អង់គ្លេស៖ វីដេអូឃ្លីបរបស់បុរសជនជាតិអង់គ្លេសម្នាក់ ដែលបានធ្វើសកម្មភាពមិនសមរម្យទៅលើបុរសអនាថាជាអ្នកសុំទាន យកអាហារទៅគប់កណ្តាលមុខ បាននឹងកំពុងតែធ្វើឲ្យមហាជនជាច្រើន សម្ដែងការខឹងសម្បា និងរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។

រូបភាពក្នុងថ្ងៃកើតហេតុ

បុរសដែលបានប្រើហិង្សា ហាក់លេងសើច ប៉ុន្តែពោរពេញដោយការឈឺចាប់ និងមើលងាយនេះ ត្រូវបានគេស្គាល់ឈ្មោះថា Adam Thorpe មានអាយុ ២៩ឆ្នាំ មកពីតំបន់ Chaddesden ទីក្រុង Derby ប្រទេសអង់គ្លេស។

បើតាមការឲ្យដឹង ពីលោក Thorpe បាននិយាយថា នៅក្នុងថ្ងៃកើតហេតុនោះ ពោលគឺនៅចន្លោះម៉ោងប្រមាណជា ២ទៀបភ្លឺ ថ្ងៃអាទិត្យ សប្តាហ៍មុននេះ លោករួមជាមួយនឹងមិត្តភក្តិ បានចេញហូបចុក (ផឹកស៊ី) នៅខាងក្រៅ។

លុះពេលចេញមកវិញ ដើរមកដល់មុខហាងអាហារ Sarry (ឬ Sarry’s Fast Food) លោករួមនឹងមិត្តភក្តិ ក៏បានឃើញបុរសអនាថាខាងលើ ឈរញ៉េមញុមនៅចិញ្ចើមផ្លូវ និងបាននិយាយជាមួយអ្នកថ្មើរជើងដើរកាត់នោះ ហាក់ចង់ដោះដូរអ្វីម្យ៉ាង។

ឃើញដូច្នេះលោក Thorpe ក៏បានកាន់ប្រអប់អាហារ ក្រោយបានញ៉ាំនៅសេសសល់ ទាំងស្ថិតក្នុងស្ថានភាពស្រវឹងផងដែរនោះ ដើរចូលទៅរកបុរសរងគ្រោះ (អ្នកសុំទាន) ក្នុងគោលបំណងចង់គប់មុខ ខណៈដែលមិត្តភក្តិរបស់លោកជាអ្នកចាំថតសកម្មភាព។

លោក Thorpe បាននិយាយទៅកាន់បុរសរងគ្រោះថា ខ្លួននឹងឲ្យលុយគាត់ ១០ផោន (ប្រហែល ១២ដុល្លារអាមេរិក) សម្រាប់ការគប់អាហារឲ្យចំកណ្តាលមុខ។ ហើយភ្លាមៗនោះ និយាយមិនទាន់ចប់ស្រួលបួលផង លោក Thorpe ក៏លើកប្រអប់អាហារគប់លើមុខ (ដូចទះកំផ្លៀង) ទៅលើបុរសរងគ្រោះតែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះចែកចាយ លោក Thorpe ទទួលរងពាក្យរិះគន់មិនសំចៃមាត់ ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ហើយក្រោយមកទើបដឹងថា បុរសរងគ្រោះនោះគាត់គឺជាអ្នកសុំទាន។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី លោក Thorpe បានអះអាងថា នៅគ្រានោះ លោកពិតជាមិនបានដឹងទេថា បុរសនោះគាត់គឺជាអ្នកសុំទាននោះឡើយ បើដឹងលោកក៏ពុំធ្វើបែបនេះដាក់គាត់នោះដែរ។

ជុំវិញនឹងករណីនេះ លោកបាននិយាយថា លោកពិតជាមានអារម្មណ៍ថា សោកស្តាយ និងខុសធ្ងន់យ៉ាងខ្លាំង ចំពោះទង្វើដែលលោកបានធ្វើលើមនុស្សស្លូតត្រង់ម្នាក់ ដែលគ្មានទីពឹងគ្មានជម្រក។ លោកថា នៅថ្ងៃបន្ទាប់លោកក៏បានព្យាយាមតាមស្វែងរកបុរសអនាថាសុំទាននោះ ពេញទីក្រុង Derby ប៉ុន្តែនៅតែរកពុំឃើញ ព្រោះលោកពិតជាចង់សុំទោសគាត់វិញ ចំពោះទង្វើដ៏អាក្រក់ដែលលោកបានធ្វើនេះ។

លោកថា នៅពេលនេះមានមនុស្សជាច្រើន កំពុងតែស្អប់ និងទម្លាក់កំហុសលើលោកយ៉ាងខ្លាំង តែលោកក៏មិនខ្វល់ពីពួកគេឡើយ លោកខ្វល់ត្រឹមថា ធ្វើយ៉ាងណាត្រូវរកបុរសអនាថានោះឲ្យឃើញតែប៉ុណ្ណោះ។

លោក Thorpe បន្តថា ដោយសារតែការស្រវឹង ទើបជំរុញឲ្យលោកធ្វើរឿងហួសហេតុបែបនេះ វាពិតជាឈឺចាប់ខ្លាំងណាស់។ ហើយលោកក៏បានសន្យាថា នឹងមិនធ្វើរឿងបែបនេះឲ្យកើតមានឡើងទៀតនោះទេ។ លោកពិតជាចង់សុំទោស និងចង់ទិញរបស់របរមួយចំនួន ជូនបុរសអនាថានោះតាមតែអ្វីដែលគាត់ចង់បាន ដើម្បីជាការអភ័យទោសមួយ នូវទង្វើដ៏អាក្រក់ដែលលោកបានធ្វើដាក់គាត់ផងដែរ។

គួរឲ្យដឹងផងដែរថា ក្រោយរឿងរ៉ាវនេះត្រូវបានសុះសាយខ្លាំងនៅលើបណ្តាញសង្គម បច្ចុប្បន្នខាងសមាគមសប្បុរធម៌ ក្នុងទីក្រុង Derby ក៏កំពុងតែព្យាយាមតាមស្វែងរកបុរសអនាថាខាងលើនេះ ដើម្បីផ្តល់ជំនួយនិងការស្នាក់នៅដល់គាត់ផងដែរ។

ប៉ុន្តែមកទល់ពេលនេះ ប្រភពពុំទាន់បានឲ្យដឹង ថាតើពួកគេបានរកឃើញបុរសអនាថានោះហើយ ឬយ៉ាងណានោះទេ?

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាព៖ មុខទីតាំងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]