(ភ្នំពេញ)៖ ទោះបីជាទស្សនិកជនបានដឹងថា តារាចម្រៀងស្រីជួរមុខ ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា មានស្វាមីរួមហើយក៏ពិតមែន តែនាងនៅតែបន្តលាក់បាំង ហាក់មិនហ៊ានបង្ហាញការពិតប្រាប់រឿងនេះ ជាសាធារណៈដល់ទស្សនិកជនឡើយ។ ទន្ទឹមនឹងគ្នានេះ រាល់ការចេញទៅចម្រៀង តាមការប្រគំតន្រ្តីនានា មិនថានៅក្នុងស្រុក ឬបរទេសនោះទេ គេតែងតែឃើញស្វាមីនាង គឺលោក អ៊ឹត រ៉ាដា រួមដំណើរជានិច្ច ប្រៀបបាននឹងអង្គរក្សតាមការងារបេះដូងអ៊ីចឹងដែរ។ ទោះគេគ្រប់គ្នាបានដឹងឮបែបនេះក្តី តែសម្រាប់សាមីខ្លួន អ្នកនាង មាស សុខសោភា ផ្ទាល់ នៅតែមិនហ៊ានហារមាត់ទទួលស្គាល់ ឬនិយាយប្រាប់រឿងស្នេហាផ្ទាល់ខ្លួន ដល់មហាជនឲ្យបានដឹងឡើយ ខណៈនាងនៅតែប្រកាន់ជំហរថា នេះជារឿងឯកជន ទុកឲ្យទស្សនិកជនតាមដានបន្ត និងដឹងដោយខ្លួនឯង។

តារាចម្រៀងសំនៀងក្រអួនក្រអៅ មាស សុខសោភា បានលើកឡើងតាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ តាមទូរស័ព្ទជាមួយភ្នាក់ងារ Fresh News និង Khmer Talking ទាក់ទងនឹងបច្ចុប្បន្នភាពរបស់នាង ទាំងការងារសិល្បៈ និងរឿងស្នេហាថា ពាក់ព័ន្ធនឹងជីវិតគ្រួសារជាមួយស្វាមី គឺនាងចាត់ទុកថា ជារឿងឯកជន ដូច្នេះនាងមិននិយាយអ្វីច្រើន ក្រៅពីការងារនោះទេ។ អ្វីដែលសំខាន់ចង់ឲ្យទស្សនិកជនតាមដានបន្ត និងដឹងដោយខ្លួនឯងល្អជាង។

ការលើកឡើងខាងលើរបស់ មាស សុខសោភា បានធ្វើឲ្យទស្សនិកជន ដែលធ្លាប់គាំទ្រនាងកន្លងមក មានការខកចិត្តជាខ្លាំង ព្រោះអ្វីដែលពួកគេចង់ដឹង ទន្ទឹងរងចាំការបកស្រាយពីនាង បែរជាត្រូវបានតារារូបនេះមិនបរិយាយទៅវិញ ខណៈជីវិតសិល្បៈការរីកចម្រើនមានភាពល្បីល្បាញទាំងនោះ បានមកពីការគាំទ្ររបស់ទស្សនិកជន និងរាល់បទចម្រៀងនានា ដែលជាស្នាដៃរបស់នាង ពួកគេបានស្តាប់ និងគាំទ្រជានិច្ច។ ប៉ុន្តែងាកមកមើលរឿងស្នេហាវិញ បែរជាលាក់បាំង ហាក់បីដូចជាភ្លេចគិតថា ខ្លួនឯងជាបុគ្គលសាធារណៈ និងឲ្យពួកគេបន្តតាមដាន ដូចរឿងភាគ ដោយគ្មានការបកស្រាយ។ មាស សុខសោភា ហាក់ឲ្យមហាជនតាមដានរហូតគ្មានថ្ងៃបញ្ចប់ ខណៈរាល់ព័ត៌មាននានា ដែលនិយាយពីនាងរឿងស្វាមីប្តីប្រពន្ធរូបនោះ ហាក់ចេញផ្សាយជាបន្តបន្ទាប់ តែមិនដែលឃើញសាមីខ្លួនចេញមុខបកស្រាយ បើនិយាយឲ្យចំ នៅតែបន្តលាក់បាំង និងឲ្យទស្សនិកជនដឹង ក្នុងភាពមិនច្បាស់លាស់។

ទោះយ៉ាងណាក្តី តារាស្រី មាស សុខសោភា ត្រូវបានគេសង្កេតឃើញថា នាងនៅតែមានការគាំទ្រច្រើនពីទស្សនិកជន ទាំងក្នុង និងក្រៅប្រទេស បច្ចុប្បន្ននាងបានធ្វើជាគណៈកម្មការ ក្នុងកម្មវិធី «ស្នាដៃកូនខ្មែរសម្រាប់ មាស សុខសោភា» ទៀតផង ដោយគោលបំណងនៃកម្មវិធីប្រកួតប្រជែងមួយនេះ បានបើកទទួលស្វាគមន៍ស្នាដៃ តែងនិពន្ធគ្រប់ទម្រង់នៃបទចម្រៀងដែលជាបទចម្រៀងថ្មីមិនចម្លងពីបរទេស ដើម្បីលើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែរ ក៏ដូចជាផ្តល់ឱកាសឲ្យអ្នកនិពន្ធខ្មែរ ដែលមានសមត្ថភាព តែមិនមានឱកាស បានបង្ហាញស្នាដៃរបស់ខ្លួនតាមកម្មវីធី ជាពិសេសគឺតាមរយៈសំឡេងរបស់ មាស សុខសោភា ហើយនេះក៏ជាគោលជំហររបស់ មាស សុខសោភា ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតកម្មវិធីនេះ។

អ្នកនាង មាស សុខសោភា និយាយថា «ក្នុងកម្មវិធីនេះ នាងសង្ឃឹមថា មានទស្សនិកជនគាំទ្រច្រើន ព្រោះបទចម្រៀងសុទ្ធតែបទល្អ និងបេក្ខជន ដែលជាអ្នកនិពន្ធចម្រៀងសុទ្ធតែមានស្នាដៃល្អ និងសមត្ថភាពខ្លាំង។ រូបនាង ផ្ទាល់ជាគណៈកម្មការ មានការរំពឹងថា បទទាំងនោះ នឹងត្រៀមចេញក្នុងឆ្នាំថ្មីខាងមុខនេះ ដើម្បីចែកជូនទស្សនិកជនស្តាប់កម្សាន្ត»៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា