ម៉ាឡេស៊ី៖ ហេតុតែដើម្បីជួយការពារផ្ទះ និងម្ចាស់ផ្ទះ សត្វឆ្កែចិញ្ចឹមដ៏សែនកំសត់មួយក្បាល ស៊ូលះបង់ជីវិត ប្រជែងជាមួយនឹងពស់ថ្លាន់ធំ ប្រវែង៦ម៉ែត្រ រហូតងាប់ខ្លួនយ៉ាងសង្វេគ ធ្វើឲ្យម្ចាស់អាណិតខ្លោចចិត្តជាខ្លាំង។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃច័ន្ទ ទី១០ ធ្នូ ដើមសប្តាហ៍នេះ នៅឯផ្ទះមួយកន្លែង ស្ថិតក្នុងតំបន់ Jalan Kejatau នៃកូនក្រុង Sri Aman រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។

តាមសេចក្តីរាយការណ៍ពីសារព័ត៌មាន New Straits Times នៅក្នុងថ្ងៃកើតហេតុនោះ បានឲ្យដឹងថា សមាជិកគ្រួសារម្ចាស់ផ្ទះខាងលើ បានស្រែកហៅរកឆ្កែរបស់ពួកគេឲ្យត្រលប់មកផ្ទះវិញ ប៉ុន្តែពុំឃើញមានសញ្ញាឆ្លើយតបណាមួយ ឬឆ្កែនេះរត់មករកពួកគេនោះទេ ដែលវាខុសពីសព្វមួយដង និងគួរឲ្យសង្ស័យ។

ដោយអន្ទះសាបាត់ឆ្កែដ៏គួរឲ្យស្រលាញ់រកពុំឃើញ ម្ចាស់របស់វាក៏បានចេញដើររកមើលនៅក្បែរៗផ្ទះ ហើយនៅទីបំផុតក៏ស្រាប់តែប្រទះឃើញ ឆ្កែរបស់ពួកគេកំពុងតែត្រូវពស់ថ្លាន់ធំមួយក្បាល រួមរឹតប្រុងធ្វើស៊ី យ៉ាងគួរឲ្យអាណិត និងស្រឡាំងកាំងតែម្តង។

ឆ្កែកំសត់បានងាប់ដោយសារពស់ថ្លាន់

ម្ចាស់ឆ្កែខាងលើ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ពួកគេបានវាយពស់ថ្លាន់នោះ ដើម្បីឲ្យវាព្រលែងឆ្កែរបស់ពួកគេវិញ។ ហើយទំនងជាពស់នោះភ័យខ្លាចដែរ វាក៏បានព្រលែង និងលូនចូលក្នុងរន្ធមួយក្បែរនោះ យ៉ាងលឿនតែម្តង។ ប៉ុន្តែជារឿងដ៏គួរឲ្យសោកស្តាយ ឆ្កែរបស់ពួកគេបានងាប់បាត់ទៅហើយ។ 

ក្រោយមកពួកគេក៏បានរាយការណ៍ដំណឹងនេះ ដល់នាយកដ្ឋានអគ្គិភ័យនិងជួយសង្គ្រោះ (Fire and Rescue Department) នៅចន្លោះម៉ោងប្រហែលជា ២និង៤២រសៀល ថ្ងៃដដែលនោះ ដើម្បីឲ្យចុះមកជួយធ្វើអន្តរាគមន៍ ចាប់យកពស់ថ្លាន់នោះចេញឲ្យឆ្ងាយ ដើម្បីធានាសុវត្ថិភាពដល់ពួកគេ ក៏ដូចជាអ្នកជិតខាងដែលរស់នៅក្បែរនោះផងដែរ។

ប្រភពបានឲ្យដឹងថា ក្រុមជួយសង្គ្រោះចំនួន៩នាក់ បានចុះមកដល់ទីតាំងកើតហេតុ ដោយចំណាយពេលអស់ជាង ១ម៉ោង ទម្រាំតែស្វែងរកពស់ថ្លាន់នោះឃើញ និងចាប់វាបាន។ ពស់ថ្លាន់ដ៏ធំនេះ ត្រូវបានគេរាយការណ៍ថា មានប្រវែងរហូតដល់ទៅ ២០ហ្វីត (ឬប្រហែល ៦ម៉ែត្រ) និងមានអង្កត់ផ្ចិត ១៦សង់ទីម៉ែត្រ (ឬទំហំខ្លួន) ឯណោះ។

ជាចុងក្រោយ ម្ចាស់ឆ្កែខាងលើនេះបាននិយាយថា ពួកគេពិតជានឹកអាណិតឆ្កែរបស់ពួកគេជាខ្លាំង ដែលស៊ូលះបង់ជីវិតជួយការពារដល់ពួកគេ ព្រោះប្រសិនបើគ្មានវានោះទេ ពស់ថ្លាន់នោះអាចនឹងចូលសំងំក្នុងផ្ទះ ធ្វើអ្វីមិនល្អក៏ថាបានដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ពស់ថ្លាន់ដែលត្រូវបានចាប់បាន ក្រោយកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]