ហ្វ៊ីលីពីន៖ ឆ្មាំសមុទ្រមួយក្រុមបានចាប់ផ្តើមប្រមាញ់ក្រពើសមុទ្រដ៏កំណាចមួយក្បាល កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ ពោលគឺបួនថ្ងៃបន្ទាប់ពីសត្វល្មូនទម្ងន់ប្រមាណ ៥០០ គីឡូក្រាម បានវាយប្រហារ និងហែកស៊ីអ្នកនេសាទម្នាក់ ខណៈសាកសពត្រូវបានរកឃើញនៅច្រាំង ក្នុងតំបន់ប៉ាឡាវ៉ាន់ ប្រទេសហ្វីលីពីន។ 

ក្រពើស៊ីមនុស្សដែលគេដាក់នុយចាប់

សាកសពជនរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ Cornelio Bonite អាយុ ៣៣ ឆ្នាំ។ នៅពេលរកឃើញ ដៃស្តាំ និងជើងឆ្វេងរបស់គាត់ពុំមាននៅជាប់នឹងដងខ្លួនឡើយ ដែលនេះជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ជាលទ្ធផលនៃចង្កូមមរណៈរបស់ក្រពើទឹកប្រៃមួយក្បាល ដែលគេឱ្យឈ្មោះថា ស៊ីងកូ (ដាក់តាមឈ្មោះភូមិដែលគេចាប់បាន)។

បើតាមវីដេអូក្នុងអំឡុងប្រតិបត្តិការចាប់ក្រពើយក្សនេះ ក្រុមមន្ត្រីបានប្រើវិធីដ៏សាមញ្ញមួយ គឺយកសាច់ពពែមកធ្វើជានុយ ដោយចងភ្ជាប់សន្ទូចទៅនឹងក្បួនធ្វើពីដើមចេកពីរដើម។ ក្រោយពីវាស៊ីនុយនោះរួច គេគ្រាន់តែចាប់ទាញគល់ចេកឡើងគោកជាការស្រេច ប៉ុន្តែពិបាកត្រង់ថាគេត្រូវប្រើគ្នាច្រើនដើម្បីលើកវាឡើងមកបាន។  

ក្រពើស៊ីមនុស្សដែលគេចាប់បាន

រដ្ឋបាលមូលដ្ឋានបានថ្លែងថា «អាជ្ញាធរសត្វព្រៃនៅទីនេះអាចបញ្ជាក់បានថា ស៊ីងកូ ពិតជាបានវាយប្រហារ និងសម្លាប់បុរសជាអ្នកនេសាទ កាលពីពេលថ្មីៗនេះ ក្នុងក្រុងបាឡាបាក់ ភាគខាងត្បូងនៃតំបន់ប្រជុំកោះប៉ាឡាវ៉ាន់ ពិតប្រាកដ ១០០% » ។

ទោះយ៉ាងណា គេមិនបានបញ្ជាក់ថា ក្រោយពីចាប់បានហើយ វាសនារបស់ក្រពើតិរច្ឆាននេះនឹងប្រែទៅជាយ៉ាងណានោះទេ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]