ភ្នំពេញ៖ នៅពេលនេះក្រុមហ៊ុន vivo បាននឹងកំពុងតែបោះជំហានក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា Xiaomi Samsung Motorola Oppo OnePlus និង Apple នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន vivo បានបន្តធ្វើការវិនិយោគទៅលើបច្ចេកវិទ្យា 5G ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននោះទេ ប៉ុន្តែក្រុមហ៊ុនមានគោលដៅសម្រាប់បំពាក់នៅលើឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតដូចជានាឡិកាដៃ និងតន្រ្តីផងដែរ ដែលអាចប្រើប្រាស់នូវបច្ចេកវិទ្យានេះបានថែមទៀតផង។

ក្រុមហ៊ុននេះ បានធ្វើការជាមួយនឹងដៃគូសហការជាច្រើននៅលើពិភពលោកដូចជាក្រុមហ៊ុន Qualcomm Haier TCL និង Midea ជាដើម ដែលវិសាលភាពនៃការងារនេះ គឺជាសហអភិវឌ្ឍសម្រាប់ផលិតផល និងសេវាកម្មជាច្រើនថែមទៀត។ 

លោក Nipun Marya ដែលជាប្រធានផ្នែកយុទ្ធសាស្ត្រម៉ាកយីហោរបស់ក្រុមហ៊ុន vivo នៅក្នុងប្រទេសឥណ្ឌាប្រាប់ទៅកាន់ BusinessLine ថា៖

«vivo កំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនដឹកនាំធំៗ នៅលើឧស្សាហកម្មនេះនៅលើពិភពលោកសម្រាប់សេវាកម្ម 5G និងផលិតផលជាច្រើនទៀត។ យើងនឹងវាយតម្លៃទៅលើភាពជាដៃគូនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានៅក្នុងជំហានបន្តមួយទៀត បើទោះបីជាប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា កំពុងតែបន្តមានការខាតបង់ក៏ដោយ»។
Vivo នៅក្នុងប្រទេសឥណ្ឌា

លោក Marya បាននិយាយបន្តថា៖

«យើងស្ថិតនៅក្នុងដំណាក់កាលនៃការវិនិយោគនៅក្នុងប្រទេសឥណ្ឌា ដោយនឹងត្រូវការពេលវេលាផងដែរ»។

vivo កំពុងតែស្វែងរកនូវភាពជាដៃគូជាមួយនឹងក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេឥណ្ឌាសម្រាប់សមាសភាគជាច្រើន។ បច្ចុប្បន្ននេះ vivo កំពុងតែធ្វើការនាំចូលនូវសមាសភាគជាច្រើនចេញពីប្រទេសចិន ស្របពេលដែល Xiaomi ត្រូវបានគេមើលឃើញថា បានពិភាក្សាជាមួយនឹងដៃគូសមាសភាគជាច្រើនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរ។

លោក Marya បានបញ្ជាក់បន្ថែមថា៖

«យើងនៅមិនទាន់អាចធ្វើការរកប្រភពផ្គត់ផ្គង់នៃសមាសភាគជាច្រើននៅក្នុងតំបន់បាននៅឡើយទេ ប៉ុន្តែយើងជិតគ្រប់គ្រង vivo នឹងធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងការផលិតនៅក្នុងប្រទេសឥណ្ឌា ដោយធ្វើឡើងនៅក្នុងរោងចក្រ Greater Noida របស់ខ្លួន។ រោងចក្រ Greater Noida នេះ អាចធ្វើការផលិតស្មាតហ្វូនបានប្រហែលជា 25 លានគ្រឿងក្នុងមួយឆ្នាំ។ សម្រាប់ស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន Vivo នៅក្នុងប្រទេសឥណ្ឌាគឺផលិតនៅក្នុងរោងចក្រនេះ»។

គាត់និយាយបន្ថែមថា៖

«យើងនៅមិនទាន់ធ្វើការសម្រេចចិត្តនោះទេថា តើការវិនិយោគបន្ថែមទៅលើ Greater Noida នេះ ឬទៅកាន់ទីកន្លែងផ្សេងទៀតនោះ»។

សម្រាប់ការបង្កើនទៅលើការវិនិយោគនេះ នឹងធ្វើឱ្យមានការកំណើនរបស់ក្រុមហ៊ុន vivo កាន់តែខ្លាំងនៅក្នុងប្រទេសឥណ្ឌា។ ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ 2014 ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធំបំផុតទី 2 ដែលលក់បានស្មាតហ្វូនច្រើនជាងគេបន្ទាប់ពីក្រុមហ៊ុន Samsung ។ ក្រុមហ៊ុន Vivo នៅក្នុងប្រទេសឥណ្ឌានេះ គឺរកប្រាក់ចំណូលកើនឡើងជិត 2 ដង នៅត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2018 នេះ បើធៀបទៅនឹងឆ្នាំមុន៕

Vivo នៅក្នុងប្រទេសឥណ្ឌា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]