(ភ្នំពេញ)៖​ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ បង្ក្រាបជាបន្តបន្ទាប់ចំនួន២ទីតាំងផ្សេងគ្នា ដោយដកហូតបានថ្នាំញៀនចំនួន២៥កញ្ចប់តូចធំ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ប្រតិបត្តិការចុះបង្ក្រាបនេះគឺធ្វើឡើងកាលពីវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចសំណង់មិនរៀបរយ តាមផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ គឺដោយសារតែមានបទបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាដល់កម្លាំងនគរបាលទាំង១២ខណ្ឌ បើកប្រតិបត្តិការស្រាវជ្រាវ នូវមុខសញ្ញាជួញដូរគ្រឿងញៀនឲ្យខានតែបាន។

ដោយនៅក្នុងប្រតិបត្តិការគោលដៅទី១ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រមទាំងដកហូតនូវក្រាមពណ៌សថ្លាចំនួន ១៤កញ្ចប់ ក្នុងនោះមាន ១៣កញ្ចប់តូច និង ១កញ្ចប់ធំ, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ទូរស័ព្ទម៉ាក MI ពណ៌សផ្កាឈូក មួយគ្រឿង និងប្រាក់រៀលចំនួន ៣ម៉ឺនរៀល។

គោលដៅទី២ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សៅ សេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងដកហូតក្រាមពណ៌សថ្លាចំនួន១១កញ្ចប់, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងប្រាក់រៀលចំនួន២ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមជាមួយនឹងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]