ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់បានក្លែងធ្វើជាបាត់ទូរសព្ទ iPhone របស់ខ្លួនជារៀងរាល់ឆ្នាំរយៈពេល ៥ ឆ្នាំមកហើយ ទើបចុងក្រោយថ្មីៗនេះត្រូវបានចាប់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ច ក្រោយពីបានដឹងនិងបកអាក្រាតល្បិចក្លែងបន្លំនេះ។

បុរសដែលបោកប៉ូលិស ត្រូវបានចាប់ខ្លួន

ជនសង្ស័យមានមុខរបរជាប្រធានផ្នែកទីផ្សារអាយុ ៣៤ឆ្នាំ មកពីខេត្តប៊ូគិត ម័រថាចាំ ក្នុងរដ្ឋផេណាំង បានធ្វើជាទៅប្តឹងប៉ូលិសដោយរាយការណ៍កុហកថា ទូរសព្ទរបស់ខ្លួនត្រូវបានចោរលួចផង និងប្លន់ផង គិតចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែការប៉ុនប៉ងចុងក្រោយរបស់គេ បានទាក់ទាញចំណាប់អារម្មណ៍មន្ត្រីស៊ើបអង្កេត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ចំពោះល្បិចចុងក្រោយនេះជនសង្ស័យដែលមិនត្រូវបានបញ្ចេញឈ្មោះជាសាធារណៈបានប្រាប់ប៉ូលិសថា ចោរបានជិះម៉ូតូគ្នាពីរនាក់ប្លន់យកទូរសព្ទ iPhone XS Max របស់ខ្លួននៅក្រៅផ្ទះម្តាយក្មេក ក្បែរខេត្តខាងលើ។ ក្នុងពាក្យបណ្តឹងដដែល គេអះអាងបន្តថា ពួកចោរបានយកទាំង iPad Pro,  MacBook Pro និងវត្ថុមានតម្លៃផ្សេងៗទៀត។

ទូរសព្ទ iPhone

ទោះយ៉ាងណាលោកស្នងការ Nik Ros Nik Abdul Hamid បានឱ្យដឹងថា មន្ត្រីរៀបចំនីតិវិធីនៃបណ្តឹងបានរកឃើញចំណុចមួយដ៏គួរឱ្យសង្ស័យ ពេលពិនិត្យរបាយការណ៍ចាស់ៗរបស់បុរសម្នាក់នេះ គឺសុទ្ធតែស្រដៀងៗគ្នាពោលគឺបាត់ទូរសព្ទ iPhone ទាំងអស់។

ក្រោយពេលសួរចម្លើយ និងតាមដានទៅដល់ផ្ទះម្តាយក្មេក ជនខិលខូចរូបនេះបានសារភាពថា តាមពិតខ្លួនបានលក់ទូរសព្ទ និងកុំព្យូទ័រយួរដៃទាំងនោះតាមវេទិកាអនឡាញក្នុងស្រុកមួយ រួចក៏ទៅប្តឹងប៉ូលិសថាបាត់ ឬត្រូវចោរលួច-ប្លន់ ដើម្បីទទួលបានលុយធានារ៉ាប់រង បន្ទាប់មកយកលុយនោះទៅទិញ iPhone ថ្មី ហើយធ្វើរឿងដដែលៗមួយឆ្នាំម្តងៗ៕

MacBook Pro និង iPad Pro

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]