ឥណ្ឌូនេស៊ី៖ សំរាមជាពិសេសសំណល់ប្លាស្ទិក ជាបញ្ហាសកលដែលសង្គមទូទៅកំពុងប្រឈម និងស្វែងរកដំណោះស្រាយកាត់បន្ថយតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ក្នុងនោះដើម្បីជាផ្នែកមួយនៃការកម្ចាត់សំណល់ប្លាស្ទិក និងសម្អាតបរិស្ថាន ប្រព័ន្ធរថយន្តក្រុងសាធារណៈមួយរបស់ឥណ្ឌូនេស៊ីបាននិងកំពុងប្រើដំណោះស្រាយដ៏ល្អមួយតាំងពីខែមេសា ដែលប្រហែលជាប្រព័ន្ធរថយន្តក្រុងនៅរាជធានីភ្នំពេញអាចយកគំរូតាម។

ឡានក្រុងមួយនៅឥណ្ឌូនេស៊ី

មធ្យោបាយដ៏ល្អនោះគឺអ្នកដំណើរនៅក្រុងស៊ូរ៉ាបាយ៉ា អាចប្រើដបប្លាស្ទិកដាក់ទឹកសុទ្ធជំនួសឱ្យការបង់ថ្លៃជាប្រាក់កាស ហើយពួកគេនឹងទទួលសំបុត្រដែលអាចធ្វើដំណើរបានពីរម៉ោង ដែលគោលគំនិតសំខាន់គឺចង់សម្អាតសំរាមប្លាស្ទិក និងទាក់ទាញឱ្យប្រជាជនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈកាន់តែច្រើន។ ថ្វីបើគម្រោងនេះមិនអាចរកប្រាក់ចំណេញបានក៏ដោយ ប៉ុន្តែវាជាវិធីដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយសំរាមជាតិជ័របាន។

គួរឱ្យដឹងថាឥណ្ឌូនេស៊ីគឺជាប្រទេសដែលរួមចំណែកដ៏ធំមួយបំពុលបរិស្ថានក្នុងទឹកដោយជាតិប្លាស្ទិក ហើយទន្លេបួនក្នុងចំណោមទន្លេរបស់ប្រទេសនេះ ស្ថិតក្នុងចំណោមទន្លេដែលមានកម្រិតបំពុលខ្លាំងបំផុតក្នុងពិភពលោក។

យ៉ាងណាមិញ ទីក្រុងផ្សេងៗមួយចំនួនក៏កំពុងប្រើប្រព័ន្ធស្រដៀងគ្នានេះដែរ។ នៅក្រុងប៉េកាំងឯណោះវិញ ដបទឹកសុទ្ធអាចប្រើសម្រាប់បង់ថ្លៃសំបុត្ររថភ្លើងក្រោមដីបាន។ រីឯប្រទេសផ្សេងទៀតបាននិងកំពុងប្រើម៉ាស៊ីនទិញសំរាម ដែលអ្នកគ្រាន់តែដាក់សំរាមចូល វានឹងខ្ជាក់លុយចេញឱ្យអ្នកភ្លាមៗ ឬយើងអាចហៅថាជាការទិញអេតចាយសម័យទំនើប៕

ដបទឹកសុទ្ធដែលប្រើរួច សម្រាប់ប្តូរយកសំបុត្រ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]