រាជធានី​ភ្នំពេញ ៖ ម្ចាស់​ម៉ូតូ​ឈរ​បែរខ្នង និង​ភ្លេច​ដក​កូនសោ​ចេញ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​មក​ឡើង​ជិះ​និង​ធ្វើ​សកម្មភាព​ប៉ុនប៉ង​លួច​ម៉ូតូ តែ​ត្រូវ​បងប្អូន​ម្ចាស់​ម៉ូតូ​ឃើញ​ក៏​ក្របួច​ជាប់​ភ្លាម​ៗ និង​បាន​ប្រគល់​អោយ​សមត្ថកិច្ច​ដើម្បី​សាកសួរ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​​៨ ខែធ្នូ នៅ​ចំណុច​មុខ​ហ្វា​ន់​ក្លិប ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ឈ្មោះ ឃុ​ត ប៉ៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ក្រាំង​ម្កាក់ ស្រុ​ល​អង្គស្នួល ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​វាល ស្រុក គងពិសី ខេត្តកំពង់ស្ពឺ​។

ចំណែក​ម្ចាស់​ម៉ូតូ​ជាដើម​បណ្តឹង​ឈ្មោះ​ហឿ​ង ង៉ែត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​សំដី​ដើមបណ្តឹង​ជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​ចេញពី​បន្ទប់​ជួល​មាន​គ្នា​៣​នាក់ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ តាកែវ ១O-៦៥១៣ ឌុ​ប​គ្នា​ក្នុង​គោលបំណង​មក​ចូល​លេង​ក្នុង​ក្លិប​ខាងលើ ។

លុះ​ពេល​មក​ដល់​កើតហេតុ បាន​ឈប់​ម៉ូតូ​អែប​ចិញ្ចើម​ផ្លូវ និង​បាន​ចុះ​ទៅ​និយាយ​ជាមួយ​សន្តិសុខ​ដោយ​ចត​ម៉ូតូ​ក្រោយខ្នង ហើយ​ភ្លេច​ដក​កូនសោ​ចេញពី​ម៉ូតូ ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​ខាងលើ​បាន​ឡើង​ជិះ​ម៉ូតូ​ប៉ុនប៉ង​លួច តែ​ត្រូវ​បងប្អូន​របស់​គាត់​ឃើញ​ក៍​ក្របួច​ជាប់​ភ្លាម​ៗ​និង​បាន​ប្រគល់​អោយ​សមត្ថកិច្ច​សាកសួរ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ប្រាប់​ថា​ខ្លួន​ពិតជា​មាន​បំណង​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន ។ ដោយ​យោង​តាម​ចំលើយ​សារភាព បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួនបណ្តោះអាសន្ន​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]