ភ្នំពេញ៖ អតិថិជនមិត្តហ្វូនទាំងអស់នឹងជិតបានប្រើប្រាស់ eSIM ហើយ ដែលជាបច្ចេកវិទ្យាអេឡិចត្រូនិចថ្មី ដែលមាននៅក្នុងទូរស័ព្ទទំនើបសេរីចុងក្រោយបំផុត ដូចជា iPhone XS ដែលទើបតែចេញលក់។ eSIM ដំបូងនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយបណ្តាញក្រុមហ៊ុនទូរស័ព្ទចល័តមិត្តហ្វូននៅដើមឆ្នាំ២០១៩ខាងមុខនេះ។

តាមនិន្នាការបច្ចេកវិទ្យា ជាពិសេសជាមួយការផ្សព្វផ្សាយទូរស័ព្ទ iPhone ថ្មីរបស់ក្រុមហ៊ុន Apple មិត្តហ្វូនបានខិតខំយ៉ាងខ្លាំងដើម្បីក្លាយជាក្រុមហ៊ុនទូរស័ព្ទដំបូងគេនៅកម្ពុជាដើម្បីដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា eSIM។ នេះបើតាមពត៌មានដែលបានប្រាប់ឱ្យដឹងដោយតំណាងរបស់ក្រុមហ៊ុនមិត្តហ្វូន។

eSIM (ដែលត្រូវបានគេស្គាល់ជា SIM អេឡិចត្រូនិច) គឺជាការជំនួសដ៏ល្អសម្រាប់ស៊ីមកាតធម្មតា ដែលបានប្រើជាច្រើនទសវត្សរ៍មកហើយ ហើយត្រូវបានគេចាត់ទុកផងដែរថាជាជំហ៊ានបន្ទាប់ក្នុងការអភិវឌ្ឍន៍លើវិស័យទូរគមនាគមន៍។ eSIM មានអត្ថប្រយោជន៍ល្អច្រើនដូចជា មិនងាយខូច និងមិនងាយបាត់ដូចស៊ីមកាតធម្មតាទេ ហើយអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរបណ្តាញតាមចិត្ត ដោយមិនចាំបាច់ផ្លាស់ប្តូរស៊ីមកាតឡើយ។  

eSIM

សម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទខ្លះ បានប្រើ eSIM ដើម្បីអាចជួយឱ្យពួកគេចំនេញទំហំនៅក្នុងទូរស័ព្ទ។ វាមានសារៈសំខាន់ជាពិសេសចំពោះឧបករណ៍ទំហំតូចដូចជា នាឡិកាឆ្លាតវៃជាដើម (smart watches)។

ដើម្បីបំពេញតំរូវការរបស់អ្នកប្រើប្រាស់ មិត្តហ្វូនគ្រោងនឹងដាក់ឱ្យប្រើប្រាស់ eSIM នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ លោក ញ៉ុង ឌិនថន អគ្គនាយករងរបស់ក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ 

«យើងខ្ញុំនៅ Metfone បានបំពេញលក្ខខណ្ឌទាំងអស់រួចរាល់ហើយ ដើម្បីដាក់ឱ្យប្រើប្រាស់ eSIM។ យើងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ eSIM ជាផ្លូវការនៅចុងឆ្នាំ ២០១៨ ឬដើមឆ្នាំ ២០១៩ យ៉ាងយូរបំផុត។ ដូច្នេះអ្នកប្រើប្រាស់ដែលចង់ប្រើប្រាស់បច្ចេកវិទ្យានេះគ្រាន់តែត្រូវរង់ចាំរយៈពេលដ៏ខ្លីប៉ុណ្ណោះ»។

ដោយស្គាល់ជាប្រតិបត្តិករឈានមុខគេ "ដើម្បីប្រជាជន និងដើម្បីសង្គម" ព្រមជាមួយនិងទស្សនៈវិស័យ "អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់" ថ្មីៗនេះមិត្តហ្វូនបានវិនិយោគលើផលិតផលថ្មីៗជាច្រើនរួមមាន បច្ចេកវិទ្យា eSIM និងផលិតផលឧស្សាហកម្មជំនាន់ទី៤ដទៃទៀត (Industry 4.0)។ មិត្តហ្វូននៅតែរក្សាសន្យា និងគោលជំហរក្នុងការនាំមកនូវជីវិតបែបទាន់សម័យសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។

បច្ចុប្បន្នបច្ចេកវិទ្យាមួយនេះអាចប្រើប្រាស់បាន ដោយប្រតិបត្តិករតែមួយចំនួនប៉ុណ្ណោះ ក្នុងចំណោម ១០​ ប្រទេសទូទាំងពិភពលោក ហើយភាគច្រើនគឺជាប្រទេសអភិវឌ្ឍន៍ ប្រសិនមិត្តហ្វូនជោគជ័យក្នុងការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យានេះ វាជាសមិទ្ធផលដ៏ធំអស្ចារ្យនៃវិស័យ ICT របស់កម្ពុជា។

ការចាប់អារម្មណ៍ និងតម្រូវការ eSIM បានកើតឡើងភ្លាមបន្ទាប់ពីការប្រកាសលក់ទូរស័ព្ទ iPhone XS និង iPhone XS Max របស់ក្រុមហ៊ុន Apple កាលពីពេលកន្លងទៅ។ ទូរស័ព្ទ iPhone ម៉ូដែលថ្មីប្រើបានស៊ីមកាតពីរ តែស៊ីមមួយក្នុងចំណោមស៊ីមពីរ គឺផ្អែកលើបច្ចេកវិទ្យា eSIM និងមិនអាចប្រើបាននៅក្នុងប្រទេសកម្ពុជាទេ។ ក្រុមហ៊ុន Apple មានទូរស័ព្ទម៉ូដែល iPhone XS Max ប្រើប្រាស់ស៊ីមពីរ មានលក់តែនៅក្នុងទីផ្សារមួយចំនួនដូចជា ចិន ហុងកុង ឬ ម៉ាកាវតែប៉ុណ្ណោះ៕

eSIM

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]