ការទទួលទានជាតិអំបិលច្រើនពេក អាចប៉ះពាល់ដល់សុខភាពនៃរាងកាយយើងយ៉ាងខ្លាំងក្លា។ បើយោងទៅតាមសមាគមសុខភាពបេះដូងនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា បរិមាណដ៏ល្អបំផុតសម្រាប់ការទទួលទានអំបិលប្រចាំថ្ងៃ គឺត្រឹម ៣.៧៥ក្រាមប៉ុណ្ណោះ ឬ ពាក់កណ្តាលស្លាបព្រា។

អំបិលជាប្រភពនៃសារធាតុសូដ្យូម ដែលខ្លួនប្រាណយើងត្រូវការជាចាំបាច់ផងដែរ ដើម្បីបំពេញដំណើរការសំខាន់ៗមួយចំនួននៃរាងកាយដូចជា ដំណើរការនៃប្រព័ន្ធប្រសាទ ការបង្កើនសម្ពាធឈាម និងការរក្សាលំនឹងនៃជាតិទឹកក្នុងខ្លួនជាដើម។

កាលណាកម្រិតនៃសារធាតុសូដ្យូមច្រើនពេកនៅក្នុងខ្លួន អាចបង្កជាបញ្ហាដល់សុខភាពទៅវិញ។ ជាក់ស្តែងភ្នាក់ងារបង្កនូវបញ្ហាលើសឈាមជាញឹកញាប់នោះក៏ដោយសារតែការបរិភោគអាហារសំបូរជាតិប្រៃនេះឯង។

ការបរិភោគអាហារសំបូរជាតិប្រៃ

សូដ្យូម ដែលទទួលបានពីអំបិលអាចធ្វើឲ្យចង្វាក់បេះដូងកើនឡើង និងភ្ញោចឲ្យតម្រងនោមធ្វើការស្រូបយកជាតិទឹកចូលក្នុងប្រព័ន្ធចរន្តឈាម។ ជាហេតុបណ្តាលឲ្យ បរិមាណឈាមក្នុងសរសៃឈាមកើនឡើង ជាមួយនឹងកម្លាំងរុញនៃការកន្ត្រាក់របស់បេះដូងថែមទៀត ដែលនាំឲ្យសម្ពាធឈាមកើនឡើង។  បែបនេះយូរៗទៅអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះដំណើរការនៃសរីរាង្គបេះដូង សរសៃឈាម និង ប្រព័ន្ធប្រសាទ។

អំបិលនៅផ្ទះបាយដែលយើងទទួលទានលាយជាមួយម្ហូបរាល់ថ្ងៃ ភាគច្រើនជាប្រភេទអំបិលចម្រាញ់ ដែលមិនសុទ្ធដូចសារធាតុអំបិលនៃទឹកសមុទ្រឡើយ។ អំបិលចម្រាញ់នេះមានលាយសារធាតុចំរុះផ្សេងៗទៀត ដែលអាចធ្វើឲ្យវាបង្កបញ្ហាដល់សុខភាពផងដែរ។ ជាពិសេសវាសម្បូរយ៉ាងខ្លាំងនូវកំហាប់សូដ្យូម ដែលសារធាតុនេះ អាចបង្កឲ្យមានបញ្ហាគ្រួសក្នុងតម្រងនោម រលាកសន្លាក់ដៃជើង និងបញ្ហាស្បែកមួយចំនួនទៀត។

ដូច្នេះការកាត់បន្ថយរបបអាហារសម្បូរជាតិប្រៃ និងទទួលទានអាហារដែលមានលំនឹងទាំងបន្លែ ផ្លែឈើគ្រប់ប្រភេទ មិនត្រឹមជួយបង្ការបញ្ហាសុខភាពរៀបរាប់ខាងលើទេ ជាពិសេសវាជួយឲ្យសុខភាពកាន់តែរឹងមាំថែមទៀត៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]