ផ្លែស្វាយជាផ្លែឈើដ៏ឈ្ងុយឆ្ងាយ ងាយហូប ងាយទិញ និងមានតម្លៃធូរថ្លៃថែមទៀតផង។ ក្រៅពីរសជាតិជូរនិងផ្អែមដ៏ជក់មាត់ហើយនោះ វាថែមទាំងមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពទៀតផង។ អ្នកដឹងទេថា ផ្លែស្វាយក៏ជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងសំបូរបែបផងដែរ រាប់តាំងពីវីតាមីន សារធាតុរ៉ែ សារធាតុសរសៃ ស្ករធម្មជាតិ ប្រូតេអ៊ីន និងសារធាតុប្រឆាំងនឹងជាតិពុល។

ខាងក្រោមជាសារធាតុចិញ្ចឹមមួយចំនួនទទួលបានពីការហូបផ្លែស្វាយ៖

១. ផ្លែស្វាយជាប្រភពនៃសារធាតុសរសៃលេខមួយ

ជាតិសរសៃដ៏សំបូររបស់ផ្លែស្វាយជាតម្រូវការដ៏ចំាបាច់សម្រាប់ប្រព័ន្ធរំលាយអាហាររបស់យើង។ សារធាតុសរសៃជួយដល់ការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ ជាពិសេសសម្រួលដល់ការដឹកនាំកាកសំណល់អាហារបញ្ចេញចោលតាមផ្លូវបន្ទោរបង់។

សារធាតុសរសៃជាឱសថធម្មជាតិប្រឆាំងនឹងបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព។

ក្រៅពីនេះវាក៏បានចូលរួមចំណែកក្នុងការសម្រកទម្ងន់ និងធ្វើឲ្យស្បែកម៉ត់ហាប់ណែនទៀតផង។

រូបតំណាង

២. ផ្លែស្វាយក៏ជាប្រភពនៃវីតាមីនA

ផ្លែស្វាយ សំបូរវីតាមីនA និងសារធាតុប្រឆាំងជាតិពុល  ការពារពីការខូចខាតនៃកោសិកា។

ពេលយើងអាយុកាន់តែច្រើនទៅ សរីរាង្គភ្នែកងាយនឹងរងគ្រោះខ្លាំងបំផុត។ ភាគច្រើនមនុស្សកាន់តែចាស់ទៅ ភ្នែកក៏ចាប់ផ្តើមអន់ថយទៅតាមហ្នឹងដែរ។ ប៉ុន្តែវីតាមីនA និងសារធាតុសំខាន់ៗទទួលបានពីផ្លែស្វាយ បានចូលរួមចំណែកដល់ការជួយពង្រឹងសុខភាពនៃកោសិកាភ្នែក ដោយការពារពុំឲ្យវាវិវឌ្ឍលឿនពេកទៅតាមអាយុរបស់យើង។

ដូច្នេះហូបផ្លែស្វាយជារៀងរាល់ថ្ងៃ ដើម្បីសុខភាពភ្នែករបស់លោកអ្នកឲ្យបានយូរអង្វែង។

រូបតំណាង

៣. ផ្លែស្វាយជាប្រភពនៃវីតាមីនC

វីតាមីនC ជាប្រភេទវីតាមីនដែលមានសារៈសំខាន់ជាចាំបាច់សំរាប់ការពារកោសិកាពីការខូចខាត។  វារក្សាបរិមាណគ្រាប់ឈាមក្រហមឲ្យនៅថេរដោយការពារពីជំងឺខ្វះជាតិដែក  បន្ថយសម្ពាធឈាមមកនៅធម្មតា  ការពារយើងពីជំងឺលើសឈាម  ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងល្អ  ប្រឆាំងជំងឺផ្សេងៗ  ការពារពីការបាត់បង់ការចងចាំនិងសតិស្មារតី។  ជាពិសេសវីតាមីននេះល្អខ្លាំងសម្រាប់សុខភាពមាត់ធ្មេញនិងការពារប្រឆាំងជាមួយជំងឺអញ្ចាញធ្មេញ។

ដូច្នេះ ហូបផ្លែស្វាយយ៉ាងតិចណាស់១ផ្លែក្នុង១ថ្ងៃ ដើម្បីបំពេញបន្ថែមនូវវីតាមីនCដ៏សំខាន់សម្រាប់តំរូវការរាងកាយអ្នក។ 

រូបតំណាង

៤. ផ្លែស្វាយ ជាប្រភពនៃសារធាតុរ៉ែសំខាន់ជាច្រើនមុខ

ផ្លែស្វាយបានផ្តល់សារធាតុរ៉ែសំខាន់ៗដូចជា កាល់ស្យូម ជាតិដែក និងប៉ូតាស្យូមជាដើម ដែលសារធាតុទាំងអស់នេះសុទ្ធតែជាតម្រូវការមិនអាចខ្វះបានរបស់រាងកាយយើង។

ជាក់ស្តែងកាល់ស្យូមបានដើរតួនាទីយ៉ាងចំបងក្នុងការលូតលាស់ និងភាពរឹងមាំនៃសរីរាង្គឆ្អឹងរបស់យើង។ រីឯជាតិដែកជាតម្រូវការដ៏សំខាន់ និងមិនអាចខ្វះបាននៃកោសិកាឈាមក្រហមរបស់ប្រព័ន្ធរបត់ឈាមយើង ព្រោះបើកោសិកាឈាមក្រហមគ្មានម៉ូលេគុលដែកទេ រាល់សកម្មភាពនៃការផ្លាស់ប្តូរឧស្ម័ន និងសារធាតុចិញ្ចឹមរបស់កោសិកាក៏មិនអាចប្រព្រឹត្តទៅបានដែរ។

ចំណែកប៉ូតាស្យូមវិញបានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការរក្សាកម្រិតជាតិឈាមឲ្យនៅធម្មតា។

ដូច្នេះផ្លែស្វាយមិនថាទុំ ឬ ខ្ចី សុទ្ធសឹងផ្តល់ឲ្យយើងសារធាតុចិញ្ចឹមសំខាន់ៗ ដែលរាងកាយត្រូវការជាប្រចាំ។  ការរួមបញ្ចូលផ្លែស្វាយ ក្នុងរបបអាហារ គឺជាការអនុវត្តមួយដ៏ត្រឹមត្រូវខ្លាំង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]