ភ្នំពេញ៖ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តចំនួន ៥ ប្រចាំឆ្នាំ ២០១៨ របស់គណៈកម្មការមូលបត្រកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដែលខេត្តនេះ គឺជាគោលដៅទីមួយក្នុងចំណោមខេត្តទាំងប្រាំ ដោយខេត្តបួនផ្សេងទៀត រួមមានខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ភ្ជាប់ជាមួយនឹងប្រធានបទ «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា» សិក្ខាសាលាតាមបណ្ដាខេត្តនេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយ និងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា ការកសាងទំនុកចិត្តរបស់វិនិយោគិន និងការរៀបចំឱ្យវិនិយោគិនមានភាពរួចរាល់សម្រាប់ការវិនិយោគនេះ។

មុនពេលចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំសិក្ខាសាលាសម្រាប់ក្រុមសិក្ខាកាមផ្សេងៗគ្នា និងបានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជាក្នុងការរៀបចំវេទិកា ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗនៅទីក្រុងភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា។

សិក្ខាសាលា «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា»

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្តជាផ្លូវការ តាមរយៈសុន្ទរកថារបស់ឯកឧត្តម។ បន្ទាប់មក ឯកឧត្តមក៏បានលើកឡើងពីបេសកកម្មរបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទ និងលើកទឹកចិត្តដល់សិក្ខាកាមឱ្យស្វែងរកចំណេះដឹងអំពីទីផ្សារឧបករណ៍និស្សន្ទ ក៏ដូចជាពិចារណាធ្វើការជួញដូរលើឧបករណ៍និស្សន្ទនេះ។ 

ក្រោយពីសុន្ទរកថារបស់ឯកឧត្តម សៀង ធីរិទ្ធ ត្រូវបានបញ្ចប់ លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ បានបង្ហាញពីទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ ការរីកចម្រើននៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា និងក្របខ័ណ្ឌបទប្បញ្ញាតិ ដែលត្រូវបានប្រើប្រាស់ ដើម្បីធានាយន្តការនៃការជួញដូរ និងការការពារវិនិយោគិនតម្លាភាពឱ្យប្រកបដោយតម្លាភាព។

សិក្ខាសាលា «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា»

ក្នុងនាមជាវាគ្មិនកិត្តិយស លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសម្តែងភាពសប្បាយរីករាយក្នុងការចូលរួមក្នុងសិក្ខាតាមបណ្ដាខេត្ត ប្រចាំឆ្នាំ ២០១៨ ជាមួយគណៈកម្មការមូលបត្រកម្ពុជា ហើយបានលើកឡើងថា ការលើកកម្ពស់ការយល់ដឹង និងការចែករំលែកចំណេះដឹងនៃការជួញដូរឧបករណ៍ហិរញ្ញវត្ថុឱ្យទូលំទូលាយ គឺជាកាតព្វកិច្ចមួយរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ លោក Lawrence បានបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការវាយតម្លៃខ្លួនឯង និងការអនុវត្តយុទ្ធសាស្រ្តសមស្របសម្រាប់វិនិយោគិននីមួយៗ ក៏ដូចជារបៀបទាញយកផលវិជ្ជមានពីការវិនិយោគ។ ក្រៅពីការចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តបួនផ្សេងទៀតនាដើមខែធ្នូខាងមុខនេះ លោក Lawrence ក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍នានារបស់គណៈកម្មការមូលបត្រកម្ពុជានៅឆ្នាំខាងមុខៗទៀត។

សិក្ខាសាលានៅខេត្តព្រះសីហនុនេះ បានបញ្ចប់ទៅដោយលទ្ធផលជោគជ័យ មិនត្រឹមដោយសារតែវត្តមានរបស់សិក្ខាកាមជាច្រើនរូបប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារគុណភាពនៃការយល់ដឹងរបស់ពួកគេទៅលើខ្លឹមសារផងដែរ។ ស្របជាមួយគ្នានេះ មានសិក្ខាកាមមួយភាគធំ បានស្នើសុំឱ្យមានកិច្ចប្រជុំឯកជន និងជាក្រុមតូចៗ ដែលការណ៍នេះ បានបង្ហាញពីការកើនឡើងនៃការយល់ដឹង ក៏ដូចជាការចាប់អារម្មណ៍លើការវិនិយោគលើឧបករណ៍និស្សន្ទ៕

សិក្ខាសាលា «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា»
សិក្ខាសាលា «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា»
សិក្ខាសាលា «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា»
សិក្ខាសាលា «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា»
សិក្ខាសាលា «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា»
សិក្ខាសាលា «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]