ការសម្លឹងមើលអេក្រង់យូរម៉ោង មិនថាអេក្រង់ទូរទស្សន៍ កំព្យូទ័រ ឬទូរស័ព្ទនោះទេ អាចប៉ះពាល់ដល់ការលូតលាស់នៃខួរក្បាលក្មេងតូចៗដែលកំពុងស្ថិតក្នុងវ័យអភិវឌ្ឍនៃរាងកាយ។

ការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិនៃសុខភាពនៅសហរដ្ឋអាមេរិក ដែលនឹងចំណាយទឹកប្រាក់ដល់ ៣០០លានដុល្លារ បាននិងកំពុងសិក្សាអំពីឥទ្ធិពលនៃអេក្រង់ចំពោះសុខភាពកុមារ។  គេបានសិក្សាលើសំណាកកុមារ ១១ ០០០នាក់ នៅ ២១រដ្ឋ ទូទាំងសហរដ្ឋអាមេរិកអំឡុងពេល ១០ឆ្នាំ។

ទោះបីការសិក្សានេះពុំទាន់ចប់នៅឡើយ គេបានធ្វើការសន្មត់ខ្លះៗទាក់ទងនឹងឥទ្ធិពលនៃសុខភាពជាមួយការប្រើប្រាស់អេក្រង់លើសំណាកកុមារចំនួន ៤៥០០នាក់។  បន្ទាប់ពីការវិភាគទិន្នន័យដែលទទួលបានពីការស្កេនខួរក្បាលដោយMRI (ម៉ាស៊ីនស្កេនរូបភាព3D) ការសួរសំណួរ និងការស្ទង់សមត្ថភាពខួរក្បាលរួចមក  អ្នកស្រាវជ្រាវបានឲ្យដឹងថា កុមារដែលចំណាយពេលមុខអេក្រង់លើស ៧ម៉ោងក្នុងមួយថ្ងៃ មិនថាទល់មុខកំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទ ឬថេបប្លែតក្តី បានធ្វើឲ្យមានការរួមតូចគួរឲ្យកត់សម្គាល់នៃជាលិកាខាងក្រៅខួរក្បាល (Cortex) ដែលជាជាលិកាដើរតួនាទីយ៉ាងសំខាន់ចំពោះញាណទាំង៥របស់យើង (ក្លិន រសជាតិ សម្លេង រូបភាព និងការដឹងពីអ្វីៗជុំវិញខ្លួនប្រាណ)។

រូបថតXRayស្កេននៃខួរក្បាល

ជាពិសេសគេបានរកឃើញ  ក្មេងៗដែលគ្រាន់តែសម្លឹងមើលអេក្រង់ត្រឹម ២ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ ធ្លាក់ចុះសមត្ថភាពខួរក្បាលដូចជា ការគិត ការដោះស្រាយបញ្ហា និង សមត្ថភាពភាសា ជាដើម។

មិនត្រឹមសុខភាពខួរក្បាលប៉ុណ្ណោះទេដែលត្រូវបានប៉ះពាល់ ការសិក្សាមួយចំនួនពីមុនៗមកក៏ធ្លាប់បានឲ្យដឹងថាពន្លឺបញ្ចេញពីអេក្រង់ មិនត្រឹមអាចធ្វើឲ្យខូចខាតកោសិកាទទួលរូបភាពពណ៌នៃជាលិការេទីនរបស់ភ្នែកទេ លើសពីនេះទៅទៀត វាថែមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ដំណេកកូនក្មេងដែលកំពុងលូតលាស់ទៀតផង។ ជាលទ្ធផលវាប៉ះពាល់ដល់សុខភាពទូទៅរបស់ក្មេងយ៉ាងខ្លាំង។

ទោះបីការសិក្សាខាងលើពុំទាន់បញ្ចប់ក្តី តែលទ្ធផលនៃសំណាកត្រឹមពាក់កណ្តាលប៉ុណ្ណោះ បានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការប្រើប្រាស់អេក្រង់មានពន្លឺច្រើនម៉ោង ចំពោះកុមាររួចទៅហើយ។ ដូច្នេះឪពុកម្តាយបើចង់ថែទាំសុខភាពខួរក្បាល ក៏ដូចជាសុខភាពទូទៅរបស់កូនលោកអ្នក គប្បីព្យាយាមកាត់បន្ថយការសម្លឹង ឬបញ្ឈប់ទាំងស្រុងបើសិនជាអាចនៃទម្លាប់ប្រើប្រាស់ឧបករណ៍មានអេក្រង់ជះពន្លឺ៕

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]