អង់គ្លេស៖ ស្រ្តីវ័យចំណាស់ជនជាតិអង់គ្លេសម្នាក់ រងការឈឺចាប់ផ្នែកផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ក្រោយលង់ស្រលាញ់ប្រុសក្មេងខុសវ័យគ្នា ដល់ទៅជាង៣០ឆ្នាំ ដូចម្តាយនឹងកូន រហូតខំប្រឹងវេចបង្វេចជិះយន្តហោះឆ្លងប្រទេស មកជួបនឹងគូស្នេហ៍វ័យក្មេង ប៉ុន្តែនៅទីបំផុតបានត្រឹមតែទឹកភ្នែកជូតក្បាលជង្គង់។

អ្នកស្រី Diane និងស្វាមីវ័យក្មេង Priyanjana

ស្រ្តីវ័យចំណាស់ខាងលើនេះ មានឈ្មោះថា Diane De Zoysa អាយុ ៦០ឆ្នាំ បានលង់ស្រលាញ់នឹងបុរសវ័យក្មេង ជាបុគ្គលិកសណ្ឋាគារ អាយុ ២៦ឆ្នាំ លោក Priyanjana De Zoysa ក្រោយបានជួបស្គាល់គ្នាជាលើកដំបូង ក្នុងកំឡុងឆ្នាំ២០១១ ពោលគឺ នៅគ្រាដែលអ្នកស្រី Diane បានមកលេងសម្រាកលំហែកាយក្នុងប្រទេសស្រីលង្កា។

ក្រោយពីទំនាក់ទំនងស្នេហាកាន់តែស៊ីជម្រៅ ទើបនៅទីបំផុតអ្នកស្រី Diane ក៏បានសម្រេចចិត្តចាកចោលស្រុកទេស មកសាងអនាគតលើទឹកដីថ្មី និងថែមទាំងបានរៀបការជាមួយនឹងលោក Privanjana ជាប្តីប្រពន្ធនឹងគ្នាតែម្តង។ 

តាមការរៀបរាប់ពីអ្នកស្រី Diane បានឲ្យដឹងថា ដោយសារតែ ចិត្តស្រលាញ់ងប់ងល់ខ្វះបងមិនបាន អ្នកស្រីក៏បានសម្រេចចិត្តលក់ផ្ទះរបស់ខ្លួន ក្នុងទីក្រុង Musselburgh ប្រទេសអង់គ្លេស ដើម្បីយកប្រាក់មកសាងសង់ផ្ទះក្នុងប្រទេសស្រីលង្កា និងបានទិញកូនឡានមួយគ្រឿងឲ្យប្តីដើម្បីជិះទៅធ្វើការ និងរួមទាំងរបស់របរជាច្រើនផ្សេងទៀតផងដែរ។

អ្នកស្រី Diane ថា លុយរបស់អ្នកស្រីទាំងអម្បាលម៉ាន ដែលបានមកពីការលក់ផ្ទះ និងសន្សំស្ទើរតែពេញមួយជីវិតរបស់អ្នកស្រី បានយកមកចំណាយលើប្តីវ័យក្មេង ក្នុងរយៈពេលរស់នៅជាមួយគ្នានោះ អស់ប្រមាណជាង ៩០ ០០០ផោន (ឬប្រហែលជាង ១១ម៉ឺនដុល្លារអាមេរិក) តែទីបំផុតបានត្រឹមតែភាពខ្លោចផ្សារតែប៉ុណ្ណោះ។

អ្នកស្រី Diane និងស្វាមីវ័យក្មេង Priyanjana

ជាក់ស្តែង ជារឿងដ៏គួរឲ្យស្តោកស្តាយ ស្ថានភាពរបស់អ្នកស្រី Diane ក៏បានចាប់ផ្តើមធ្លាក់ដុនដាប ក្រោយស្វាមីវ័យក្មេង ពោលគឺលោក Priyanjana បានស្លាប់បាត់បង់ជីវិត កាលពីឆ្នាំកន្លងទៅនេះ។

អ្នកស្រី Diane បានបន្តថា ចាប់តាំងពីពេលនោះ អ្នកស្រីរស់នៅយ៉ាងឯកោបំផុត និងត្រូវបានក្រុមគ្រួសារខាងប្តីអ្នកស្រី ចាប់អ្នកស្រីឃុំឃាំងក្នុងផ្ទះ ដោយមិនឲ្យអ្នកស្រីចេញទៅណាឡើយ។ លើសពីនេះ ពួកគេថែមទាំងជំរិតទារលុយពីអ្នកស្រីដែលនៅសេសសល់ បូករួមនឹងប្រាក់សោធននិវត្តន៍ (ឬលុយរឺត្រែត) ។

ក្រោយមកទើបអ្នកស្រី Diane បានភ្លឺភ្នែកនឹងដឹងថា គ្រប់យ៉ាងវាគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ។ ព្រោះទាំងប្តីវ័យក្មេងរបស់អ្នកស្រីដែលបានស្លាប់ទៅនោះ ក៏ពុំមានចិត្តស្រលាញ់ស្ម័គ្រស្មោះលើអ្នកស្រីប៉ុន្មាននោះដែរ ពោលគឺ ទាំងគ្រួសារផ្សំគំនិតបោកប្រាស់ មើលឃើញនិងចង់បានតែលុយរបស់អ្នកស្រីតែប៉ុណ្ណោះ។

ពិសេស ក្រោយប្តីរបស់អ្នកស្រីស្លាប់បាត់ទៀតទៅ ពួកគេរឹតតែនាំគ្នាព្រួតធ្វើបាបអ្នកស្រីតែម្តង។

អ្នកស្រី Diane បានមកដល់ស្រុកកំណើតវិញ

ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី អ្នកស្រី Diane ក៏បានព្យាយាមរកគ្រប់មធ្យោបាយ ដើម្បីរំដោះខ្លួនចេញពីគុកងងឹតក្នុងគ្រួសារខាងប្តី រហូតកាលពីយប់ថ្ងៃអង្គារ សប្តាហ៍មុននេះ អ្នកស្រីក៏បានមកដល់ព្រលានយន្តហោះ Edinburgh Airport ដែលជាស្រុកកំណើតវិញ ក្រោយធ្វើដំណើរលើយន្តហោះអស់ជាង ២០ម៉ោង។

ថ្លែងប្រាប់សារព័ត៌មាន Daily Record អ្នកស្រី Diane បាននិយាយថា អ្នកស្រីពិតជាមិនអាចរស់នៅទីនោះ (ប្រទេសស្រីលង្កា) បានតទៅទៀតនោះទេ។ អ្នកស្រីពិតជាមានអារម្មណ៍ថា ខ្លួនឯងល្ងង់ ខឹងចិត្ត និងតូចចិត្តយ៉ាងខ្លាំង ដែលមិនព្រមស្តាប់សម្ដីសាច់ញាតិ និងមិត្តភក្តិរបស់អ្នកស្រី ដែលធ្លាប់ប្រាប់ថា គេស្រលាញ់យើងដើម្បីតែលុយតែប៉ុណ្ណោះ។

«ខ្ញុំគិតថាគាត់ស្រលាញ់ខ្ញុំ (លោក Priyanjana) ប៉ុន្តែធាតុពិតគាត់មិនបានស្រលាញ់ខ្ញុំនោះទេ។ គ្រួសារប្តីរបស់ខ្ញុំ យកខ្ញុំទៅឃុំឃាំងក្នុងផ្ទះ។ ខ្ញុំមិនអាចចេញទៅណាបានទេ» អ្នកស្រី Diana និយាយ។

អតីតសមាជិកក្រុមប្រឹក្សាភិបាល អ្នកស្រី Diana បានរៀបរាប់បន្តឲ្យដឹងទៀតថា ក្រោយមកអ្នកស្រីក៏ព្យាយាមគេចចេញពីផ្ទះគ្រួសារខាងប្តី និងបានសុំផ្ទះមិត្តភក្តិដែលស្គាល់គ្នាស្នាក់នៅ។

អ្នកស្រីថា បើពឹងផ្អែកលើប្រាក់សោធននិវត្តន៍របស់អ្នកស្រី គឺពុំអាចទៅរួចចិញ្ចឹមខ្លួនឯងបាននោះទេ ម្យ៉ាងថែមទាំងជំពាក់បំណុលគេច្រើនទៀត ទើបអ្នកស្រីបានព្យាយាមទាក់ទងខាងក្រុមប្រឹក្សាភិបាលក្នុងតំបន់ និងមេធាវីម្នាក់ ដើម្បីឲ្យជួយអ្នកស្រីជុំវិញនឹងរឿងរ៉ាវទាំងអស់នេះ ដើម្បីទាមទារយកទ្រព្យសម្បត្តិរបស់អ្នកស្រីមួយចំនួនត្រលប់មកវិញផងដែរ។

អ្នកស្រី Diane និងស្វាមីវ័យក្មេង Priyanjana

អ្នកស្រីថា អ្នកស្រីក៏មានការសង្ស័យទៅលើប្តីវ័យក្មេង ថាលួចលាក់មានប្រពន្ធទី២ផងដែរ ព្រោះក្រោយការស្លាប់របស់ប្តី អ្នកស្រីក៏បានរកឃើញក្រដាសស្នាមមួយចំនួន ដែលបញ្ជាក់ពីទ្រព្យកម្មសិទ្ធផ្ទាល់ខ្លួន ទាំងគ្មានចំណែកអ្នកស្រី។ អ្នកស្រីពិតជាឆ្អែតចិត្តគ្រប់យ៉ាងនូវអ្វីដែលបានកើតឡើងកន្លងមកនេះ។

អ្នកស្រី Diane បន្តថា ពីមុនមកសាច់ញាតិ និងមិត្តភក្តិរបស់អ្នកស្រីជាច្រើន បានផ្តល់ដំបូន្មាននិងព្រួយបារម្ភជាខ្លាំង នៅពេលដែលគ្រប់គ្នាដឹងថា អ្នកស្រីមានទំនាក់ទំនងជាមួយនឹងលោក Priyanjana និងឲ្យអ្នកស្រីគិតឡើងវិញ ប៉ុន្តែទោះយ៉ាងណា ដោយក្តីស្រលាញ់ងប់ងល់ ទើបអ្នកស្រីព្យាយាមជម្នះរាល់ការគិតរបស់អ្នកគ្រប់គ្នា នឹងចង់ឲ្យគ្រប់គ្នាដឹងវិញថា អ្វីៗវាមិនមែនដូចដែលពួកគេគិតនោះទេ។

តែផ្ទុយទៅវិញ ការពិតវាពិតជាកើតឡើងមែន ដែលធ្វើឲ្យអ្នកស្រីឈឺចាប់ក្នុងជីវិតសឹងមិនអាចបំភ្លេចបាននេះ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងការស្លាប់របស់ប្តីវ័យក្មេង លោក Priyanjana អ្នកស្រី Diana ក៏បានឲ្យដឹងផងដែរថា មានមនុស្សប៉ុនប៉ងសម្លាប់លោក Priyanjana ជាច្រើនលើកច្រើនសា ៣ដងមកហើយ ក្នុងកំឡុងខែមេសា ឆ្នាំមុន។ ហើយអ្នកស្រីក៏ជឿជាក់ដែរថា ក្រុមជនល្មើសដែលបានបាញ់សម្លាប់ប្តីរបស់អ្នកស្រី គឺជាពួកដែលគំរាមនិងជំរិតទារប្រាក់ពី Priyanjana ។

មិត្តភក្តិលោក Priyanjana បានប្រាប់អ្នកស្រីដែរថា ដោយសារតែមានអ្នកខ្លះគេច្រណែននឹងភាពមានបានរបស់ Priyanjana ដែលមានផ្ទះល្អស្អាតរស់នៅ មានឡានជិះ មានម៉ូតូកង់បីជិះ (Tuk-Tuk) ទើបពួកវាធ្វើបែបនេះ។ ពួកនោះបានជំរិតទារប្រាក់ពីប្តីរបស់អ្នកស្រី ប៉ុន្តែប្តីរបស់អ្នកស្រីបានឲ្យពួកវាតិចពេក ទើបពួកនោះតាមប្រមាញ់លោក Priyanjana និងបាញ់សម្លាប់តែម្តង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

អ្នកស្រី Diane
អ្នកស្រី Diane និងស្វាមីវ័យក្មេង Priyanjana
អ្នកស្រី Diane និងស្វាមីវ័យក្មេង Priyanjana
រូបថតរៀបការរបស់អ្នកស្រី Diane និងលោក Priyanjana
អ្នកស្រី Diane បានមកដល់ស្រុកកំណើតវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]