ភ្នែកជាសរីរាង្គចក្ខុវិញ្ញាណមួយដ៏សំខាន់ខ្លាំង។ គ្មាននរណាគេម្នាក់ចង់ឲ្យវាបាត់បង់ឡើយ។ វាជាអ្នកចាប់យករូបភាពពីពិភពលោកខាងក្រៅ ដើម្បីឲ្យខួរក្បាលយើងបកប្រែ និងឲ្យយើងដឹងយល់អំពីបរិស្ថាននៅជុំវិញយើង។  ទោះបីសំខាន់យ៉ាងណា មនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់លើសុខភាពនិងអាការនៃភ្នែកនោះទេ។ ទើបលទ្ធផលហានិភ័យនៃការជួបបញ្ហាជំងឺភ្នែកកើនឡើងពេលអាយុកាន់តែច្រើន និង សុខភាពថយចុះ។

ដូច្នេះការបង្ការជាមុនទើបកាន់តែប្រសើរ ដោយយល់ដឹងនូវសញ្ញាងាយៗទាំង៥ខាងក្រោម៖

១. ផ្ទៃសរបស់ភ្នែកឡើងពណ៌លឿង

ភាគច្រើនអាការនេះ បណ្តាលមកពីការស្ទះបំពង់ទឹកប្រម៉ាត់ ហើយធ្វើឲ្យសារធាតុ Bilirubin  បញ្ចេញមកពីសរីរាង្គថ្លើម ច្រាលចេញតាមកោសិកាស្បែក និងភ្នែក។  បើលោកអ្នកសុខៗឃើញភ្នែកឡើងពណ៌លឿង សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតដើម្បីទទួលការព្យាបាល ព្រោះការស្ទះបំពង់ប្រម៉ាត់ អាចបណ្តាលមកពីជំងឺថ្លើមផងដែរ។

រូបតំណាង

២. ភ្នែកស្ងួត និង រមាស់

ភ្នែករមាស់យូរ និងខ្លាំង ភាគច្រើនអាចបណ្តាលមកពីអាឡែកស៊ីជាមួយនឹងកំទេចកំទីក្នុងបរិយាកាស ឬដោយសារមេរោគចូលតាមរយៈដៃកខ្វក់ប៉ះភ្នែក  ការប្រើប្រាស់ថ្នាំមួយចំនួន ឬការប្រើប្រាស់ឡែន(Contact Lenses)។ រីឯអាការភ្នែកស្ងួតភាគច្រើន បណ្តាលមកពីការសម្លឹងនិងប្រើប្រាស់កែវភ្នែកច្រើនម៉ោងយូរពេកធ្វើឲ្យបាត់បង់ជាតិទឹកក្នុងកែវភ្នែក។

ដូច្នេះការប្រើប្រាស់ថ្នាំបន្តក់ដាក់ភ្នែកជាប្រចាំ នឹងជួយសម្រួលដល់អាការនេះបានយ៉ាងច្រើន។

រូបតំណាង

៣. ព្រិចភ្នែកញាប់

ការព្រិចភ្នែកជាមេកានិចដែលភ្នែករបស់យើងប្រើប្រាស់ ដើម្បីជួយឲ្យកែវភ្នែកមានភាពសំណើម តាមរយៈការសាយភាយទឹកភ្នែកដែលបញ្ចេញតាមរយៈក្រពេញទឹកភ្នែក។ កាលដែលភ្នែករបស់លោកអ្នកព្រិចខ្លាំង អាចបណ្តាលមកពីការប្រើកែវភ្នែកសម្លឹងយូរម៉ោង ដែលធ្វើឲ្យវាស្ងួតនិងហត់សាច់ដុំភ្នែក។ លើសពីនេះការពិសាកាហ្វេច្រើនពេកក៏អាចបណ្តាលឲ្យភ្នែកព្រិចញាប់ដោយមិនខ្លួនផងដែរ។

ដូច្នេះការសម្រាកបិទភ្នែកឲ្យបានច្រើន ការប្រើប្រាស់ថ្នាំបន្តក់ភ្នែក និងការកាត់បន្ថយកាហ្វេមួយរយៈនឹងជួយឲ្យអាការនេះប្រសើរជាងមុនមិនខាន។

រូបតំណាង

៤. មានអារម្មណ៍ដូចរលាកភ្នែក

ដូចគ្នាផងដែរ អាការនៃការរលាកភ្នែកបង្កមកពីដើមហេតុមិនខុសគ្នាពីអាការស្ងួតភ្នែកប៉ុន្មានឡើយ។ ភាគច្រើនវាអាចបណ្តាលមកពីការប្រើប្រាស់ភ្នែកច្រើនពេក ធ្វើឲ្យសាច់ភ្នែករោយ និងធ្វើឲ្យកែវភ្នែកស្ងួត ហើយវាក៏អាចបង្កមកពីកត្តាផ្សេងទៀតផងដែរ ដូចជាក្តៅខ្លួន ធូលី និងផ្សែងក្នុងបរិយាកាសជាដើម។ កត្តាទាំងអស់នេះសុទ្ធតែចូលរួមចំណែកធ្វើឲ្យភ្នែករបស់លោកអ្នកមានអារម្មណ៍ដូចជារលាក។

ដូច្នេះដំណោះស្រាយដ៏ល្អបំផុត គឺបិតកែវភ្នែកសម្រាក និងបន្តក់ថ្នាំដាក់ភ្នែកកាន់តែប្រសើរ។ 

រូបតំណាង

៥. ផ្ទៃពណ៌សរបស់ភ្នែកឡើងក្រហម

ភាគច្រើនភ្នែកឡើងក្រហម អាចបណ្តាលមកពីសរសៃឈាមរីកធំ ដោយសារកត្តាមួយចំនួនដូចជា អាឡែកស៊ី បាក់តេរី ភ្នែកស្ងួត និងរមាស់ ជាដើម។

ភាគច្រើន អាការនេះងាយបាត់ទៅវិញដោយខ្លួនឯងត្រឹម ១ទៅ២ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ បើវាកាន់តែធ្ងន់ធ្ងរ ដូចជាក្រហមខ្លាំងជាងមុន និងមិនបាត់ទៅវិញក្នុងចន្លោះ ៥ទៅ៧ថ្ងៃទេនោះ លោកអ្នកគប្បីប្រញាប់ស្វះស្វែងជួបគ្រូពេទ្យជំនាញភ្នែក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]