ថៃ៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបុរសជនជាតិថៃមិនខ្លាចញញើតម្នាក់ លេងយកសត្វក្រពើដែលត្រូវបានគេចាត់ទុកថា ជាសត្វដ៏កាចសាហាវ មកចិញ្ចឹមឲ្យរស់នៅក្នុងផ្ទះជាមួយគ្នា អស់រយៈពេលជាង ២០ឆ្នាំ សឹងមិនគួរឲ្យជឿ។

ក្រពើឈ្មោះ Thong

ម្ចាស់សត្វក្រពើខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Kanathip Nathip មានអាយុ ៥៣ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងខេត្ត Phitsanulok ប្រទេសថៃ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោក Nathip បានយកក្រពើមកចិញ្ចឹម និងឲ្យរស់នៅក្នុងផ្ទះជាមួយ លូនវារដោយសេរីនេះ អស់រយៈពេល២០ឆ្នាំមកហើយ។ មិនមែន ១ ប៉ុន្តែដល់ទៅ ២ក្បាលឯណោះ ដែលលោកបានទិញពួកវាយកមកចិញ្ចឹម និងបានដាក់ឈ្មោះឲ្យពួកវាថា Thong និង Ngern

លោក Nathip បានអះអាងប្រាប់ថា ដំបូងឡើយបានដាក់ពួកវាទាំង២ក្បាលនេះ ឲ្យរស់នៅក្នុងផ្ទះជាមួយលោក ប៉ុន្តែដោយសារតែក្រពើឈ្មោះ Ngern ហាក់មិនចូលចិត្តផ្ទះចិញ្ចឹមបែបនេះ ទើបលោកសម្រេចចិត្តជីកធ្វើកូនស្រះតូចមួយ នៅទីធ្លាខាងក្រៅផ្ទះ ដើម្បីឲ្យវារស់នៅទីនោះវិញ។ ចំណែកក្រពើឈ្មោះ Thong វាចូលចិត្តរស់នៅក្នុងផ្ទះជាធម្មតា។

លោក Kanathip Nathip

លោកថា អា Thong មើលទៅវាហាក់បីដូចជារីករាយ ឬនិយាយឲ្យចំវាដូចជាស្រួលខ្លួនវាណាស់អីចឹង នៅពេលដែលឲ្យរស់នៅក្នុងផ្ទះ លូនវាដោយសេរីបែបនេះ ខណៈបើគិតមកទល់ពេលនេះចូលជាង ២០ឆ្នាំហើយ។

ប្រភពបន្តថា លោក Nathip ក៏មានកូនប្រុសចំនួន២នាក់ផងដែរ។ ប៉ុន្តែនៅពេលដែលកូនៗរបស់លោកធំៗអស់ទៅ ពួកគេក៏បានផ្លាស់ប្តូរទីលំនៅ ចាកចេញឆ្ងាយពីលោក។ តែទោះបីជាយ៉ាងណា បុរសវ័យ៥៣ឆ្នាំរូបនេះ បានចាត់ទុកក្រពើ Thong (ក្រពើឈ្មោល) គឺជាសមាជិកគ្រួសារ ឬជាកូនប្រុសរបស់លោកម្នាក់ទៀតផងដែរ ព្រោះតែវាតែងតែនៅក្បែរ និងរស់នៅជាមួយនឹងលោករាល់ថ្ងៃ។

លោក Nathip បានឲ្យដឹងទៀតថា Thong គឺជាក្រពើដែលស្លូតបំផុត ហើយវាក៏មិនដែលទៅបង្ករបួសស្នាមលើនរណាម្នាក់ដែរ។ វាតែងតែចំណាយពេលវេលារបស់វា ទៅដេកលើកម្រាលឥដ្ឋក្នុងផ្ទះក្រោមតុឈើ។ វាតែងតែបង្ហាញសកម្មភាពសប្បាយរីករាយ នៅពេលដែលបានអាហារស៊ី និងទឹកផឹក។

ក្រពើឈ្មោះ Thong

បុរសចំណាស់ស្រលាញ់សត្វល្មូនរូបនេះ បានសារភាពថា លោកដឹងថាក្រពើមិនមែនជាសត្វចិញ្ចឹម ដែលគ្រប់គ្នាស្រលាញ់ចូលចិត្តនោះទេ ព្រោះជាក់ស្តែងសារជាតិរបស់វា ត្រូវបានគេចាត់ទុកថា ជាសត្វដ៏កាចសាហាវ និងស៊ីសាច់ជាអាហារ។ ដូច្នេះហើយលោកក៏មិនសូវជាហ៊ានទៅប៉ះពាល់ ឬទៅប្រលែងលេងជាមួយនឹងវានោះឡើយ។

អ្នកជិតខាងផ្ទះលោក Nathip ជាច្រើន ក៏បានដឹងដែរថា Thong វាគឺជាក្រពើដ៏ស្លូតមួយក្បាល និងគួរឲ្យស្រលាញ់ ហើយរាល់ពេលខ្លះនៅពេលដែលអ្នកស្រុកឃើញវា ចេញមកដេកនៅផ្លូវខាងក្រៅផ្ទះ ជំនួសដោយការហៅប៉ូលិស ពួកគេគ្រាន់តែស្រែកហៅលោក Nathip ឲ្យចេញមកចាប់វាយកទៅក្នុងវិញតែប៉ុណ្ណោះ។

លោក Kanathip Nathip

គួរឲ្យដឹងផងដែរថា លោក Kanathip Nathip មិនមែនជាមនុស្សតែម្នាក់នៅលើលោក ដែលយកក្រពើមកចិញ្ចឹម និងឲ្យរស់នៅក្នុងផ្ទះជាមួយនោះទេ។ ជាក់ស្តែង កាលពីដើមឆ្នាំនេះ ក៏ធ្លាប់មានអត្តបទចុះផ្សាយ ពីគ្រួសារមួយរស់នៅឯប្រទេសឥណ្ឌូនេស៊ី យកក្រពើដ៏ធំទម្ងន់ ២០០គីឡូក្រាម មកចិញ្ចឹមនិងរស់នៅជាមួយគ្នាក្នុងផ្ទះបែបនេះអស់ពេលជាង ២០ឆ្នាំផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖    

ចុចអាន

ចម្លែកខុសគេ ចិញ្ចឹមក្រពើដ៏ធំមួយក្បាលក្នុងផ្ទះ មើលថែទាំ ដុសទាំងធ្មេញឲ្យ និងចាត់ទុកដូចសមាជិកគ្រួសារ (មានវីដេអូ)

ក្រពើឈ្មោះ Thong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]