ខេត្តក្រចេះ ៖ ឃាតកស៊ីឈ្នួលសម្លាប់មនុស្ស ដែលបានចាប់ខ្លួននិងឃុំខ្លួនក្នុងពន្ធនាគារខេត្តអស់រយៈ ពេលជាង៣ឆ្នាំ ពីបទអំពើមនុស្សឃាត ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនោះ បានធ្វើសកម្មភាពរត់គេចខ្លួនចេញពីពន្ធនាគារ កាលពីរសៀលថ្ងៃទី០២ ធ្នូ ។ នៅថ្ងៃទី៣ ធ្នូ នេះ កម្លាំងឆ្មាំអភិរក្ស ពន្ធនាគារ កំពុងតែចុះស្រាវជ្រាវចាប់ខ្លួនមកវិញ។
ប្រភពឱ្យដឹងថា ទណ្ឌិតដែលបានរត់គេចខ្លួនចេញពីពន្ឋនាគារ ដោយសារតែការធ្វេសប្រហេសពីមន្ត្រី អភិរក្សនេះ ឈ្មោះ ឡឹក ចាន់វាសនា ហៅក្លូ អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ។ ជននេះ ត្រូវបាននគរបាលស្រុកសំបូរចាប់ខ្លួន កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ពាក់ព័ន្ឋនិងករណីអំពើមនុស្សឃាត ដោយជននេះបានស៊ីឈ្នួលក្នុងតម្លៃខ្លួនចំនួន២លានរៀលពីស្ត្រីម្នាក់ទៀត ឱ្យទៅសម្លាប់ស្ត្រីជនរងគ្រោះ ដែលរស់នៅក្នុងភូមិឃុំ ជាមួយគ្នា ក្នុងទំនាស់រឿងជំពាក់លុយចង់ការប្រាក់។
ក្នុងសកម្មភាពអំពើមនុស្សឃាតដែលទណ្ឌិតរូបនេះ បានស៊ីឈ្នួលសម្លាប់ទៅស្ត្រីរងគ្រោះកាលណោះ គឺជននេះបានបំពុលឆ្កែមួយក្បាល ឲ្យងាប់រួចជននេះបានយកដែកដែលមានមុខស្រួច ទៅចាក់លើស្ត្រីរងគ្រោះដែលកំពុងតែដេកនៅលើប៉ៅអុីក្រោមផ្ទះម្នាក់ឯង ត្រូវចំលើដើមដោះខាងឆ្វេង បណ្តាលស្លាប់ភ្លាមៗ។
ក្រោយធ្វើសកម្មភាពនេះរួចជននេះបានគេចខ្លួន តែក៏ត្រូវបាននគរបាលស្រុកសំបូរ ស្រាវជ្រាវចាប់ខ្លួនបានមកវិញក្រោយបង្កសកម្មភាពបានរយៈពេល២ថ្ងៃរួចមក។
មិនអាចទំនាក់ទំនងសាកសួរព័ត៌មានជុំវិញហេតុការណ៍ អ្នកទោសរត់ចេញពីពន្ឋនាគារបានទេ ពីលោក ខ្វា សារ៉ន ប្រធានពន្ឋនាគារខេត្តក្រចេះ នៅថ្ងៃទី៣ ធ្នូ នេះ ដោយសារលោកមិនលើកទូរស័ព្ទ។ បើតាមប្រភពព័ត៌មានខាងក្រៅរបងពន្ឋនាគារខេត្តបានឲ្យដឹងថា នៅរសៀលថ្ងៃទី២ ធ្នូ ទណ្ឌិតរូបនេះ បានធ្វើលេសថា រូបគេមានបងប្អូនមកសួរសុខទុក្ខនៅខាងក្រៅ ។ ហើយឆ្មាំអភិរក្សក៏បានអនុញ្ញាតិឲ្យចេញមកក្រៅ ស្រាប់តែទណ្ឌិតរូបនេះមានខ្សែពួបានបោះឡើង របងដាំអំបែងកែវប្លោះរត់ចេញមកក្រៅ និងគេចខ្លួនបានដោយសុវត្ថិភាព។
ប្រភព័ត៌មាននៅខាងក្រៅរបងពន្ឋនាគារខេត្តបានឲ្យដឹងទៀតថា កន្លងមកករណីអ្នក ទោសរត់ចេញពីពន្ឋនាគារ គឺតែងតែកើតមានជាញឹកញាប់សម្រាប់ពន្ឋនាគារខេត្តក្រចេះ។ ហើយករណីនេះ គេមិនដឹងថា បណ្តាលមកការធ្វេសប្រហេសរបស់មន្ត្រីអភិរក្ស ឬក៏បណ្តាលមកពីមូលហេតុអ្វីផ្សេងនោះទេ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]