ចិន៖ ក្មេងប្រុសដ៏កំសត់ និងគួរឲ្យអាណិតម្នាក់ កើតមានជំងឺមហារីក ខំប្រឹងតស៊ូត្រដរទៅរៀន ប៉ុន្តែបែរជាត្រូវគ្រូរបស់គេខ្ពើមរអើម និងរើសអើង រហូតដល់ថ្នាក់ដាក់តុឲ្យអង្គុយតែម្នាក់ឯងឆ្ងាយពីគេក្នុងថ្នាក់រៀន ព្រោះតែខ្លាចឆ្លងរោគ ទីបំផុតគ្រូបង្រៀនរូបនោះរងការរិះគន់យ៉ាងចាស់ដៃ និងសម្រេចព្យួរពីការងារ។

បើយោងតាមប្រភពសារព័ត៌មាន ក្មេងប្រុសខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Xiaozhou មានអាយុ ១៣ឆ្នាំ បានធ្វើរោគវិនិច្ឆ័យដោយរកឃើញថា កើតមានជំងឺមហារីកកូនកណ្ដុរ។

ក្មេងប្រុស Xiaozhou ត្រូវបានគេដឹងថា ទើបតែផ្លាស់មករៀននៅសាលាបឋមសិក្សា Liancheng Primary School ក្នុងទីក្រុង Quanzhou ភាគខាងត្បូងខេត្ត Fujian ប្រទេសចិន ដើម្បីបាននៅក្បែរឪពុកម្តាយរបស់គេ និងព្យាបាលជំងឺដោយប្រើប្រាស់ថ្នាំគីមី។

មិត្តរួមថ្នាក់របស់ក្មេងប្រុស Xiaozhou

ឪពុករបស់ Xiaozhou លោក Zhou Xiongying បានសម្ដែងការមិនពេញចិត្ត និងចោទប្រកាន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ចំពោះទង្វើគ្រូបែបនេះ ដែលបានធ្វើមកលើកូនប្រុសខ្លួន ក្រោយ Xiaozhou បានពន្យល់ប្រាប់លោក ពីមូលហេតុដែលរូបគេមិនទទួលបានពិន្ទុ សម្រាប់ការប្រលងពាក់កណ្តាលត្រីមាស (Midterm) ។

តាមការឲ្យដឹងពីក្មេងប្រុស Xiaozhou បានរៀបរាប់ប្រាប់ថា គ្រូរបស់គេមានឈ្មោះ Zhou បានហាមប្រាមគេមិនឲ្យទៅអង្គុយជាមួយនឹងមិត្តភក្តិដទៃនៅក្នុងថ្នាក់រៀន និងថែមទាំងមិនឲ្យរូបគេប្រលងទៀត ព្រោះតែលោកគ្រូរបស់គេគិតថា គេអាចជាមេរោគចម្លងជំងឺអាក្រក់ដល់គ្រប់គ្នាក្នុងថ្នាក់។ Xiaozhou ថា រូបគេខកខានមិនបានប្រលង អស់៣លើកហើយ។

ជាក់ស្តែង តាមរយៈរូបភាពដែលត្រូវបានគេថត និងបង្ហោះចែកចាយលើបណ្តាញសង្គម គឺពិតជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ដែលកុមារា Xiaozhou ត្រូវបានគ្រូរបស់គេដាក់តុមួយឲ្យអង្គុយឃ្លាតឆ្ងាយ (ក្រោយគេបង្អស់) ពីមិត្តរួមថ្នាក់។

ក្មេងប្រុស Xiaozhou

ឪពុករបស់កុមារា Xiaozhou បានលើកឡើងទៀតថា កូនប្រុសរបស់លោកពុំបាននិយាយអ្វីច្រើនប្រាប់លោក ជុំវិញនឹងករណីដែលគ្រូធ្វើបាបដល់រូបគេនោះទេ ព្រោះតែគេមិនចង់ឲ្យគ្រួសារពិបាកចិត្ត ឬព្រួយបារម្ភនឹងគេ។ ប៉ុន្តែទង្វើបែបនេះ វាគឺពិតជាអយុត្តិធម៌បំផុតសម្រាប់កូនប្រុសរបស់លោក។

គួរឲ្យដឹងថា កុមារា Xiaozhou បានធ្វើរោគវិនិច្ឆ័យកើតមានជំងឺមហារីកកូនកណ្ដុរនេះ តាំងពី១ឆ្នាំមុនមកម៉្លេះ ប៉ុន្តែទោះបីជាយ៉ាងណា ដោយសារតែ ទទួលបានការព្យាបាលដោយប្រើគីមី ទើបជួយឲ្យ Xiaozhou មិនមានអ្វីជាបញ្ហាចោទ ទទួលបានសុខភាពល្អជាធម្មតា។

ក្មេងប្រុស Xiaozhou

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ Fujian Huian Education Ministry ក៏បានសម្រេចដកហូតតំណែង និងព្យួរការងារ គ្រូបង្រៀនប្រុសខាងលើនេះ ដែលមានតួនាទីជា នាយករង និងជាគ្រូបង្រៀនផងដែរនោះ ក្រោយបើកការស៊ើបអង្កេត និងរកឃើញថាពិតជាបានប្រព្រឹត្តនូវកំហុសឆ្គងអស់ទាំងនេះយ៉ាងពិតប្រាកដមែន។

មិត្តរួមថ្នាក់របស់ក្មេងប្រុស Xiaozhou

អ្នកលេងបណ្តាញសង្គមជាច្រើន បានរិះគន់ទៅលើសកម្មភាពគ្រូបង្រៀនខាងលើនេះ ដោយអ្នកខ្លះថា គាត់មិនសាកសមធ្វើជាគ្រូបង្រៀននោះទេ ព្រោះតែគាត់ជាមនុស្សដែលពុំមានព្រហ្មវិហារធម៌ដល់សិស្ស។

ឯអ្នកខ្លះទៀត ក៏បានសម្ដែងក្តីអាណិតអាសូរដល់កុមារា Xiaozhou ថា «គេពិតជាក្មេងដ៏គួរឲ្យអាណិតមែន! គេមិនត្រឹមតែឆ្លងកាត់ការលំបាកនៃជំងឺមហារីក និងការព្យាបាលដោយប្រើគីមីទេ តែគេថែមទាំងរងការរើសអើងបែបនេះទៀត។ ពិតជាមានអារម្មណ៍ថាក្រៀមក្រំមែន!» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

សាលាបឋមសិក្សា Liancheng Primary School

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]