ផ្លែគីវី (Kiwi) មានប្រភពពីប្រទេសណូវែលហ្សេឡង់ និងមានការនាំចេញទៅបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ ផ្លែឈើនាំចូលមួយនេះមានរសជាតិជូរអែមឆ្ងាញ់ ងាយហូប។ ផ្លែគីវីជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើន រាប់តាំងពី វីតាមីនជាច្រើនប្រភេទ សារធាតុរ៉ែ និងសារធាតុសរសៃ។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពនៃផ្លែគីវី៖

១. ជំរុញប្រព័ន្ធភាពស៊ាំរាងកាយ

ផ្លែគីវីជាប្រភពនៃវីតាមីនC ដ៏ច្រើនដែលមិនត្រឹមដើរតួនាទីយ៉ាងសំខាន់ប្រឆាំងសារធាតុពុល និងការផ្សះមុខរបួសប៉ុណ្ណោះទេ ថែមទាំងជំរុញប្រព័ន្ធភាពស៊ាំ  ការពារនិងប្រឆាំងមេរោគពីការបង្កជំងឺទៀតផង។

រូបតំណាង

២. ល្អសម្រាប់សុខភាពភ្នែក

ផ្លែគីវីសំបូរដោយសារធាតុ Lutein និង Zeaxanthin ដែលជាសារធាតុសំខាន់រកឃើញមានដោយធម្មជាតិនៅក្នុងសរីរាង្គភ្នែក។

ការស្រាវជ្រាវមួយចំនួនបានរកឃើញថា ការទទួលទានផ្លែគីវី២ទៅ៣ដងក្នុងមួយថ្ងៃ បានជួយកាត់បន្ថយរហូតដល់ ៣៦% នៃហានិភ័យក្នុងការវិវឌ្ឍន៍ជំងឺភ្នែក។ 

រូបតំណាង

៣. ល្អសម្រាប់សុខភាពស្បែក

ផ្លែគីវី បានផ្តល់វីតាមីនE យ៉ាងច្រើន ដែលសារធាតុចិញ្ចឹមមួយប្រភេទនេះ ក៏ជាសារធាតប្រឆាំងនឹងជាតិពុលមួយប្រភេទដែលការពារកោសិកាស្បែកពីពពួករ៉ាឌីកាល់សេរី(សារធាតុពុល)។

រូបតំណាង

៤. ជាប្រភពនៃសារធាតុសរសៃ

ផ្លែគីវី សំបូរសារធាតុសរសៃជាច្រើនដែលចូលរួមចំណែកយ៉ាងសកម្មនាំយកសារជាតិកូលេស្តេរ៉ុលជាប់តាមប្រព័ន្ធរំលាយអាហារ សរសៃឈាម ចេញពីក្នុងខ្លួន។ វាជួយកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ និងជួយដល់ការសម្រកទម្ងន់ផងដែរ។

តាមរយៈការសិក្សាស្រាវជ្រាវមួយលើស្ត្រីចំនួន១៦០នាក់ដោយចែកជាពីរក្រុម(ចន្លោះអាយុ៤៥ឆ្នាំទៅ៦៥ឆ្នាំ) បានបង្ហាញថា ស្ត្រីមួយក្រុមដែលហូបផ្លែគីវីជារៀងរាល់ថ្ងៃ នាំឱ្យសារធាតុកូលេស្តេរ៉ុលមានការធ្លាក់ចុះបានដល់ ២៣%។ ការកាត់បន្ថយសារធាតុកូលេស្តេរ៉ុលនេះបានដើរតួនាទីមួយដ៏សំខាន់សម្រាប់កាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង។

លើសពីនេះទៅទៀត សារធាតុសរសៃក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពនៃប្រព័ន្ធរំលាយអាហារ ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ និងសម្រួលដល់ការដឹកនាំកាកសំណល់បញ្ចេញចោលផងដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]