ក្រុងឡុងដ៍៖ ហេតុការណ៍វាយតប់គ្នាដ៏គួរឱ្យតក់ស្លុតមួយបានកើតឡើង រវាងប៉ូលិសនិងក្រុមយុវជនបងធំពីរនាក់នៅលើវិថីមួយកន្លែង ក្នុងខណ្ឌក្រយដុង ភាគខាងត្បូងនៃក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមសារព័ត៌មាន dailymail របស់ចក្រភពអង់គ្លេស។

សមាជិកក្រុមបងធំម្នាក់ហក់ធាក់ប៉ូលិស

អ្វីដែលគួរឱ្យហួសចិត្តនោះគឺ ពុំមានអ្នកណាចេញមកជួយប៉ូលិសឡើយ ថ្វីបើជនល្មើសទាំងពីរគ្មានអាវុធនៅនឹងដៃក៏ដោយ ផ្ទុយទៅវិញសាក្សីដែលជាអ្នកថតវីដេអូនេះបែរជាអង្គុយក្នុងឡាន ខណៈកំពុងចាក់ភ្លេងស្តាប់ទាំងសើចធ្វើមិនដឹងទៅវិញ។ មិនត្រឹមប៉ុណ្ណោះ គេឃើញមានអ្នកដើរកាត់ជាច្រើននាក់ ព្រមទាំងឡានក្រុងបើកមកក្បែរនោះផងដែរ ប៉ុន្តែពួកគេបែរជាដើរនិងជិះទៅផុតដោយមិនឈប់ដើម្បីជួយអន្តរាគមន៍អ្វីសោះ។ 

អ្នកថតអង្គុយធ្វើមិនដឹង

លុះដល់មួយសន្ទុះក្រោយមក ទើបមានអ្នកជិះម៉ូតូដ៏ក្លាហានម្នាក់ចុះមកជួយ រហូតធ្វើឱ្យប៉ូលិសអាចចាប់ជនល្មើសម្នាក់បានសម្រេច។ ទោះយ៉ាងណា គេមិនទាន់ដឹងច្បាស់ថាក្រុមបងធំពីរនាក់នេះ បានប្រព្រឹត្តបទល្មើសអ្វីនៅឡើយទេ។

ក្រោយបង្ហោះវីដេអូក្នុងបណ្តាញសង្គមធ្វីតទ័ររួច គេឃើញមានប្រតិកម្មចម្រុះតែម្តង ដោយអ្នកខ្លះយល់ថាជារឿងល្អសើច ខណៈខ្លះទៀតបានរិះគន់ខ្លាំងៗចំពោះសាក្សីទាំងប៉ុន្មានដែលមិនទៅជួយអន្តរាគមន៍។  

អ្នកជិះម៉ូតូមកជួយ មួយសន្ទុះក្រោយមក

គួរឱ្យដឹងថា មួយរយៈចុងក្រោយនេះ ករណីចាក់នឹងកាំបិត និងបាញ់សម្លាប់បានកើតឡើងពាសពេញក្រុងឡុងដ៍តែម្តង ហើយការចាក់សម្លាប់ចុងក្រោយបំផុតបានកើតឡើងនៅខណ្ឌផិកខាំ ភាគអាគ្នេយ៍នៃក្រុងឡុងដ៍ ដែលធ្វើឱ្យមន្ត្រីសោធននិវត្តអាយុ ៧៥ ឆ្នាំម្នាក់ឈ្មោះ Maureen Watkins បានស្លាប់ ហើយកូនប្រុសរបស់គាត់ Edward Watkins អាយុ ៥៥ ឆ្នាំ ត្រូវបានចោទពីបទមនុស្សឃាត៕

អ្នកជិះម៉ូតូមកជួយ រហូតចាប់ជនល្មើសបាន

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]