបែក។

សារធាតុសរសៃដ៏ច្រើននៃផ្លែល្មុត  ជាឱសថធម្មជាតិកាត់បន្ថយអាការទល់លាមក និងរាគទៀតផង។

២. ប្រឆាំងអាការផ្តាសាយហៀរសំបោរ

ផ្លែល្មុតជាប្រភពនៃវីតាមីនC ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំរាងកាយ និងទប់ទល់ជាមួយមេរោគ។ វាមានសារៈសំខាន់ការពារពីការឆ្លងជំងឺផ្តាសាយ ដែលបង្កឡើងដោយវីរុស influenza។

ការសិក្សាមួយចំនួនបានឲ្យដឹងថា វីតាមីនC បានចូលរួមចំណែកដល់ការកាត់បន្ថយហានិភ័យនៃជំងឺរលាកសួត Pneumonia ទៀតផង។ 

៣. ល្អសម្រាប់សុខភាពឆ្អឹង

ផ្លែល្មុត ជាប្រភពនៃសារធាតុរ៉ែសំខាន់មួយចំនួនដូចជា កាល់ស្យូម និងម៉ង់កាណែស ដែលត្រូវបានគេសិក្សាឃើញថា ពួកវាមានប្រយោជន៍ចំពោះភាពរឹងមាំនៃឆ្អឹងនិងសាច់ដុំ។

កង្វះនៃសារធាតុកាល់ស្យូម បង្កហានិភ័យខ្ពស់នៃជំងឺពុកឆ្អឹង (Osteoporosis) នៅពេលចាស់ទៅ។

៤. ល្អសម្រាប់សុខភាពស្បែក

វីតាមីនE ដែលទទួលបានពីផ្លែម្មុត បានជួយបង្កើនភាពសំណើមដល់ស្បែក  ធ្វើឲ្យស្បែកមានភាពរលោង និងបំបាត់ភាពជ្រួញ។  ជាពិសេសសារធាតុប្រឆាំងនឹងជាតិពុលអង់ទីអុកស៊ីដង់ ជាភ្នាក់ងារចំបងការពារប្រឆាំងការខូចខាតនៃកោសិកាស្បែកពីកត្តាបរិស្ថានខាងក្រៅ  រ៉ាឌីកាល់សេរី  និងជាតិពុលមួយចំនួនទៀត។ 

រូបតំណាង

៥. ប្រឆាំងនឹងជំងឺមហារីក

សារធាតុអង់ទីអុកស៊ីដង់ដូចជា Vitamin C, Folate, Niacin ជាដើម បានដើរតួនាទីយ៉ាងសំខាន់ប្រឆាំងនឹងរ៉ាឌីកាល់សេរី (សារធាតុពុល) ដើម្បីប្រឆាំងនឹងការវិវឌ្ឍន៍នៃកោសិកាមហារីក។  អ្នកដឹងទេ រ៉ាឌីកាល់សេរីអាចផលិតដោយកោសិកាយើងផ្ទាល់តែម្តង  និងអាចទទួលបានពីកត្តាខាងក្រៅដែរ។  សារធាតុពុលនេះមានឥទ្ធិពលអវិជ្ជមានចំពោះកោសិកាដូចជា បំភ្លិចបំផ្លាញមុខងារ និងទ្រង់ទ្រាយនៃកោសិកា ជាពិសេសប៉ះពាល់ទៅដល់DNA នៃកោសិកា ដែលជាកត្តាចម្បងនៃការវិវឌ្ឍជំងឺមហារីក។

ដូច្នេះបំពេញរបបអាហារប្រចាំថ្ងៃជាមួយអង់ទីអុកស៊ីដង់ ដែលទទួលបានពីផ្លែល្មុតដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]