មហារីកជាជំងឺដ៏កាចសាហាវមួយកំពុងក្លាយជាបញ្ហាសុខាមាលភាពនៃប្រជាជនទូទាំងពិភពលោក។ វាធ្វើឱ្យបាត់បង់ការគ្រប់គ្រងលើការលូតលាស់នៃកោសិការាងកាយ ទើបបណ្តាលឲ្យកោសិកាទាំងនោះវិវឌ្ឍក្លាយជាកោសិកាមហារីក (ដូចជាដុំសាច់កាច) និងនាំផលប៉ះពាល់យ៉ាងខ្លាំងដល់កោសិកាដទៃ រួមទាំងសុខភាពរាងកាយទាំងមូល។

កត្តាមួយចំនួនដូចជា កត្តាបរិស្ថាន  របៀបរបបរស់នៅ ចំណីអាហារ  ហ្សែន និង ម៉ូលេគុលនៃរ៉ាឌីកាល់សេរី សុទ្ធតែចូលរួមចំណែកបង្កហានិភ័យនៃការវិវឌ្ឍន៍នៃជំងឺមហារីកផ្សេងៗ។

វិធីសាស្ត្រមួយចំនួនដែលគេប្រើសម្រាប់ព្យាបាលជំងឺមហារីកមានដូចជា ប្រើប្រាស់វិទ្យុសកម្ម គេច្រើនហៅ កាំរស្មីឡាសែ (X-ray) ការប្រើប្រាស់ថ្នាំគីមី និងការវះកាត់ដុំសាច់ចេញ ជាដើម។ វិធីព្យាបាលទាំងនេះគ្រូពេទ្យតែងជ្រើសរើសយកមកប្រើប្រាស់ ហើយពេលខ្លះគេប្រើប្រាស់វិធីទាំង៣នេះរួមបញ្ចូលគ្នាថែមទៀត។ ការវះកាត់យកដុំសាច់ចេញតែមួយមុខ មិនគ្រប់គ្រាន់ឡើយ ពីព្រោះកោសិកាមហារីកដែលនៅសល់ អាចធ្វើការលូតលាស់រីករាលដាលឡើងវិញ។ រីឯការប្រើប្រាស់ថ្នាំគីមីមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ដោយវាធ្វើឲ្យដុំសាច់រួញ និងឈប់លូតលាស់ ប៉ុន្តែវាជាថ្នាំគីមី ដែលអាចនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់កោសិកាផ្សេងៗនៃរាងកាយ។

ចំណែកការប្រើប្រាស់កាំរស្មីឡាសែ អាចថាងាយស្រួល និងមានប្រសិទ្ធភាពប្រសើរជាងវិធីសាស្ត្រផ្សេង ដោយសារវាប្រើប្រាស់កាំពន្លឺវិទ្យុសកម្មបាញ់ឲ្យចំគោលដៅប៉ុណ្ណោះ។ តែវិធីសាស្ត្រមួយនេះក៏នៅតែអាចផ្តល់ផលប៉ះពាល់ដល់កោសិកាល្អៗនៃរាងកាយយើងដែរ ព្រោះកោសិកាល្អនៅជុំវិញក៏រងឥទ្ធិពលរបស់កាំរស្មី X-ray រយៈពេលមួយសន្ទុះធំដែរ ជាហេតុធ្វើឲ្យវាមានការខូចខាត និងអាចវិវឌ្ឍជាកោសិកាមហារីកនៅថ្ងៃក្រោយបាន។

ដូច្នេះហើយទើបថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Stanford (សហរដ្ឋអាមេរិក) បាននិងកំពុងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យា X-ray ដែលប្រើប្រាស់រយៈពេលតិចជាង ១វិនាទីទៅទៀតក្នុងការបាញ់កំទេចកោសិកាមហារីក។  ជាលទ្ធផល វានឹងមិនប៉ះពាល់ទៅដល់កោសិកាល្អៗដទៃទៀតឡើយ  ហើយតាមការតេស្តសាកល្បងឥទ្ធិពលនៃបច្ចេកវិទ្យាថ្មីនេះ បង្ហាញថាវាអាចមានប្រសិទ្ធភាពជាងបច្ចេកវិទ្យាពីមុនទៅទៀត។

គេបានដាក់ឈ្មោះបច្ចេកវិទ្យានេះថា Phaser X-ray ដែលវាមិនយូរទេ នឹងដាក់ប្រើប្រាស់នៅតាមមន្ទីរពេទ្យហើយ។ វាអាចមានប្រសិទ្ធភាព និងសុវត្ថិភាពព្យាបាលជំងឺមហារីកជាងវិធីសាស្ត្រដទៃទៀត។

ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាលយ៉ាងខ្លាំងក្លា។  ការធ្វើរោគវិនិច្ឆ័យជំងឺ និងការព្យាបាលរឹតតែមានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស ក៏ដោយសារល្បឿននៃការរីកចម្រើននៃបច្ចេកវិទ្យា។ ដូចគ្នាផងដែរ Phaser X-ray នេះឯងជាបច្ចេកវិទ្យាថ្មីដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់ការបាញ់កំទេចដុំកោសិកាមហារីកយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពជាងមុន៕ 

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]