តាមរយៈល្បឿនជឿនលឿននៃវិស័យវេជ្ជសាស្ត្របច្ចុប្បន្ន ធ្វើឱ្យការផ្លាស់ប្តូរសរីរាង្គគ្រឿងក្នុងនៃរាងកាយ អាចអនុវត្តនិងទទួលបានលទ្ធផលជោគជ័យ។ មនុស្សរាប់រយពាន់នាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ក្នុងករណីទាមទារឱ្យមានការផ្លាស់ប្តូរគ្រឿងក្នុង បាននិងកំពុងទទួលយកការព្យាបាលដ៏គ្រោះថ្នាក់នេះ។

ទោះបីភាគរយជោគជ័យខ្ពស់ក៏ដោយ ឧបសគ្គក្នុងពេលជាមួយគ្នានោះក៏មានផងដែរ។ ក្នុងចំណោមផលលំបាកទាំងអស់ ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរាងកាយជាមួយកោសិកានៃសរីរាង្គដែលបានដាក់បញ្ចូលថ្មី គឺអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើរាងកាយ ជាពិសេសអាចនាំទុក្ខលំបាកដល់អាយុជីវិតថែមទៀត។

ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរាងកាយនៅពេលផ្លាស់ប្តូរសរីរាង្គ កើតឡើងនៅពេលកោសិកានៃសរីរាង្គសម្រាប់ផ្លាស់ប្តូរស្ថិតក្នុងក្រុមនៃប្រភេទកោសិកាផ្សេងគ្នា នៃប្រភេទកោសិកាថ្មីដែលពុំធ្លាប់មានពីមុនមក។ ជាហេតុនាំឲ្យប្រព័ន្ធការពារយើង ត្រូវបានភ្ញោចដោយគិតថាមានកោសិកាសត្រូវឈ្លានពាន។ ជាលទ្ធផលវាអាចធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធខ្លួនប្រាណទាំងឡាយ និងករណីធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតថែមទៀត។

តែថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសអ៊ីស្រាអែល បានបង្កើតបច្ចេកវិទ្យាដ៏ទំនើបមួយ អាចប្រើប្រាស់កោសិការបស់អ្នកជំងឺយកទៅផលិតសរីរាង្គផ្សេងៗជាច្រើន ហើយប្រើប្រាស់ត្រូវជាមួយអ្នកជំងឺខ្លួនឯងហ្នឹងតែម្តង ដោយពុំមានប្រតិកម្មឆ្លើយតបពីប្រព័ន្ធភាពស៊ាំរាងកាយឡើយ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tel Aviv នៃប្រទេសអ៊ីស្រាអែល បានប្រើប្រាស់កោសិកាខ្លាញ់របស់អ្នកជំងឺតាមរយៈ Biopsy (ការកាត់យកកោសិកាមួយដុំសម្រាប់ប្រើប្រាស់ក្នុងគោលដៅផ្សេងៗ) ហើយបំលែងវាជាកោសិកាដើម (Stem cell) សម្រាប់ផលិតសរីរាង្គផ្សេងៗ រាប់តាំងពីសរីរាង្គបេះដូង ឆ្អឹងខ្នង ឆ្អឹងក និងសរីរាង្គជាច្រើនថែមទៀត ដែលអាចប្រើប្រាស់ដំណើរការដូចសរីរាង្គដើមរបស់យើងអីចឹង។

ពួកគេបានធ្វើតេស្តសាកល្បងក្នុងមន្ទីរពិសោធន៍លើសត្វកណ្តុរ និងសាកល្បងគ្លីនិតចំពោះអ្នកជំងឺផ្ទាល់ ហើយជាលទ្ធផលគេឃើញថា សកម្មភាពនៃប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំរាងកាយមានតិចតួចខ្លាំងមែនទែន។

ការប្រើប្រាស់បច្ចេកវិទ្យាមួយនេះសម្រាប់ផលិតសរីរាង្គ គឺជារបកគំហើញមួយដ៏សំខាន់ខ្លាំងសម្រាប់ដោះស្រាយបញ្ហានៅក្នុងវិស័យសុខាភិបាល៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]