ភ្នំពេញ៖ របាំព្រះរាជទ្រព្យខ្មែរ ដែលអង្គការយូណេស្កូបានចុះបញ្ជីជា «សម្បត្តិបេតិកភណ្ឌពិភពលោក» នឹងបង្ហាញខ្លួននៅក្នុងការសម្តែងដ៏កម្រ នៅក្នុងរាជធានីភ្នំពេញ ដើម្បីនាំយកនូវបែបបទនៃចលនាក្បាច់រាំ សម្លៀកបំពាក់ និងការតុបតែងខ្លួនរបស់អ្នករាំរបាំតាមលំនាំឆ្នាំ ១៩០៦ ។

ការសម្តែងរបាំព្រះរាជទ្រព្យខ្មែរ

ការសម្តែងដែលមានចំណងជើងថា «នាងវឌ្ឍនាទេវី» នឹងត្រូវសម្តែងដោយអ្នករាំដែលមានទេពកោសល្យ និងជំនាញប៉ិនប្រសប់មួយចំនួនប្រចាំប្រទេស។ រឿងនេះ និទានអំពីព្រះនាងមួយអង្គ ដែលមានសម្រស់ល្អឥតខ្ចោះ ហើយបានក្លាយជាប្រភពនៃភាពភ័យខ្លាច ស្នេហា និងសង្គ្រាម រវាងអាទិទេពនៅស្ថានសួគ៌ា និងអសុរ។

សម្តេចព្រះរាម នរោត្តម បុប្ផាទេវី បានដឹកនាំ និងហ្វឹកហ្វាត់អ្នករបាំសម្រាប់ការសម្តែងនេះដោយផ្ទាល់ ដើម្បីធ្វើឲ្យការការសម្តែង «នាងវឌ្ឍនាទេវី» ផ្តល់ឲ្យទស្សនិកជន នូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ ដើម្បីឲ្យអ្នកទស្សនាមានអារម្មណ៍ថា ខ្លួនឯងកំពុងតែធ្វើដំណើរត្រឡប់ទៅកាន់អតីតកាល និងស្វែងយល់ពីពិភពនៃរឿងព្រេង ដែលទាក់ទងនឹងដើមកំណើតនៃប្រជាជន និងវប្បធម៌ខ្មែរ។ ការតំឡើងការសម្តែងនេះ បានប្រើពេលស្ទើរតែពេញមួយឆ្នាំ ដើម្បីប្រមូលផ្តុំគំនិតបង្កើតជាសាច់រឿងនិទាន និងក្បាច់រាំ ដើម្បីបង្ហាញដំណើររឿងនាងវឌ្ឍនាទេវី តាមរយៈទម្រង់សិល្បៈនៃរបាំព្រះរាជទ្រព្យ។

ការសម្តែងរបាំព្រះរាជទ្រព្យខ្មែរ

សម្តេចព្រះរាម នរោត្តម បុប្ផាទេវី មានបន្ទូលថា៖

«ខ្ញុំពិតជារីករាយណាស់ ដែលបានរួមការងារជាមួយសិល្បករ សិល្បការិនី ដ៏មានទេពកោសល្យ។ យើងរំភើបខ្លាំងណាស់ ក្នុងការនាំយកទម្រង់សិល្បៈដ៏អស្ចារ្យនេះ មកបង្ហាញជូនដល់សាធារណជន។ ព្រឹត្តិការណ៍នេះ មានគោលបំណងដើម្បីផ្តល់ឱកាស ដល់សាធារណជន និងជនបរទេសបានការទស្សនាការសម្តែង និងស្វែងយល់អំពី របាំព្រះរាជទ្រព្យខ្មែរ»។
សម្តេចព្រះរាម នរោត្តម បុប្ផាទេវី

លោកស្រី Anne Lemaistre ប្រធានការិយាល័យ និងជាតំណាងអង្គការយូណេស្កូប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា៖ 

«យើងសង្ឃឹមថាការសម្តែងនេះ អាចបង្កើនការយល់ដឹងអំពីតម្លៃនៃរបាំព្រះរាជទ្រព្យ ដែលជាបេតិកភណ្ឌមនុស្សជាតិ។ ដូច្នេះសាធារណជន អាចទទួលបានព័ត៌មានជាច្រើន អំពីស្នាដៃសិល្បៈ និងចូលរួមដើម្បីអភិរក្សសិល្បៈប្រភេទនេះ»។

លោកជំទាវ ភឿង សក្ខណា រដ្ឋមន្រ្តីវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា៖

«គម្រោងសម្តែង នាងវឌ្ឍនាទេវី នេះ នឹងលើកកម្ពស់តម្លៃរបាំព្រះរាជទ្រព្យខ្មែរ ចំពោះមុខទស្សនិកជនជាតិ និងអន្តរជាតិ។ ក្រសួងវប្បធម៌គាំទ្រគម្រោង និងព្រឹត្តិការណ៍សិល្បៈបែបនេះ ដែលលើកកម្ពស់សិល្បករ និងវប្បធម៌ខ្មែរ»។

សាច់រឿង «នាងវឌ្ឈនាទេវី» ទទួលឥទ្ធិពលពីរឿង Psyche។ វិចិត្រករ និងជាងចម្លាក់បារាំងលោក Auguste Rodin ដែលបានធ្វើឱ្យរបាំព្រះរាជទ្រព្យកម្ពុជាល្បីល្បាញ នៅក្នុងពិភពសិល្បៈនៃប្រទេសលោកខាងលិច នៅដើមទសវត្សឆ្នាំ ១៩០០ ដោយគូរគំនូសពីរបាំនេះ ដែលមានកាយវិការពោរពេញដោយភាពថ្លៃថ្នូរ និងភាពទាក់ទាញ ហើយបង្ហាញតាមរយៈ ដំណើររឿង Psyche នៅក្នុងការតាំងពិពណ៌ជាច្រើនរបស់លោកនៅអឺរ៉ុប។ ការសម្តែងនេះក៏ជាឧទ្ទិសដល់លោក Rodin ផងដែរ។

ដោយត្រូវបានគេស្គាល់ថាជាការសម្តែង ដែលមានកាយវិការរស់រវើក សម្លៀកបំពាក់ស្អាតប្រណីត និងឆើតឆាយ ព្រមជាមួយនឹងតន្រ្តីដ៏ពីរោះរណ្តំ ការសម្តែងរបាំព្រះរាជទ្រព្យខ្មែរ ត្រូវបានគេឃើញថាមានវត្តមានភាគច្រើននៅក្នុងពិធីបុណ្យសាសនាធំៗ និងព្រះរាជពិធីផ្សេងៗ នៅក្នុងរាជវាំងដូចជា ពិធីសោយរាជ្យសម្បត្តិ ពិធីអភិសេក ពិធីបុណ្យសព ឬឱកាសបុណ្យជាតិជាដើម។

ការទស្សនាការសម្តែងរបាំព្រះរាជទ្រព្យកម្ពុជា គឺជាសកម្មភាពនៃការសិក្សាអំពីវប្បធម៌របស់ជាតិសាសន៍មួយ តាមរយៈកាយវិការ ហើយត្រូវបានសម្តែងដោយអ្នករបាំ ដែលមានទេពកោសល្យខ្ពស់ បន្ទាប់ពីការហ្វឹកហ្វឺនយ៉ាងហ្មត់ចត់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីធ្វើឲ្យអារម្មណ៍របស់អ្នកទស្សនាផ្លាស់ប្តូរចុះឡើងពីភាពភ័យខ្លាច និងកំហឹង ទៅជាក្ដីរំភើប និងសេចក្តីស្នេហា ដោយមានវង់តន្រ្តីប្រពៃណី អមដោយ ការរាំ និងក្រុមច្រៀងបន្ទរដោយស្រី្ត ដែលនិទានរឿងរ៉ាវនានាបង្ហាញពីអារម្មណ៍របស់នាដកា។

អំពីការសម្តែងនាងវឌ្ឍនាទេវី
អំពីការសម្តែងនាងវឌ្ឍនាទេវី
អំពីការសម្តែងនាងវឌ្ឍនាទេវី
អំពីការសម្តែងនាងវឌ្ឍនាទេវី
អំពីការសម្តែងនាងវឌ្ឍនាទេវី
អំពីការសម្តែងនាងវឌ្ឍនាទេវី
អំពីការសម្តែងនាងវឌ្ឍនាទេវី

អំពីការសម្តែងនាងវឌ្ឍនាទេវី៖

ទីតាំង
សាលមហោស្រពចតុមុខ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ពេលវេលា 

ថ្ងៃសុក្រ ទី ១៨ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៦ៈ៣០ ល្ងាច
ថ្ងៃ សៅរ៍ ទី ១៩ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៣ៈ៣០ រសៀល (សម្រាប់តែសិស្សនិស្សិត និងមនុស្សអាយុក្រោម២៥ឆ្នាំ)

ការដាក់លក់សំបុត្រ

តាមរយៈ Last2ticket.asia នៅលើគេហទំព័រ https://hello.last2ticket.com/event/1157/

នៅវិទ្យាស្ថានបារាំង 
ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង ១ រសៀល ដល់ម៉ោង ៧ ល្ងាច និងថ្ងៃសៅរ៍ ពីម៉ោង ៩ ព្រឹកដល់ម៉ោង ២ រសៀល និងពីម៉ោង ៣ រសៀល ដល់ម៉ោង ៧ ល្ងាច

នៅសាលមហោស្រពចតុមុខ

នៅថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ ២០១៩ ពីម៉ោង ១០ រសៀល ដល់ម៉ោង ១២ ថ្ងៃត្រង់និងពីម៉ោង ២ រសៀល ដល់ម៉ោង ៦ ល្ងាច ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]