ឥណ្ឌា៖  សត្វដំរីចំណាស់មួយក្បាលងាប់យ៉ាងអណោចអាធ័ម បន្ទាប់ពីវាជាប់លើរបងខណ្ឌចែកផ្លូវ ទៅមុខក៏មិនផុត ថយក្រោយក៏មិនកើត រហូតដល់ដាច់ដង្ហើមងាប់លើរបងតែម្តងទៅ។ ហេតុការណ៍នេះកើតឡើងក្នុងតំបន់ Karnatak ស្ថិតនៅភូមិភាគខាងត្បូងនៃប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន Dailymail ដែលបានចេញផ្សាយថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៨។

អ្នកភូមិបានឲ្យដឹងថា វាបានដើរចូលចំការទៅស៊ីដំណាំ និងផ្លែផ្កា តែពេលវាចេញមកវិញ ស្រាប់តែខ្លួនដ៏ធំរបស់វាជាប់លើរបងទៅវិញ។

នៅថ្ងៃដែលវាងាប់ ដំរីមួយក្បាលនេះមានអាយុ ៤២ឆ្នាំហើយ។  ហេតុការណ៍នេះ គេឃើញមានអ្នកភូមិជាច្រើននាំគ្នាទៅលើកសាកសពដំរីចេញពីរបងទម្លាក់ទៅដីវិញ។

មូលហេតុដែលកសិករព័ទ្ធរបង ព្រោះពួកគេចង់បង្ការមិនឲ្យហ្វូងដំរីចូលស៊ីដំណាំ និងផល្លានុផលរបស់គេ។ គួរបញ្ជាក់ថា របងប្រវែងប្រមាណ ៣២គីឡូម៉ែត្រ ត្រូវបានហ៊ុមព័ទ្ធជុំវិញទីនោះ។  ក្រោយកើតហេតុ គេឃើញមនុស្សជាច្រើនរិះគន់ចំៗទៅលើបញ្ហានៃការធ្វើរបងខណ្ឌចែកដីដើម្បីកុំឲ្យដំរីចូលនេះដែរ។

យោងតាមសម្តីរបស់អ្នកអភិរក្សសត្វព្រៃនិងអ្នកជំនាញខាងបរិស្ថានបានអះអាងថា ការធ្វើរបងព័ទ្ធដី ក្នុងគោលបំណងមិនឲ្យសត្វដំរីឆ្លងកាត់នឹងបង្កើតជាបញ្ហាបន្ថែមលើសត្វដំរីផ្សេងទៀតដែលរស់នៅទីនោះនាថ្ងៃខាងមុខ៕

ដំរីដែលបានទាក់លើរបងនោះ
ដំរីដែលបានទាក់លើរបងនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]